ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយ Western Union ដើម្បីពង្រីកវិសាលភាពសេវាផ្ញើប្រាក់អន្តរជាតិ

ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងពង្រីកវិសាលភាពសេវាផ្ញើប្រាក់អន្តរជាតិរបស់ខ្លួនតាមរយៈកិច្ចសហការជាមួយ Western Union ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ញើប្រាក់ដ៏ល្បីឈ្មោះលំដាប់ពិភពលោក។ សេវាថ្មីនេះកំពុងត្រូវបានផ្តល់ជូនដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងពិភពលោក។ ក្រុមហ៊ុន ទ្រូម៉ាន់នី ឥឡូវនេះកំពុងផ្តល់ជូនសេវាទទួលសាច់ប្រាក់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដោយប្រើប្រាស់សេវាផ្ញើប្រាក់អន្តរជាតិរបស់ក្រុមហ៊ុន Western Union។

ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅនិងធ្វើការនៅក្រៅប្រទេស និងធ្វើដំណើរទៅក្រៅប្រទេស អាចប្រើប្រាស់សេវាផ្ញើប្រាក់ Western Union នៅទូទាំងពិភពលោកដើម្បីផ្ញើប្រាក់មកកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិនៅឯផ្ទះក្នុងប្រទេសកម្ពុជា។ ក្រុមគ្រួសារ និងមិត្តភ័ក្តិខ្មែររបស់ពួកគេឥឡូវនេះអាច «ដកប្រាក់» បញ្ញើនេះនៅភ្នាក់ងារទ្រូម៉ាន់នីដែលចូលរួមបម្រើសេវារបស់ Western Union នេះ។

លោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្ម ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «នេះគឺជាចំណុចជួយឱ្យមានការផ្លាស់ប្តូរពិតប្រាកដមួយ ដោយសារថា ការផ្តល់សេវានេះជាមួយនឹងក្រុមហ៊ុនផ្ញើប្រាក់ដ៏ធំលំដាប់ពិភពលោក នឹងពង្រីកវិសាលភាព និងសេវាកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី នៅទូទាំងពិភពលោក ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់នៅបរទេស មិនថាពួកគេនៅទីកន្លែងណានោះទេ»។

ក្រុមហ៊ុន ទ្រូម៉ាន់នី នឹងដាក់ដំណើរការសេវា Western Union ជាមួយភ្នាក់ងារចំនួន ១ពាន់ភ្នាក់ងារដំបូងចាប់ពីថ្ងៃនេះតទៅ ហើយរំពឹងថានឹងដាក់ដំណើរការសេវានេះជាមួយភ្នាក់ងារ ១ពាន់ភ្នាក់ងារផ្សេងទៀតត្រឹមឆ្នាំ២០២៣។

លោក អ៊ាប បូណារ៉ូ បានបន្ថែមថា៖ «យើងរំពឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនូវការប្រើប្រាស់សេវានេះដោយពលករខ្មែរនៅក្នុងប្រទេសថៃ។ ប៉ុន្តែអ្នកដែលធ្វើដំណើរ និងធ្វើការនៅសហរដ្ឋអាមេរិក អឺរ៉ុប អូស្រ្តាលី កូរ៉េ ជប៉ុន និងទីកន្លែងផ្សេងទៀតនៅជុំវិញពិភពលោក ក៏នឹងអាចទទួលបានប្រយោជន៍ផងដែរពីការដាក់បន្ថែមសេវាថ្មីនេះទៅក្នុងកញ្ចប់សេវាហិរញ្ញវត្ថុរបស់យើងដែរ»។

តាមរយៈការបង្កើតខ្លួនឯងឱ្យក្លាយជាក្រុមហ៊ុនផ្តល់សេវាកាបូបប្រាក់អេឡិចត្រូនិក (E-wallet) ដ៏ពេញនិយមប្រើប្រាស់នៅកម្ពុជា គោលបំណងរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី គឺដើម្បីផ្តល់សេវាដ៏សំខាន់មួយបន្ថែមទៀតដល់អ្នកដែលកំពុងរស់នៅ ធ្វើការ ធ្វើអាជីវកម្ម និងធ្វើដំណើរនៅក្រៅប្រទេស។

លើសពីនេះទៀត ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី ស្ថិតក្នុងតួនាទីដ៏សំខាន់មួយក្នុងការគាំទ្រដល់ពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេស។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្នមានវត្តមាននៅលើទីផ្សារចំនួន៦ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

លោក អ៊ាប បូណារ៉ូ បានឱ្យដឹងទៀតថា៖ «យើងចង់ធ្វើឱ្យការផ្ញើប្រាក់ទៅផ្ទះមានលក្ខណៈសាមញ្ញតាមដែលអាចធ្វើទៅបាន។ នេះគឺជាមូលហេតុដែលយើងបន្តសម្លឹងឆ្ពោះទៅរកការធ្វើឱ្យដំណើរការនិងនីតិវិធីមានភាពសាមញ្ញ»។

ផ្អែកលើបទពិសោធកន្លងមកក្នុងការផ្តល់ជូនសេវាបែបនេះនៅទូទាំងតំបន់អាស៊ី ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹងថានឹងមានការប្រើប្រាស់សេវាថ្មីនេះច្រើនក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិខាងមុខ ដូចជាបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាច្រើន៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner