សមត្ថកិច្ចចាប់មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីពីរនាក់ បន្ទាប់ពីគេចខ្លួនបាន៤ថ្ងៃ
ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខស្រាវជ្រាវ និងឃាត់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចហើយគេចខ្លួនបាន៤ថ្ងៃ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅផ្លូវបេតុង ម្តុំបុរីឈូកវ៉ា២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ប្រាក់ វុធថារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងឈ្មោះ ពុត ដាណេ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូឃាត់នៅតាមផ្លូវបេតុង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែក ជនរងគ្រោះមាន ឈ្មោះ អ៊ុក ម៉ីសាង ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១BEO ផ្លូវ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ប្រភពពីសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩-១០-២០១៩ វេលាម៉ោង១២និង០០នាទី នៅផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុមជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់យកកាបូបលុយពីជនរងគ្រោះបានសម្រេច ហើយគេចខ្លួនបាត់។ លុះដល់ថ្ងៃកើតហេតុ សមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួនបានតែម្តង។
ក្នុងនោះដែរសម្ភាររបស់ជនរងគ្រោះដែលបាត់បង់មាន៖ កាបូបដៃ០១ ពណ៌ទឹកក្រូច ទូរសព្ទដៃអាយហ្វូន០១គ្រឿង កាតTM ចំនួន០១ អត្តសញ្ញាណប័ណ្ណ០១សន្លឹក។ សម្ភារដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យមាន៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌ទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HW-3036 របស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ