អរគុណសន្តិភាព បាននាំមកនូវការអភិវឌ្ឍ និងការបង្កើតធនធានមនុស្សកាន់តែសម្បូរបែប

កណ្តាល ៖ រាជរដ្ឋាភិបាល បានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីជំរុញអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយ គុណភាព និងមានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន សូមអរគុណសន្តិភាព ។

ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម និងជាប្រធានចលនាយុវជនគណបក្សស្រុក ល្វាឯម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្នុងស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ ។

ឯកឧត្តម ជាប ដាវុធ បន្តថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិកាជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើនការអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។

ឯកឧត្តម បន្តទៀតថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។ ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ខ្នងឫស្សី កុំធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងគ្រួសារនិងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់ទៅអនាគត។

ឯកឧត្តម ជាប ដាវុធ ថ្លែងបន្តថា ដោយផ្អែកលើមូលដ្ឋានអនុវត្តកិច្ចការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា គឺបានពង្រឹងកិច្ចការពារ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការជម្រុញបន្តអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានខ្លាំងក្លា ធានាការរស់នៅសុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច បង្កើនកិច្ចការពារ បង្ការទប់ស្កាត់មិនឲ្យកើតមានជាដាច់ខាត អំពីការបង្កើតចលនាណាមួយ ដែលបង្កភាពវឹកវរក្នុងសង្គមជាដើម ។ តាមរយៈនេះសូមប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សគ្រប់អាយុបោះឆ្នោតទាំងអស់ ត្រូវរៀបចំខ្លួន និងត្រៀមលក្ខណៈសម្បត្តិឲ្យគ្រប់គ្រាន់ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២ ខាងមុខ ឲ្យបានគ្រប់ៗគ្នា ក្នុងការជ្រើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលយើងគិតថាមានសមត្ថភាព ដើម្បីការជម្រុញអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន ជាពិសេសការផ្តល់សេវាសាធារណៈ បានរហ័ស និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា៖ នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ជាប ដាវុធ បានផ្តល់អំណោយលើកទឹកចិត្តដល់សិស្សានុសិស្ស ចំនួនជាង ១ ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ២ម៉ឺនរៀល សៀវភៅពីរក្បាល និងប៉ិចចំនួន ២ ដើម ៕ ប្រភព ៖ ខេត្តកណ្តាល

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner