សិក្ខាសាលាស្តីពី “ការប្រមូលព័ត៌មានសាលារៀនសំណាក និងការរៀបចំបញ្ជីតាមដានសិស្សនៃកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA-2022)” លើកទី២ ត្រូវបានប្រារព្ធពិធីបើក នៅខេត្តកែប
ខេត្តកែប ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីបើកសិក្ខាសាលាស្តីពី “ការប្រមូលព័ត៌មានសាលារៀនសំណាក និងការរៀបចំបញ្ជីតាមដានសិស្សនៃកម្មវិធីអន្តរជាតិស្តីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA-2022)” លើកទី២ ក្រោមវត្តមាន ឯកឧត្តម ឡោ ឆវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោងការកែលម្អការអប់រំនៅមធ្យមសិក្សា (SIEP) នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែបនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងសិក្ខាសាលានេះដែរក៏មានអ្នកចូលរួមជាគណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេស អ្នកសម្របសម្រួល ព្រមទាំងសិក្ខាកាមមកពីការិយាល័យអធិការកិច្ច ១២រាជធានី ខេត្ត និងនាយក នាយិកានៃសាលារៀនសំណាក PISA-2022 ទាំងអស់នៅក្នុងរាជធានីខេត្ត សរុបចំនួន ១៥៤ នាក់ ស្រី ១១ នាក់។ សិក្ខាសាលានេះទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដោយគម្រោងការកែលម្អការអប់រំនៅមធ្យមសិក្សា (SIEP)។
ឯកឧត្តម ឡោ ឆវណ្ណា បញ្ជាក់ថា សិក្ខាសាលានេះពិតមានសារ:សំខាន់ណាស់ដែលអាចជួយឱ្យដំណើរការនៃការប្រមូលទិន្នន័យសម្រាប់តេស្ត PISA-2022 ផ្លូវការ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះទទួលបានជោគជ័យ។ ឯកឧត្តម បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងអនុវត្តតួនាទី និងភារកិច្ចរៀងខ្លួន ជាពិសេស សាលារៀនសំណាកទាំង១៨៣សាលា ត្រូវតែសហការផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងត្រូវជៀសវាងផ្តល់ព័ត៌មានមិនពិតដែលអាចបង្កជាផលលំបាកក្នុងការអនុវត្តតេស្តរង្វាយតម្លៃអន្តរជាតិ PISA នាពេលខាងមុខនេះ។
ឯកឧត្តម ក៏បានកោតសរសើរចំពោះនាយកដ្ឋានធានាគុណភាពអប់រំ ព្រមទាំងការិយាល័យអធិការកិច្ចទាំង២៥រាជធានីខេត្តចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តកិច្ចការរង្វាយតម្លៃគ្រប់កម្រិតថ្នាក់ ជាពិសេសតេស្តរង្វាយតម្លៃអន្តរជាតិ PISA នេះ។
សូមបញ្ជាក់ថា សិក្ខាសាលានាពេលនេះ មានគោលបំណងចម្បងៗចំនួនបីគឺ ១) បូកសរុបពីលទ្ធផលការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ នៃការអនុវត្តតេស្តរង្វាយតម្លៃអន្តរជាតិ PISA សាកល្បង ២) ធ្វើបច្ចុប្បន្នកម្មព័ត៌មានសាលា និងបញ្ជីឈ្មោះសិស្សនៅក្នុងសាលារៀនសំណាកទាំង ១៨៣ សាលា ដើម្បីត្រៀមអនុវត្តតេស្តអន្តរជាតិ PISA-2022 និងទី៣) ណែនាំបច្ចេកទេសពីទម្រង់ និងការធ្វើបច្ចុប្បន្នកម្មបញ្ជីតាមដានសិស្ស។ សិក្ខាសាលានេះជាសិក្ខាសាលាលើកទី២ហើយ ដោយសិក្ខាសាលាលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១០ ដល់១១ ខែឧសភា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមមកពី ១១រាជធានីខេត្ត សរុបចំនួន ១០៩ នាក់ ស្រី ១៦នាក់។ សរុបទាំងពីរលើក មានសិក្ខាកាមសរុបចំនួន ២៦៣ នាក់ ស្រី ២៧នាក់ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ៕ ដោយ-រ៉ាវុធ




