ឯកឧត្ដម វង សូត ៖ យើងត្រូវជឿជាក់ខ្លួនឯង ដោយកុំជឿតាមគេថា

ត្បូងឃ្មុំ ៖ ឯកឧត្ដម វង សូត ថ្លែងថា កម្ពុជាចាប់ផ្តើមពីបាតដៃទទេមកមានអ្វីៗដូចសព្វថ្ងៃនេះ ដោយសារ ប្រទេសជាតិយើងមានស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច កើតឡើងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំពពេល ស្រុកពញាក្រែក ចំនួន ៣២៥នាក់ មកពីគណបក្សសង្រ្គោះជាតិ ចំនួន ៥នាក់ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម វង សូត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពពាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ។

ឯកឧត្ដម វង សូត បានបញ្ជាក់ទៅដល់សមាជិក សមាជិការ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមកុំជឿការញ៉ុះញ៉ុងរបស់គណបក្សណាមួយឡើយ ដែលតែងតែថាខ្លួនជាអ្នករំដោះជាតិនោះ ពោលគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងបានស្តារប្រទេសជាតិឲ្យមានការរីកចម្រើន អភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម បានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិ ឃុំ និងប្រធានក្រុមបក្សនៅតាមមូលដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំឱ្យសមាជិក សមាជិកាបក្សតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម។

ឯកឧត្ដម វង សូត បានបន្ថែមទៀតថា ប្រទេសកម្ពុជា យើងបើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិត បានទេ។ ដូច្នេះ ឯកឧត្ដម អំពាវនាវឲ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នា រក្សាសន្តិភាពឱ្យបានហើយដើម្បីរក្សាសន្តិភាពនេះ បានគឺមានតែមធ្យោបាយតែមួយគត់នោះ គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្ស ប្រជាជន កម្ពុជា ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner