កាណាដានឹងដាក់ពង្រាយមន្ត្រីទៅកាន់ទីស្នាក់ការកណ្តាលអង្គការណាតូក្នុងប្រទេសឡាតវី

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបញ្ជាក់ថា ប្រទេសរបស់លោកនឹងដាក់ពង្រាយមន្ត្រីទូទៅនៃកងកម្លាំងប្រដាប់អាវុធកាណាដា និងបុគ្គលិកការិយាល័យចំនួន ០៦នាក់ទៀតទៅកាន់ទីស្នាក់ការកណ្តាល នៃផ្នែកពហុជាតិរបស់អង្គការណាតូ ដែលមានមូលដ្ឋាននៅទីក្រុងអាដាហ្ស៊ី ប្រទេសឡាតវី។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបានបង្ហោះនៅលើគេហទំព័ររបស់នាយករដ្ឋមន្ត្រីកាណាដា លោក ទ្រូដូ បានធ្វើសេចក្តីប្រកាសខាងលើនេះបន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីឡាតវីលោក គ្រីសជែននីស ខារីនស៍ ក្នុងកំលុងទស្សនកិច្ចនៅប្រទេសកាណាដា កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភាកន្លងមកនេះ។

មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសម្របសម្រួលក្នុងចំណោមសមាជិកនៃអង្គការណាតូ ហើយបានពិភាក្សាអំពីវិធីដើម្បីពង្រឹងបន្ថែមទៀតនូវវិធានការទប់ស្កាត់ និងការការពាររបស់ណាតូនៅអឺរ៉ុបខាងកើត ជាពិសេសនៅក្នុងតំបន់បាល់ទិក។

នាឱកាសនោះដែរ នាយករដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងនូវការគាំទ្ររួមគ្នារបស់ពួកលោកចំពោះហ្វាំងឡង់ ក្នុងការចូលរួមក្នុងសម្ព័ន្ធភាពណាតូ។

បច្ចុប្បន្នប្រទេសកាណាដាមានបុគ្គលិកកងកម្លាំងប្រដាប់អាវុធប្រហែល ៧០០នាក់ដែលដឹកនាំក្រុមសមរភូមិ Forward Presence របស់អង្គការណាតូនៅក្នុងប្រទេសឡាតវី ដែលជាផ្នែកមួយនៃប្រតិបត្តិការ REASSURANCE ។

ដោយបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៩ ទីស្នាក់ការកណ្តាលផ្នែកពហុជាតិរបស់ណាតូ បានអនុវត្តតួនាទីសំខាន់ៗជាច្រើន រួមទាំងការគាំទ្រសម្រាប់ផែនការការពារជាតិនៃបណ្តាប្រទេសបាល់ទិក និងការសម្របសម្រួលនៃសកម្មភាពយោធាក្នុងតំបន់៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner