អ៊ុយក្រែនកំពុងពិភាក្សាជាមួយរុស្ស៊ី ជុំវិញការជម្លៀសអ្នករងរបួសធ្ងន់ធ្ងរចេញពីរោងចក្រ អាហ្សូវស្តល់ ក្នុងទីក្រុងម៉ារីយូប៉ូល

កៀវ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី អ៊ីរីណា វែររីសឆូក ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបញ្ជាក់ថា ប្រទេសរបស់លោកស្រីកំពុងធ្វើការចរចាជាមួយរុស្ស៊ី ជុំវិញការជម្លៀសទាហានដែលរងរបួសធ្ងន់ធ្ងរចេញពីរោងចក្រដែកថែប អាហ្សូវស្តល់ ក្នុងទីក្រុងម៉ារីយូប៉ូល។

លោកស្រី វែររីសឆូក បានសរសេរសារនៅលើ Telegram ថា អ៊ុយក្រែនកំពុងស្វែងរកការដោះដូរទាហានអ៊ុយក្រែនដែលរងរបួសធ្ងន់ធ្ងរចំនួន ៣៨នាក់ចេញពីរោងចក្រ អាហ្សូវស្តល់ ជាថ្នូរនឹងយោធារុស្ស៊ីដែលត្រូវបានចាប់ខ្លួន។

លោកស្រីបន្តថា បច្ចុប្បន្ននេះមិនមានការពិភាក្សាស្តីពីការដោះដូរមនុស្សពី ៥០០ ឬ៦០០នាក់ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះទេ។ លោកស្រីបានសង្កត់ធ្ងន់ថា ការចរចាដែលកំពុងបន្តរវាងអ៊ុយក្រែន និងរុស្ស៊ីស្តីពីការជម្លៀសមនុស្សចេញពីរោងចក្រ អាហ្សូវស្តល់ គឺពិបាកខ្លាំងណាស់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែឧសភាកន្លងទៅ លោកស្រី វែររីសឆូក បាននិយាយថា អ៊ុយក្រែនបានជម្លៀសស្ត្រី កុមារ និងមនុស្សចាស់ទាំងអស់ចេញពីរោងចក្រ អាហ្សូវស្តល់។

ម៉ារីយូប៉ូល ដែលជាទីក្រុងកំពង់ផែសមុទ្រ អាហ្សូវ ដ៏សំខាន់មួយនៅភាគខាងកើតអ៊ុយក្រែន បានជួបប្រទះសង្គ្រាមដ៏អាក្រក់បំផុតមួយនៃអំពើហិង្សានៅក្នុងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner