ដើម្បីកុំឱ្យពលរដ្ឋបន្តរអ៊ូរទាំ នឹងថ្លៃសេវាប្រមូលសំរាម, សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យដកថ្លៃសេវានេះ ចេញពីវិក្ក័យបត្រអគ្គិសនី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើន បានរអ៊ូរទាំ មិនពេញចិត្តចំពោះសេវាកម្មប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីនទ្រី ដោយសារតែមានការអាក់ខានមិនទៀងទាត់ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។ ជាមួយនឹងការផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងរឿងសំរាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យសិក្សាបង្កើតរោងចក្រអគ្គិសនី ដោយបម្លែងពីសំរាម បើទោះថ្លៃបន្តិចក៏រដ្ឋចេញខាតដែរ ។
ដោយឡែក នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចតាមសំណើរបស់ អគ្គិសនីកម្ពុជា ដោយដកថ្លៃសេវាប្រមូលសំរាមរបស់ ក្រុមហ៊ុន ស៊ិនទ្រី ចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា ដែលនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook នៅយប់នេះថា៖ «ដោយក្តាប់បាននូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអំពីការដាក់ថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ក្នុងវិក្កយបត្ររបស់អគ្គិសនីកម្ពុជា ល្ងាចថ្ងៃនេះ ខ្ញុំបានសម្រេចតាមសំណើរបស់អគ្គិសនីកម្ពុជាដោយដកថ្លៃ សេវាប្រមូលសំរាមចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តទៅ»។
សម្តេចបានបន្តថា យន្តការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខនឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ ដែលកិច្ចការនេះ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការប្រជុំ និងដោះស្រាយ។ សូមបងប្អូនប្រជា ពលរដ្ឋជាទីស្រឡាញ់មេត្តាជ្រាបជាព័ត៌មាន ៕