លោកជំទាវកិត្តិសង្គហបណ្តិត ម៉ែន សំអន បានអញ្ជើញជាអធិបតីកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរនៃការប្រណាំងកង់ ឆ្លងកាត់ ៣ប្រទេសគឺ៖វៀតណាម កម្ពុជា ឡាវ
លោកជំទាវកិត្តិសង្គហបណ្តិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអញ្ជើញជាអធិបតីកិត្តិយសក្នុងពិធីជប់លៀងអបអរសាទរនៃការមកដល់របស់ក្រុមកីឡាករការប្រណាំងកង់ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ(VOH) លើកទី២២ ដែលបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នារាត្រីថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២១ ខែតុលា ឆ្នាំ២០១៩ នៅភោជនីយដ្ឋានសូរិយា ។
សមាសភាពចូលរួមអមជាកិត្តិយស រួមមាន ៖ ១.ឯកឧត្តម វូ ក្វាងម៉ិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ២. ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ៣. លោក ឡេ កុងដុង នាយកស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ និងសហការី ៤. លោកឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុនយីតាក់ហ្គ្រុប និងលោកជំទាវ ៥.ឯកឧត្តម ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និង កីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និងក្រុមការងារបច្ចេកទេស សរុបចំនួន ជាង២០០នាក់ ។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា សុខ ឆេង បានមានប្រសាសន៍ថា ៖ ការប្រណាំងនេះ គឺជាការប្រណាំងជំនាញដែលមានរយៈចំងាយឆ្ងាយ គឺឆ្លងកាត់បីប្រទេស ដោយចាប់ផ្តើមចេញដំណើរពីប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា និងឆ្ពោះទៅបញ្ចប់នៅប្រទេសឡាវ។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងន័យ ៖ ទី១.ឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ជាពិសេស រវាងកម្ពុជា វៀតណាម ឡាវ និងថៃ ។ ទី២. ការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន នឹងបន្តថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ និង ទី៣.លើកកម្ពស់ ជីវភាពរស់នៅ របស់ប្រជាជន ឲ្យកាន់តែ ប្រសើរឡើង ស្របតាមពាក្យស្លោក “កីឡានាំមកនូវ សុខភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ” ។
ជាទីបញ្ចប់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមជាមួយប្រតិភូអមជាកិត្តិយស បានចុះហត្ថលេខាជានិមិត្តរូបលើអាវកីឡាករ ដើម្បីជាសក្ខីភាពបញ្ជាក់ថា ក្រុមកីឡាករបានធ្វើដំណើរមកដល់រាជធានីភ្នំពេញ និងបានទទួលទៀនអាហារសាមគ្គីរួមគ្នាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន យីតាក់ហ្គ្រុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕