នាយសេនាធិការ កងទ័ពជើងគោក អញ្ជើញចូលរួម បិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២១ និងបើកវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ របស់កងពលតូចអន្តរាគមន៍លេខ១

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២១ និងបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់កងពលតូចអន្តរាគមន៍លេខ១ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅកងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង ។

ក្នុងនាមឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឧត្តមសេនីយ៍ឯក ព្រហ្ម ផេង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងពលតូចអន្តរាគមន៍លេខ១ និង ក្រុមគ្រូយោធាចារ្យ សិក្ខាកាមដែលបានសហការ សាមគ្គី ឯកភាពជាធ្លុងមួយ ធ្វើឲ្យសម្រេចនូវផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២១ ទទួលបានដោយជោគជ័យ និងបន្តបើកវគ្គឆ្នាំ២០២២ តាមផែនការបានគ្រោងទុក ។

ឯកឧត្តម ខឹមជា សាឃឿន គូសបញ្ជាក់ថា កងពលតូចអន្តរាគមន៍លេខ១ ជាអង្គភាពដែលបានដើរតួយ៉ាងសំខាន់ជាសេនាធិការលើការដឹកនាំបញ្ជា គ្រប់គ្រងកម្លាំងទ័ព ជាកម្លាំស្នូលមួយរបស់កងទ័ពជើងគោក ដែលទាមទារឲ្យនាយ-ពលទាហានយើងទាំងអស់ត្រូវមាន បច្ចេកទេស ច្បាស់លាស់ដើម្បីធានាបាននូវការសម្រេចដ៏ជោគជ័យ ។ ឯកឧត្តមបានជំរុញដល់កងពលត្រូវបន្តយកចិត្តទុកដាក់បង្កើន សមត្ថភាពធនធានមនុស្ស ដើម្បីដើរតាមការវិវឌ្ឍន៍ជឿនលឿន លើគ្រប់វិស័យក្នុងតំបន់ ពិសេសក្នុងវិស័យការពារជាតិ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្អូនៗដែល ទើបបញ្ចប់ការហ្វឹកហ្វឺន និងប្អូនៗ ដែលត្រូវហ្វឹកហ្វឺនបន្ត ត្រូវយកចិត្តទុកដាក់ ខិតខំ តស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀត លើការសិក្សារៀនសូត្រ គ្រប់ជំនាញ វិជ្ជា ជីវៈ ដើម្បីក្លាយជា អ្នកបន្តវេន ទៅថ្ងៃអនាគត និងត្រូវប្រកាន់ខ្ជាប់នូវ វិធាន ការរបស់ក្រសួងសុខាភិបាល ៣កុំ និង ៣ការពារឲ្យបានជាប់ជាប្រចាំដើម្បីជៀសផុតពីការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា របាយការណ៍ស្វាគមន៍ដែលផ្តល់ដោយឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ព ជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ បានឲ្យដឹងថា៖ ដោយអនុវត្ត តាមបទបញ្ជាហ្វឹកហ្វឺនរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក លើការបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកជំនាញផ្សេងៗឲ្យដល់កងយោធពលខេមរភូមិន្ទ កងពលតូចអន្តរាគមន៍លេខ១ បានដំណើរការនូវវគ្គហ្វឹកហ្វឺនឆ្នាំ២០២១ ចំនួន ១១វគ្គ ដែលមានសម៉ាសភាពចូលរួមហ្វឹកហ្វឺនសរុប ចំនួន ១,០៨៧នាក់ យោធាចារ្យចំនួន ៧៦នាក់ សិក្ខាកាមចំនួន ១,០១១នាក់ ។

ហ្វឹកហ្វឺនតាមផែនការថ្នាក់លើមាន ០២វគ្គ សម៉ាសភាពចូលរួមមានចំនួនរួម ៣៥០នាក់ យោធាចារ្យចំនួន ៣០នាក់ សិក្ខាកាម ៣២០នាក់ និងហ្វឹកហ្វឺនតាមផែនការកងពលមាន ៩វគ្គ ចំនួនចូលរួម ៧៣៧នាក់ យោធាចារ្យចំនួន ៤៦នាក់ សិក្ខាកាមចំនួន ៦៩១នាក់ ។ ដោយឡែកនៅឆ្នាំ២០២២នេះ កងពលតូចអន្តរាគមន៍លេខ១ បានដំណើរការបើកវគ្គចំនួន ១៤វគ្គ មានសិក្ខាកាមចំនួន ៨៨៤នាក់ ក្នុងនោះយោធាចារ្ហចំនួន ៩៣នាក់ ។ ហ្វឹកហ្វឺនតាមផែនការថ្នាក់លើចំនួន ០៣វគ្គ ចំនួនសិក្ខាកាម ៣៦៣នាក់ យោធាចារ្យចំនួន ៣៣នាក់ សិក្ខាកាមចំនួន ៣៣០នាក់ និងហ្វឹកហ្វឺនតាមផែនការកងពលចំនួន ១១វគ្គ ចំនួនរួម ៥២១នាក់ យោធាចារ្យចំនួន ៦០នាក់ សិក្ខាកាមចំនួន ៤៦១នាក់ ៕ ប្រភព ៖ កងទ័ព

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner