តួលេខចាក់វ៉ាក់សាំងថ្ងៃនេះកើនឡើងជាងម្សិលមិញ (Video Inside)
កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងដូសជំរុញបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈ ៦ថ្ងៃជាប់គ្នាមកនេះក៏ដោយ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូស ទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ៤ម៉ឺន ៥៨នាក់ ដែលជាតួលេខចាក់កើន ឡើងចំនួន ២ពាន់ ២២៣នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៩២ម៉ឺន ៩ពាន់ ៤៣៣នាក់ ។
ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈពេល ២៤ម៉ោង មកនេះមាន ចំនួន ៣ម៉ឺន ៦ពាន់ ៦៦៧នាក់ ដែលជាតួលេខចាក់តិច ជាងម្សិលមិញចំនួន ៩៨៩នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមក ទល់ពេលនេះបានចំនួន ២លាន ១១ម៉ឺន ៨ពាន់ ១២៦នាក់ ។ ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ ចំនួន ១៤លាន ៩៩ម៉ឺន ៤ពាន់ ១៨៧នាក់ ដែលស្មើនឹង ៩៣,៧១ភាគរយ ។ ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៨ម៉ឺន ៧ពាន់ ២០៤នាក់ ដែលស្មើនឹង ៦៣,៤០ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស ៕