ឯកឧត្តម ហ៊ុន ម៉ានី៖ ជំងឺកូវីដ-១៩ ជាការធ្វើតេស្តសមត្ថភាពដឹកនាំរបស់ប្រទេសលើពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ

កំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា បានបញ្ជាក់ពី កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ក្នុងអំឡុង០២ឆ្នាំកន្លងទៅនេះ បានចាត់ទុកថា នេះជាការធ្វើតេស្តសាកល្បងដ៏ធំមួយ សម្រាប់សមត្ថភាព ដឹកនាំប្រទេស។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា នៃសាលាបឋមសិក្សា វត្តខ្សាច់ពូន ស្ថិតក្នុងឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុង ដំណាក់កាលដំបូង នៅពេលដែលយើង មិនទាន់មានវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ និងចាក់ វ៉ាក់សាំង ក្នុងកម្រិតខ្ពស់ រាជរដ្ឋាភិបាល គ្មាន ជម្រើសអ្វីក្រៅពី វិធានរដ្ឋបាល ដោយធ្វើការបិទខ្ទប់ នៅតាមតំបន់ខ្លះ ទៅតាមការចាំបាច់ ដែលការណ៍នេះ បានធ្វើឱ្យប៉ះពាល់ ដល់ជីវភាព បងប្អូន មួយ ចំនួន ។ តែដើម្បីការពារអាយុជីវិត របស់បងប្អូន ចំណាត់ការនេះ ជាជម្រើសតែមួយគត់ដែល យើងមាននៅក្នុងដៃនាពេលនោះ។

ឯកឧត្តមបន្តថា នៅក្រោយពេលដែលយើងសម្រេច បានការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់ យុទ្ធនា ការប្រយុទ្ធ នឹងជំងឺកូវីដ-១៩នេះ ក៏មានភាពធូរស្រាល ដែលអនុញ្ញាតឱ្យ យើង អាចវិលត្រលប់ មករកជីវភាពធម្មតាវិញបានយ៉ាងឆាប់រហ័ស។ ទាំងអស់នេះ គឺជាការដឹកនាំ ប្រកប ដោយ សមត្ថភាព ដែលបានយកចិត្តទុក ដាក់ សុខទុក្ខ ប្រជាពលរដ្ឋជាធំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ស្ពឺ ក៏បានសូមថ្លែង អំណរគុណ ចំពោះការយោគយល់ និងអត់ធ្មត់ របស់ ព្រះសង្ឃ ប្រជាពលរដ្ឋ ជាពិសេស ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបាន ចូលរួម ចំណែក ធ្វើឱ្យការប្រយុទ្ធ នឹងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានទទួលជោគជ័យ។

និយាយដោយឡែក សមិទ្ធផលជាអគារសិក្សា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ បាន បង្ហាញ ពីការរួបរួមគ្នារវាង ព្រះសង្ឃ បងប្អូន ប្រជាពលរដ្ឋ អាជ្ញាធរ ក្រុមការងារ ដែលបាន ធ្វើ ឱ្យគម្រោង នេះសម្រេចចេញជារូបរាងឡើង។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជា្រធានក្រុមការងារចុះជួយឃុំវាលពង់ បានថ្លែងថា ការសាងសង់ អគារសិក្សាថ្មីនេះ ដែលមាន ៣ បន្ទប់ ស្ថិតក្នុងសាលាបឋមសិក្សា ខ្សាច់ពូន កើតចេញពី ការផ្តួចផ្តើមគំនិត ពីសំណាក់ ព្រះគ្រូចៅអធិការវត្ត មាតាបិតា អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរ មូលដ្ឋាន ក្រុមការងារចុះ ជួយឃុំវាលពង់ សប្បុរសជនជាច្រើន ដោយបានពិនិត្យឃើញថា អគារសិក្សា មានសភាព ចាស់ទ្រុឌទ្រោម ដែលបង្ករការលំបាក ដល់ការរៀនសូត្រ របស់ក្មួយៗកុមារតូចៗ ។ ចំណងដៃថ្មី មួយនេះ សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតាបិតាសិស្ស ដែលនឹងជួយដល់ការបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្ស ក៏ដូចជាលើកកម្ពស់វិស័យអប់រំផងដែរ ។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណ ដល់ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ស្ពឺ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋក្នុងខេត្ត និងបានខិតខំកសាងសមិទ្ធផលនានា ជូនដល់ខេត្ត និងប្រជាជនជា ហូហែ។ ជាក់ស្តែង តាមរយៈឯកឧត្តម ហ៊ុន ម៉ានី ខេត្តកំពុង រង់ចាំស្វាគមន៍ កីឡដ្ឋាន ដ៏ធំ ស្កឹមស្កៃ ប្រកបដោយ លក្ខណៈស្តង់ដារ ដែលនឹងត្រូវដាក់សម្ពោធ ឱ្យប្រើប្រាស់ នាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងនាមប្រជាពលរដ្ឋ ខេត្តកំពង់ស្ពឺ ជាពិសេសប្រជាពលរដ្ឋ ឃុំវាលពង់ ឯកឧត្តម ហ៊ុន ម៉ានី សូមអរព្រះគុណ ព្រះតេជគុណព្រះចៅអធិការវត្ត និងថ្លែងអំណរគុណដល់ សប្បុរសជនដែលរួម ចំណែក ក្នុងការលើកស្ទួយវិស័យអប់រំ ជាពិសេសការ កសាងអគារសិក្សា សម្រាប់សិស្សានុសិស្ស បាន រៀនសូត្រ នៅពេលនេះ។

ឯកឧត្តម ក៏បានធ្វើការគូសបញ្ជាក់ផងដែរថា កត្តាដែលធ្វើឱ្យវិស័យអប់រំ នៅក្នុងខេត្ត មានការរីក ចម្រើន គឺមិនអាចកាត់ផ្តាច់ បានពីថ្នាក់ដឹកនាំ មន្ទីរអប់រំ សាលា និងជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបាន ខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ ដែលឯកឧត្តម សូមធ្វើការគោរព ថ្លែងអំណរគុណ។’

គួរបញ្ជាក់ផងដែរថា អគារសិក្សាថ្មីនេះ ត្រូវបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ដោយចំណាយថវិកា សាងសង់ សម្ភារៈក្នុងបន្ទប់រៀន និងសម្ភារៈក្មេងលេង ក្នុងទីធ្លាសាលា អស់ប្រមាណជិត ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner