ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ជាការរួមចំណែកផ្សព្វផ្សាយពី សក្កានុពលទេសចរណ៍ បានបើកជាផ្លូវការ

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE បានប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការសហភាពសហព័ន្ធ យុវជន កម្ពុជា រាជធានីភ្នំពេញ។ ការប្រណាំងជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ចេញ ដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត។

លោក ហូ សិទ្ធីគុណ ស្ថាបនិក KARA កម្ពុជា បានបញ្ជាក់អំពីកម្មវិធីប្រណាំងយានយន្តនេះថា ថ្ងៃទី១ ក្រុមកីឡាករចេញដំណើរពីភ្នំពេញឆ្ពោះទៅកាន់ខេត្តកំពត មានរយៈចម្ងាយផ្លូវ ១៧៣ គីឡូម៉ែត្រ ហើយផ្លូវប្រណាំងមានចម្ងាយផ្លូវ៦៩គីឡូម៉ែត្រ។ ថ្ងៃទី២ ចេញដំណើរពីក្រុងកំពត មកបញ្ចប់នៅសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មានរយៈចម្ងាយផ្លូវ១៤០គីឡូម៉ែត្រ ចម្ងាយផ្លូវប្រណាំងមាន៤៣.៩គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុកចំនួន៣រួមមាន ស្រុក ជុំគិរី ស្រុកទឹកឈូ និងស្រុកដងទង់ ដោយរថយន្ត និងម៉ូតូទាំងអស់ត្រូវប្រណាំងលើផ្លូវឧបសគ្គមានផ្លូវភ្នំ ភក់ ខ្សាច់ ក្នុងចម្ការ និងកាត់ភូមិអ្នកស្រុក ។

ស្ថាបនិក KARA កម្ពុជារូបនេះ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងយានយន្តនេះ រៀបចំឡើង ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាយានយន្ត នៅកម្ពុជា ហើយក័ជាការផ្តល់ ឱកាសឱ្យកីឡាករជំនាញប្រកួតកម្តៅសាច់ដុំ និងអ្នកថ្មីចេះមើលសៀវភៅបង្ហាញផ្លូវ និង Rally Meters ជាពិសេសឱ្យយុវជនបានរៀនសូត្រពីការរៀបចំកម្មវិធីប្រណាំងយានយន្តឆ្លងកាត់ ឧបសគ្គកម្រិតជាតិ និងឈានទៅរៀបចំកម្រិតអន្តរជាតិផងដែរ។

ការប្រណាំងយាន្តយន្តឆ្លងកាត់ឧបសគ្គនេះតែងតែទទួលបានការគាំទ្រនិងឧបត្ថម្ភពីក្រសួងបរិស្ថានដើម្បីបង្កើន ការផ្សព្វផ្សាយនិងបណ្តុះស្មារតីស្រឡាញ់កីឡា និងផ្សារភ្ជាប់នឹងធនធានធម្មជាតិ ទេសចរណ៍និងទឹកដី។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះ ជាសកម្មភាពកីឡាមួយ ដែលរួមចំណែក បណ្តុះ ស្មារតីដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា ឱ្យចូលរួមស្រលាញ់ និងគាំទ្រកីឡា ស្របតាម អនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋម្នាក់ត្រូវចេះកីឡាមួយ មុខប្រចាំជីវិត ។

ទន្ទឹមជាមួយគ្នានេះដែរ ការប្រណាំងនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការ ផ្សព្វផ្សាយ តំបន់ទេសចរណ៍ផ្សេងៗ នៅតាមខេត្ត ក៏ដូចជានៅតាមតំបន់អភិរក្សធនធានធម្មជាតិ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ធម្មជាតិ ដែលជាទេសចរណ៍ផ្សារភ្ជាប់ទឹកដី ក្នុងគោលបំណង ទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិឲ្យទៅលេងកំសាន្ត នៅតំបន់សក្តានុពល ទាំង នោះ។

គួរបញ្ជាក់ថា មុនថ្ងៃបើកការប្រកួត ក្រុមការងារ Kara ក៏បានប្រជុំបច្ចេកទេស ពីលក្ខន្តិក:ប្រកួតផ្សេងៗ ដូចជា សៀវភៅមើលផ្លូវ ( Road Book ) សម្ភារ មួក ស្បែកជើង ដើម្បីសុវត្តិភាពជូនដល់កីឡាករ កីឡាការិនីក្នុងការប្រណាំង រួមនឹងបិទស្លាកលេខសំគាល់ ស្ទិកឃើអ្នកឧបត្តម ្ភ។

ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំដោយភ្នាក់ងាររៀបចំការប្រកួតកម្ពុជា kara សហការដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជា និងឧបត្តម្ភដោយ ក្រុមហ៊ុនស្រាបៀរហនុមាន និងកករុមហ៊ុនជាច្រើនទៀត។ មានប្រទេសចូលរួមចំនួន១១ប្រទេស មាន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន អាល្លីម៉ង់ អាមេរិក វៀតណាម បារាំង អូស្រ្តាលី វែល និងកម្ពុជា ក្នុងនោះមាន ឡាន ៣៥ ចែកជា២ គឺ class A ៧គ្រឿង Class B ២៨គ្រឿង UTV មាន១០គ្រឿង និងម៉ូតូ១៤គ្រឿង ។ សម្រាប់ការប្រណាំងជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពត ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner