ឯកឧត្ដម ឱម យ៉ិនទៀង ជំរុញឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូលថ្មី គោរព និងអនុវត្តតាមគោលនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់បក្ស

ភ្នំពេញ ៖ ប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក បានសំដែងនូវការស្វាគមន៍ចំពោះសមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចូលថ្មីថា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងជំរុញឱ្យសមាជិក សមាជិកា ដែលបានបញ្ចូលថ្មីនេះ គោរព និងអនុវត្តតាមគោលនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្ស។ នេះជាការលើកឡើងរបស់ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានក្រុមការងារចុះមូលដ្ឋាន ខណ្ឌទួលគោក ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន ៧០០នាក់ មកពីសង្កាត់បឹងសាឡាង និងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅសាលមហោស្រពចេនឡា ដោយមានការចូលរួមពីលោក ជា ពិសី ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ, ក្រុមការងារចុះជួយខណ្ឌ-សង្កាត់ និងសមាជិក សមាជិកា ជាច្រើននាក់ទៀត ។

នៅក្នុងឱកាសនេះ តំណាងសមាជិក ដែលទើបប្រកាសបញ្ចូលថ្មី បានលើកឡើងថា ការចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយមើលឃើញថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយចាស់ទុំតែមួយគត់ ដែលបានរំដោះ និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាចេញពីរបបប៉ុលពត, គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្សគ្រប់គ្រាន់ មានរចនាសម្ព័ន្ធរឹងមាំ គ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ក្នុងការបង្កើត និងថែរក្សាសន្តិភាព ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍សំណេះសំណាលដោយសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តាំផ្ញើជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជា ទាំង៧០០នាក់ ទើបបញ្ចូលថ្មី ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងជំរុញឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវខិតខំប្រឹងប្រែងបម្រើគណបក្ស ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីចូលរួមកសាងប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនតទៅមុខថែមទៀត ។

ឯកឧត្តម បានបញ្ជាក់ថា ការជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា គឺជាកាជ្រើសរើសការស្នេហាជាតិ, ការជ្រើសរើសយក គណបក្សប្រជាជនកម្ពុជា គឺជ្រើសរើសយកសន្តិភាព ។

ឯកឧត្តម ប្រធានក្រុមការងារ ក៏បានជំរុញឱ្យសមាជិក សមាជិកា ដែលបានបញ្ចូលថ្មីនេះ គោរព និងអនុវត្តតាមគោលនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់គណបក្ស ព្រោះថា យើងជាសមាជិកបក្ស គឺត្រូវស្មោះត្រង់ជាមួយបក្ស មិនមែនថា យើងចូលជាសមាជិកបក្សប្រជាជនកម្ពុជាហើយ យើងទៅចូលជាសមាជិកបក្សផ្សេងនោះទេ, ជាសមាជិកបក្ស ក៏ត្រូវមានអត្តចរិតល្អផងដែរ ។ ឯកឧត្តម បន្តថា អ្វីដែលពិសេសទៅទៀតនោះ គឺត្រូវមានសាមគ្គីភាពផ្ទៃក្នុង ដែលការសាមគ្គីភាពផ្ទៃក្នុងល្អនេះហើយ គឺជាចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានលើកឡើងពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា បានធ្វើ និងកំពុងបន្តធ្វើ ក្នុងរយៈពេលជិត ៤ទសវត្សរ៍កន្លងមកនេះ កម្ពុជា សម្រេចបាននូវសុខសន្តិភាពពេញលេញបរិបូរណ៍ ពង្រឹងបានធ្លុងសាមគ្គីភាពជាតិ រក្សាបានស្ថិរភាពនយោបាយ ដែលជាសមិទ្ធផលដ៏ធំធេង សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការពន្លឿនការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តភាព មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថានភាពបែបណាទេ គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឱ្យខាងតែបាន នូវសុខសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេស ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។

ឯកឧត្តមបានបន្តទៀតថា ក្រៅពីការផ្តល់នូវសន្តិភាព និងអភវិឌ្ឍន៍ពេញផ្ទៃប្រទេស រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្រៅប្រទេស ដើម្បីភ្ជាប់ទំនាក់ទំនងការទូត រវាងប្រទេសនៅក្នុងពិភពលោក ជាក់ស្តែងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅពេលនេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីភាពស្មើរមុខស្មើមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ និងពិភពលោកទាំងមូល។

ជាមួយគ្នានេះដែរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ក៏បានណែរនាំជាថ្មីទៀតដល់សមាជិក សមាជិកា បក្សទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា ហើយបើមិនមានឯកសារនេះទេ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីបំរើឱ្យការបោះឆ្នោតឃុំ-សង្កាត់ និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner