ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក រយៈពេល២ថ្ងៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក   ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋ អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ សម្តេចតេជោ ត្រូវបានអមដំណើរដោយ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន   ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា​ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងគណៈប្រតិភូជាន់ខ្ពស់ដទៃទៀត។​ កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ពិសេសដ៏ចម្បងមួយ ធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៤៥      នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក    និងដើម្បីដាក់ចេញនូវទិសដៅអនាគតនៃភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។​

ក្នុងនាមជាប្រធានអាស៊ាន សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើជាសហប្រធានដឹកនាំសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះ ជាមួយ ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងបានអញ្ជើញចូលរួមកម្មវិធីផ្សេងៗទៀត ជាអាទិ៍រួមមាន ពិធីលៀងសាយភោជន៍ពេលល្ងាចថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល ពិធីអាហារការងារថ្ងៃត្រង់ជាមួយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលរៀបចំទទួលដោយ លោកជំទាវ ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាសហរដ្ឋ អាមេរិក  កិច្ចពិភាក្សារៀបចំធ្វើឡើងដោយលោកជំទាវ កាម៉ាឡា ហារីស អនុប្រធាននាធិបតីសហរដ្ឋ អាមេរិក និងកម្មវិធីអន្តរកម្មនានា ជាមួយមេដឹកនាំធុរកិច្ចអាមេរិក។​

            មេដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកឱ្យកាន់តែទូលំទូលាយថែមទៀតដែលមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់តំបន់ និងសហគមន៍ អន្តរជាតិ។ ទំនាក់ទំនងទាំងនេះ    គឺជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់   និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

            ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥      នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋ អាមេរិក នៅក្នុងឆ្នាំ២០២២នេះ ភាគីទាំងពីរប្តេជ្ញាបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន- សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យ មានខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅឯ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

            ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំកំពូលពិសេសនេះ ថ្នាក់ដឹកនាំបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ គ្នាលើវិស័យនៃកិច្ចសហប្រតិបត្តិការជាច្រើន ដែលរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារឡើងវិញ ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀត ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការគាំទ្រការអភិវឌ្ឍក្នុងអនុតំបន់ ការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់នវានុវត្តន៍ ការដោះស្រាយការប្រែប្រួល អាកាសធាតុ និងការរក្សាសន្តិភាព និងការកសាងទំនុកចិត្ត។ ថ្នាក់ដឹកនាំបានធ្វើការអនុម័តសេចក្តី ថ្លែងការណ៍ទស្សនៈវិស័យរួម ដោយអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់ភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក ជាពិសេស នៅក្នុងវិស័យទាំងនេះ។​

             ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិកាលំហសមុទ្រ និងការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ​-១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ពហុភាគីនិយម  និងសហប្រតិបត្តិការអន្តរជាតិ គឺជាសរសរស្តម្ភសំខាន់ពីរ សម្រាប់ធានា និងថែរក្សាសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនតំបន់ និងសកលលោក។ សម្តេចតេជោបានសម្តែងនូវការដឹងគុណចំពោះសហរដ្ឋអាមេរិក ដែលបានជួយឧបត្ថម្ភគាំទ្រការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងតំបន់អាស៊ាន ដែលបានបង្កបរិយាកាសអំណោយផលដល់ការបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ នៅកម្ពុជា ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក។​

                 នៅវិមានរដ្ឋសភា សម្តេចតេជោនាយរដ្ឋមន្រ្តី បានផ្តោតសុន្ទរកថាលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងប្រជាធិបតេយ្យនៅកម្ពុជា។ សម្តេចតេជោ បានធ្វើការកត់សម្គាល់ដោយសេចក្តីពេញចិត្តនូវសន្ទុះសហប្រតិបត្តិការប្រកបដោយចីរភាព នៅក្រោមផែនការការងារកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-អាមេរិក (TIFA) និងផែនការការងារការ​ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច (E3)។ សម្តេចតេជោ បានមានប្រសាសន៍ទៅកាន់មេដឹកនាំធុរកិច្ចអាមេរិកអំពីអាទិភាពបន្ទាន់នានា ដើម្បីស្តារឡើងវិញចេញពីវិបត្តិជំងឺកូវីដ-១៩ និងធ្វើឲ្យវិស័យពាក់ព័ន្ឋទាំងអស់មានថាមវន្តឡើងវិញ   ក្នុងបំណងដើម្បីជំរុញកំណើនសេដ្ឋកិច្ចតំបន់ និងលើកស្ទួយការប្រកួតប្រជែង  ពង្រឹងភាពធន់ បរិយាប័ន្ន​ និងការអភិវឌ្ឍប្រកបដោយចីរភាព។​

             សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តសហរដ្ឋអាមេរិកឲ្យផ្តល់នូវការគាំទ្ររឹងមាំថែមទៀតដល់ការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយ   ការលើកស្ទួយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងឌីជីថល។   សម្តេចតេជោ ក៏បានអំពាវនាវសុំឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសុខភាពសាធារណៈ ការពង្រឹងនិម្មាបនកម្មសុខភាពសកល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នាពេលអនាគត ក្នុងភាពជាដៃគូជាមួយអង្គការសុខភាពពិភពលោក។​

             នៅក្នុងអំឡុងពេលពិភាក្សាអំពីវិធានការអាកាសធាតុ បរិវត្តថាមពលស្អាត និងហេដ្ឋារចនា     សម្ព័ន្ធប្រកបដោយចីរភាព សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វាគមន៍ការបន្តបេ្តជ្ញាចិត្តរបស់សហរដ្ឋ  អាមេរិក ចំពោះរបៀបវារៈបម្រែបម្រួលអាកាសធាតុ និងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងទីក្រុងប៉ារីស វិញ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សេចក្តីប្រាថ្នារបស់កម្ពុជា គឺធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ បរិស្ថាន និងអន្តរកាលឆ្ពោះទៅថាមពលស្អាត កំណើនបៃតង ក៏ដូចជាដើម្បីលើកស្ទួយការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់។​ សម្តេចតេជោ បានលើកឡើងអំពីសារៈសំខាន់នៃផែនការការងារសហប្រតិបត្តិការ ថាមពលអាស៊ាន-សហរដ្ឋអាមេរិក (២០២១-២០២៥) និងបានលើកឡើងអំពីសារៈប្រយោជន៍នៃកិច្ចប្រជុំរដ្ឋមន្រ្តីថាមពលអាស៊ាន-អាមេរិក ដែលបានប្រព្រឹត្តទៅកាលពីខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសដែលបញ្ចេញឧស្ម័នកាបូនទាបក្តី កម្ពុជា នៅតែ​ប្តេជ្ញាចិត្តពេញលេញដើម្បីចូលរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែងសកលនេះ។​

          ពាក់ព័ន្ឋនឹងហេដ្ឋារចនាសម្ព័ន្ធ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីតម្រូវការក្នុងការស្តារតម្លៃ និងខ្សែច្រវាក់​ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃវិបត្តិជំងឺកូវីដ-១៩។ សម្ដេចតេជោ បានបញ្ជាក់អំពីសារៈសំខាន់នៃការធ្វើសំយោគគ្នារវាងផែនការមេស្ដីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) និងកម្មវិធីការតភ្ជាប់អាស៊ាន-សហរដ្ឋអាមេរិក, កម្មវិធីកំណើនរួមក្នុងតំបន់អាស៊ាន តាមរយៈនវានុវត្ដន៍ ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក (IGNITE) របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), និងគំនិតផ្តួចផ្តើម​បណ្តាញចំណុចពណ៌ខៀវ (Blue Dot Network) ។ បន្ថែមលើនេះ​ សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាក៏មានក្តីរំភើបជាខ្លាំងចំពោះការរំពឹងទុករបស់អាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការស្វែងយល់អំពីលទ្ធភាពអភិវឌ្ឍ​យុទ្ធសាស្ត្រយានយន្តអគ្គិសនី ដែលអាចគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃក្នុងទីក្រុងទូទាំងសហគមន៍អាស៊ាន។

             នៅក្នុងអំឡុងពេលសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលពិសេសនេះ សម្តេចតេជោ និងមេដឹក​នាំអាស៊ានដទៃទៀត បានសម្តែងការគាំទ្រដល់ការលើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ទៅជាភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយបានធ្វើការប្តេជ្ញាចិត្តរួមគ្នា ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីធានាថា កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើង​នៅក្នុងអំឡុងពេលពីរថ្ងៃនៃកិច្ចពិភាក្សា នឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងទៅវិញទៅមកចំពោះប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកំណើនវិបុលភាពតំបន់។​

             ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអះអាងឡើងវិញអំពីជំហរបស់កម្ពុជាពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ី ហើយទទូចឲ្យមានការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយមួយ ដើម្បីបញ្ចប់ភាពប្រទូស្តរាយ និងស្តារសន្តិភាពឡើងវិញ។ កម្ពុជាគាំទ្រទាំងស្រុងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និងដើម្បីស្វែងរកដំណោះស្រាយសន្តិភាពមួយ ដើម្បីបញ្ចប់ជម្លោះនេះ។​    ពាក់ព័ន្ធនឹងស្ថានការណ៍នៅ   មីយ៉ាន់ម៉ា សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ដើម្បីនាំមកនូវវឌ្ឍនភាពលើអាទិភាពបន្ទាន់បី ជាអាទិ៍រួមមាន៖ បញ្ចប់អំពើហិង្សា   សម្របសម្រួលជំនួយមុនស្សធម៌   ឲ្យទៅដល់ប្រជាជនដែលមានសេចក្តីត្រូវការបំផុត ហើយបង្កើតបរិយាកាសអំណោយផលមួយ ដើម្បីឲ្យមានកិច្ចសន្ទនានយោបាយមួយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងជូននូវជំហរប្រកបដោយសង្គតិភាព​របស់កម្ពុជា ដើម្បីថែរក្សាសមុទ្រចិនខាងត្បូង ជាសមុទ្រសន្តិភាព ស្ថិរភាព   និងសហប្រតិបត្តិការ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឆ្លៀតឱកាសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា   ដើម្បីអនុវត្តឲ្យបានម៉ឹងម៉ាត់នូវមាត្រាទាំងឡាយនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលពុំអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស​នៅលើទឹកដីកម្ពុជា។

             នៅអំឡុងពេល​បិទកិច្ចប្រជុំកំពូលពិសេសនេះ   សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តមប្រធានានធិបតី ចូ បៃឌិន  ដែលបានធ្វើការប្តេជ្ញាគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា ហើយទន្ទឹងរង់ចាំស្វាគមន៍ឯកឧត្តមប្រធាននាធិបតី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-សហរដ្ឋអាមេរិក នៅកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

                 នៅអំឡុងពេល​ស្នាក់អាស្រ័យ​នៅទីក្រុងវ៉ាស៊ីនតោន សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏មានជំនួបជាមួយឯកឧត្តម ផាម មីនជីញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានជួបសំណោះសំណាលរាក់ទាក់ជាមួយពលរដ្ឋខ្មែរ-អាមេរិកជាង២ពាន់នាក់​ ដែលបានអញ្ជើញមកជួបជុំគ្នា នៅទីក្រុងវ៉ាងស៊ីនតោន ដើម្បីស្វាគមន៍សម្តេចតេជោ៕​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner