ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ 

ភ្នំពេញ​៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)​ បានមានប្រសាសន៍បញ្ជាក់ថា​ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) គឺជាកម្លាំងសរុបជួយសង្គ្រោះជីវិតប្រជាពលរដ្ឋតាមរយ:ការអនុវត្តជាក់ស្ដែងនៅតាមគោលដៅមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩​ ដោយមានការចូលរួមពីសប្បុរសជន កងកម្លាំងអាជ្ញាធរ និងផ្នែកដែលពាក់ព័ន្ធធ្វើឱ្យយើងទទួលបានភាពជោគជ័យមកដល់ពេលនេះ។ 

ការបញ្ជាក់របស់ឯកឧត្តម បានធ្វើឡើងក្នុងពិធីសំណេះសំណាលថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយគ្រូពេទ្យសម្ដេចតេជោប្រឆាំង-១៩ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពណ៌អន្តរជាតិជ្រោយចង្វារ​។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងអបអរសាទរក្រុមការងារ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺ covid-19 បានជោគជ័យ ធ្វើឱ្យប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី២ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពជោគជ័យនេះមិនមែនជាការចៃដន្យនោះទេ គឺសម្ដេចតេជោ ហ៊ុន សែន មានយុទ្ធសាស្ត្រ និងការសម្រេចចិត្តច្បាស់លាស់ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសហើយទទួលបានប្រសិទ្ធភាពក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ខណៈដែលប្រទេសជឿនលឿនមួយចំនួនមិនបានចាក់វ៉ាក់សាំងគ្រប់នៅឡើយ។ 

ជាមួយគ្នានេះ​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមអរគុណក្រុមការងារ សប្បុរសជនកងកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងផ្នែកដែលពាក់ព័ន្ធដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហាលខ្យល់ ហាលភ្លៀង ហាលក្តៅ រហូតធ្វើឱ្យយើងទទួលបានភាពជោគជ័យដូចសព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ ការចូលរួមចំណែកនេះបានធ្វើឱ្យប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិកនៅក្នុងការប្រកួតប្រជែងផ្នែកសន្តិសុខ និងសុខភាព៕​ 

ដោយ៖ពលជ័យ

រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner