លោកពូទីន ព្រមានហ្វាំងឡង់ថាសមាជិកណាតូ នឹងធ្វើឱ្យខូចខាតទំនាក់ទំនង
កាលពីថ្ងៃសៅរ៍ ទី១៤ ឧសភាប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនបានព្រមានសមភាគីហ្វាំងឡង់របស់លោកនិយាយថាទំនាក់ទំនងរវាងប្រទេសទាំងពីរអាចរង «ប៉ះពាល់អវិជ្ជមាន» ប្រសិនបើហ្វាំងឡង់អនុវត្តផែនការចូលជាសមាជិកអង្គការណាតូ។
សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាលោកពូទីនបានប្រាប់លោកសូលី នីនីស្តូតាមសន្ទនាទូរស័ព្ទថាថាការសម្រេចចិត្តរបស់ហ្វាំងឡង់ក្នុងការបោះបង់ចោល «គោលនយោបាយប្រពៃណីរបស់ខ្លួននៃភាពអព្យាក្រឹត្យយោធានឹងជាកំហុសមួយ ដោយសារមិនមានការគំរាមកំហែងដល់សន្តិសុខរបស់ហ្វាំងឡង់»។
លោកពូទីនបន្តទៀតថា៖ «ការផ្លាស់ប្ដូរបែបនេះក្នុងគោលនយោបាយរបស់ប្រទេសនេះអាចជិះផលប៉ះពាល់អវិជ្ជមានទៅលើទំនាក់ទំនងរុស្ស៊ី-ហ្វាំងឡង់ ដែលត្រូវបានកសាងឡើងក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូអស់រយៈពេលជាច្រើនឆ្នាំ ហើយផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក»។
ការឆ្លើយតបបែបនេះបានកើតឡើងបន្ទាប់ពីលោកនីនីស្តូប្រាប់លោកពូទីនថាហ្វាំងឡង់នឹង «ធ្វើការសម្រេចចិត្តដាក់ពាក្យចូលជាសមាជិកអង្គការណាតូនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ» ដោយសារបរិស្ថានសន្តិសុខបានផ្លាស់ប្ដូរបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។
រួមជាមួយប្រទេសហ្វាំងឡង់ ប្រទេសស៊ុយអែតក៏ត្រូវបានគេរំពឹងថានឹងដាក់ពាក្យចូលសមាជិកអង្គការណាតូនៅពេលឆាប់ៗនេះផងដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េស្កូវបាននិយាយថា៖ «ការពង្រីកអង្គការណាតូ និងកាន់តែខិតជិតនៃសម្ព័ន្ធភាពនេះទៅកាន់ព្រំដែនរបស់យើង មិនធ្វើឱ្យពិភពលោក និងទ្វីបរបស់យើងកាន់តែមានស្ថិរភាព និងសុវត្ថិភាពនោះទេ» ហើយរុស្ស៊ីនឹងត្រូវ «បង្ខំឱ្យចាត់វិធានការឆ្លើយតប បច្ចេកទេសយោធា និងផ្សេងទៀត ដើម្បីដោះស្រាយការគំរាមកំហែងជាលទ្ធផលចំពោះសន្តិសុខជាតិរបស់ខ្លួន»៕






ប្រភព៖ AP News