ប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Khalifa ស្លាប់នៅអាយុ ៧៣ ឆ្នាំ
ប្រធានាធិបតីអារ៉ាប់រួមលោក Sheikh Khalifa bin Zayed Al Nahyan ដែលជាមេដឹកនាំបង្វែរប្រទេសឱ្យទៅជាមហាអំណាចសេដ្ឋកិច្ច និងជាដៃគូជិតស្និទ្ធរបស់សហរដ្ឋអាមេរិកមួយក្នុងតំបន់ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ក្នុងអាយុ ៧៣ ឆ្នាំ។
ទោះបីមូលហេតុនៃការស្លាប់របស់លោកមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់លាស់ក្ដី លោក Sheikh Khalifa មានជំងឺដាច់សរសៃឈាមខួរក្បាលក្នុងឆ្នាំ ២០១៤ ហើយបាត់មុខពីការងារសាធារណៈជាច្រើនរបស់លោកតាំងពីពេលនោះមក ដោយផ្ទេរការងារឱ្យទៅប្អូនបង្កើតលោក Mohamed bin Zayed Al Nahyan ដែលជាព្រះអង្គម្ចាស់ក្រុងអាប៊ុយដាប៊ីវិញ។
ក្រោយការស្លាប់ រដ្ឋាភិបាលអារ៉ាប់រួមប្រកាសថា ការិយាល័យរដ្ឋាភិបាល និងអាជីវកម្មឯកជននឹងបិទរយៈពេល៣ថ្ងៃចាប់ពីថ្ងៃសុក្រនេះ ហើយនឹងធ្វើការកាន់ទុក្ខទូទាំងប្រទេសរយៈពេល ៤០ ថ្ងៃ។ រដ្ឋាភិបាលក៏ប្រកាសកាលពីថ្ងៃសៅរ៍ផងដែរថា លោក Sheikh Mohamed នឹងក្លាយជាអ្នកស្នងតំណែងបន្ត។
លោក Sheikh Khalifa បានក្លាយជាប្រធានាធិបតីទី២របស់អារ៉ាប់រួម បន្ទាប់ពីឪពុករបស់លោកស្លាប់ក្នុងឆ្នាំ ២០០៤។ លោកត្រូវបានគេស្គាល់ថាជាមេដឹកនាំដែលធ្វើឱ្យប្រទេសអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងរហ័ស ហើយនៅពេលទ្រព្យសម្បត្តិក្រុងឌូបៃចាប់ផ្តើមធ្លាក់ចុះក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៩ លោកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសហព័ន្ធដោយការបូមប្រាក់រាប់ពាន់លានដុល្លារនៅក្នុងមូលនិធិសង្គ្រោះបន្ទាន់ទៅទីក្រុងឌូបៃ។ ជាការដឹងគុណ ក្រុងឌូបៃបានប្ដូរឈ្មោះអាគារដ៏ខ្ពស់បំផុតលើលោករបស់ខ្លួនពី Burj Dubai ទៅ Burj Khalifa ដែលជាឈ្មោះរបស់មេដឹកនាំរូបនេះ។
នៅពេលបដិវត្តន៍និទាយរដូវអារ៉ាប់រីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ាក្នុងឆ្នាំ ២០១១ រដ្ឋាភិបាលរបស់លោក Sheikh Khalifa បានអន្តរាគមន៍នៅពីក្រោយឆាកដើម្បីគាំទ្រក្រុមបុរសខ្លាំង និងបន្ថយអំណាចពួកនយោបាយអ៊ិស្លាមនិយម។ យោធារបស់លោក Sheikh Khalifa បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន ចូលរួមជាមួយក្រុមចម្រុះប្រឆាំងនឹងរដ្ឋអ៊ិស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ ហើយចាប់ដៃគូជាមួយអារ៉ាប៊ីសាអូឌីតក្នុងអន្តរាគមន៍យោធារបស់ខ្លួនប្រឆាំងនឹងពួកឧទ្ទាមហ៊ូធីនៅយេម៉ែនក្នុងឆ្នាំ ២០១៥ ។ ក្រោយការគ្រប់គ្រងរបស់លោក អារ៉ាប់រួមក៏បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៊ីស្រាអែលនៅឆ្នាំ ២០២០។
លោក Sheikh Khalifa កើតនៅឆ្នាំ ១៩៤៨ ក្នុងក្រុងអាប៊ុយដាប៊ី ជាកូនប្រុសទី១របស់លោក Sheikh Zayed bin Sultan Al Nahyan និងបានសិក្សាផ្នែកបណ្ឌិតសភាយោធាអង់គ្លេសនៅ Sandhurst ។ នៅឆ្នាំ ១៩៦៦ អង់គ្លេសដែលជាអ្នកដាក់អាណានិគមលើអារ៉ាប់រួមបានដំឡើងលោក Sheikh Zayed ជាអ្នកគ្រប់គ្រងក្រុងអាប៊ុយដាប៊ី ក្នុងរដ្ឋប្រហារប្រឆាំងនឹងលោក Shakhbut bin Sultan Al Nahyan ដែលជាបងប្រុស។ ក្រោយមក លោក Sheikh Khalifa ក៏ត្រឡប់ទៅក្រុងអាប៊ុយដាប៊ីវិញ ដើម្បីធ្វើការនៅក្រោមឪពុករបស់លោក ហើយតួនាទីរបស់លោកក៏ឡើងនៅពេលអារ៉ាប់រួមបង្កើតឡើងក្រោយទទួលឯករាជ្យនៅឆ្នាំ ១៩៧១។ ក្រោមការដឹកនាំ ក្រោយមរណភាពរបស់លោក Sheikh Zayed នៅឆ្នាំ ២០០៤ លោក Sheikh Khalifa បានដឹកនាំក្រុមប្រឹក្សាប្រេង ដែលគ្រប់គ្រងគោលនយោបាយប្រេង ដែលជាធនធានដ៏សំខាន់របស់ប្រទេស និងមើលការខុសត្រូវលើកងកម្លាំងប្រដាប់អាវុធ។

ប្រភព៖ New York Times