ប៉ូលិសអ៊ីស្រាអែលវាយប្រហារអ្នកចូលរួមបុណ្យសពអ្នកសារព័ត៌មានប៉ាឡេស្ទីន
កាលពីថ្ងៃសុក្រ ទី១៣ ឧសភាប៉ូលិសអ៊ីស្រាអែលបានវាយប្រហារអ្នកចូលរួមបុណ្យសពអ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីន-អាម៉េរិកាំង ដែលត្រូវបានគេបាញ់សម្លាប់នៅតំបន់ West Bank កាលពីដើមសប្ដាហ៍។
វីដេអូសារព័ត៌មាន និងលើបណ្ដាញសង្គម បង្ហាញប៉ូលិសអ៊ីស្រាអែលនៅក្រុងជេរូហ្សាឡឹមវាយដុំ និងទាត់ធាក់អ្នកសែងក្ដារមឈូសរបស់លោកស្រីស៊ីរ៉ែន អាប៊ូ អាកក្លេ ធ្វើឱ្យពួកគេស្ទើរតែទម្លាក់មឈូសនោះ។
ឧប្បត្តិហេតុបានកើតឡើងនៅមន្ទីរពេទ្យជេរូហ្សាឡឹមខាងកើត ដែលជាកន្លែងអ្នកកាន់ទុក្ខជាច្រើននាក់ប្រមូលផ្ដុំការក្បួនដង្ហែសាកសពលោកស្រីអាប៊ូ អាកក្លេ ដែលជាគ្រិស្តសាសនិកមួយរូប ទៅកាន់ពិធីបុណ្យសពនៅវិហារគ្រិស្តមួយជិតនោះ។
សាក្សីនៅកន្លែងកើតហេតុបានអះអាងថាអំពើហិង្សានេះបានផ្ទុះឡើងភ្លាមៗនៅពេលដែលមានការគប់ដបទឹកទទេមួយទៅកាន់ទិសដៅប៉ូលិស បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងភាគីទាំងពីរ។
ប៉ូលិសអ៊ីស្រាអែលបានអះអាងថាបន្ថែមពីលើដបទឹក ពួកគេត្រូវបានបង្ខំឱ្យប្រើប្រាស់អំពើហិង្សាដោយសារក្រុមអ្នកកាន់ទុកបានស្រែកពាក្យស្លោក«ញុះញង់ជាតិនិយម» ហើយបានគប់ដុំថ្មទៅកាន់មន្ត្រីប៉ូលិស។
លោកស្រីអាប៊ូ អាកក្លេត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃពុធនៅតំបន់ West Bank នៅពេលដែលលោកស្រីធ្វើការរាយការណ៍អំពីការវាយលុករបស់កងទ័ពអ៊ីស្រាអែលនៅទីនោះ។ សាក្សីនៅកន្លែងកើតហេតុបាននិយាយថាលោកស្រីគឺត្រូវបានសម្លាប់ដោយទាហានអ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ថាលោកស្រីអាចត្រូវបានសម្លាប់ដោយទាហានរបស់ពួកគេ បន្ទាប់ពីបានធ្វើការច្រានចោលថាលោកស្រីត្រូវបានសម្លាប់ខ្មាំងកាំភ្លើងប៉ាឡេស្ទីន។
យ៉ាងណាមិញប៉ូលិសអ៊ីស្រាអែលបានព្រមានគ្រួសារលោកស្រីកុំឱ្យបង្ហាញ «ទង់ និងពាក្យស្លោក» នៅក្នុងពិធីបុណ្យសពរបស់លោកស្រី។ នៅក្នុងពិធីបុណ្យសពប៉ូលិសអ៊ីស្រាអែលបានហែកទង់ជាតិប៉ាឡេស្ទីនចំនួនបី នៅលើរថយន្តដឹកសពរបស់លោកស្រី៕

ប្រភព៖ New York Times