បន្ទាប់ពីជំហរអព្យាក្រឹត ២០០ ឆ្នាំ ស៊ុយអែតថ្លឹងថ្លែងចូលជាសមាជិកណាតូ
កងវរសេនាធំប្រចាំកោះហ្គោតឡែនរបស់កងទ័ពស៊ុយអែត បានហាត់សមមេរៀនសឹកសង្គ្រាមរបស់ពួកគេ រួមមានការហាត់ប្រើប្រាស់មីស៊ីលប្រឆាំងរថក្រោះ NLAW ដែលកំពុងបង្ហាញប្រសិទ្ធភាពខ្ពស់នៅប្រទេសអ៊ុយក្រែន។
ស៊ុយអែតកងវរសេនាធំនេះឡើងវិញនៅឆ្នាំ ២០១៨ នៅលើកោះ ដែលមានសារៈសំខាន់យុទ្ធសាស្ត្រយ៉ាងខ្លាំងសម្រាប់ការគ្រប់គ្រងចរាចរផ្លូវអាកាស និងផ្លូវទឹកនៅសមុទ្របាល់តិច។ ឥឡូវពួកគេគឺកំពុងក្នុងដំណើរការកសាងកម្លាំងឡើងវិញដោយមានគោលដៅពង្រីកចំនួនទាហានដល់ទៅ ៤០០០ នាក់ ពីទំហំបច្ចុប្បន្ន ៤០០ នាក់ ប៉ុន្តែគោលដៅនេះគឺនៅឆ្ងាយពីទំហំ ២៥០០០ នាក់ ដែលបានបម្រើការនៅកោះនេះកាលពីសម័យសង្គ្រាមត្រជាក់។
នៅក្នុងការគិតឡើងវិញដ៏ធំនៃឥរិយាបថសន្តិសុខរបស់ខ្លួន ដែលបង្កដោយការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប្រទេសស៊ុយអែតគឺកំពុងរៀនឡើងវិញអំពីការក្លាយខ្លួនជាអំណាចយោធា។ ហើយរួមជាមួយដៃគូយុទ្ធសាស្ត្ររបស់ខ្លួនគឺហ្វាំងឡង់ ស៊ុយអែតគឺកំពុងត្រៀមដាក់ពាក្យចូលជាសមាជិកអង្គការណាតូ ដែលនឹងបញ្ចប់ជំហរអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធជាង ២០០ ឆ្នាំរបស់ខ្លួន។
មេបញ្ជាការថ្មីនៃកងវរសេនាធំកោះហ្គោតឡែន លោកវរសេនីយ៍ឯកម៉ាកនុស ហ្វ្រីកវ៉ាលមានទស្សនៈយ៉ាងច្បាស់អំពីបេសកកម្មនៃការកសាងសមត្ថភាពយោធាស៊ុយអែតឡើងវិញ ក៏ដូចជាសារៈសំខាន់នៃកោះដែលកងវរសេនាធំរបស់លោកកំពុងការពារ។ លោកនិយាយថា៖ «ប្រសិនបើអ្នកជាម្ចាស់កោះហ្គោតឡែន អ្នកអាចគ្រប់គ្រងចលនាផ្លូវទឹក និងអាកាសនៅក្នុងសមុទ្របាលទិកទាំងមូល»។
លោកនិយាយថាការចូលជាសមាជិកអង្គការណាតូគឺជាការសម្រេចចិត្តរបស់អ្នកនយោបាយ ប៉ុន្តែលោកនឹងគាំទ្រការសម្រេចចិត្តនេះ។លោកនិយាយថា៖ «កិច្ចសហប្រតិបត្តិការគឺជារឿងមួយ ប៉ុន្តែសម្ព័ន្ធភាពគឺជារឿងផ្សេងទៀត។ សម្ព័ន្ធភាពមានន័យថាអ្នកមានការធានា»។
របាយការណ៍សភា ដែលបង្ហាញកាលពីថ្ងៃសុក្រដោយរដ្ឋមន្ត្រីការបរទេសស៊ុយអែតលោកស្រីអាន់ លីនដេ បាននិយាយថាសមាជិកភាពរបស់ខ្លួនរួមជាមួយហ្វាំងឡង់ នៅក្នុងអង្គការណាតូនឹងបង្កើនឥទ្ធិពលរារាំងនៅអឺរ៉ុបខាងជើង បើទោះបីជាការវិភាគជាច្រើនបានព្រមានអំពីវិធានការសងសឹកពីរុស្ស៊ីនៅក្នុងអំឡុងពេលអន្តរកាលប្រសិនបើស៊ុយអែតដាក់ពាក្យចូលជាសមាជិក។
ប្រសិនបើការកាត់យកឧបទ្វីបគ្រីមៀរកាលពីឆ្នាំ ២០១៤ គឺជាការដាស់តឿន ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនគឺជាការភ្ញាក់រលឹកដ៏ធំមួយ។
អារម្មណ៍នៅប្រទេសហ្វាំងឡង់ ដែលបានធ្វើសង្គ្រាមពីលើកជាមួយសហភាពសូវៀត បានផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងរយៈពេល ៦ ខែចុងក្រោយនេះមកគាំទ្រការចូលជាសមាជិកអង្គការណាតូ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីសូលី នីនីស្តូ។
ឥឡូវនេះជិត ៨០ ភាគរយនៃប្រជាជនហ្វាំងឡង់គាំទ្រការចូលជាសមាជិក ធៀបនឹងត្រឹមតែ ២០ ភាគរយប៉ុណ្ណោះកាលពីមុនសង្គ្រាម។ កាលពីថ្ងៃព្រហស្បតិ៍ លោកនីនីស្តូ និងលោកស្រីនាយករដ្ឋមន្ត្រីសានណា ម៉ារីន បានបង្ហាញការគាំទ្ររបស់ពួកគេជាសាធារណ ហើយការបោះឆ្នោតក្នុងសភាត្រូវបានគេរំពឹងថានឹងធ្វើនៅថ្ងៃចន្ទ។
ដើមឡើយនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រីម៉ាដាលេណា អានឌឺសុនបានបង្ហាញការប្រឆាំងការស្នើចូលជាសមាជិករហូតដល់ត្រឹមដើមខែមិនា មុននឹងផ្លាស់ប្ដូរមកគាំទ្រវិញជាពិសេសប្រសិនបើហ្វាំងឡង់ដាក់ពាក្យចូលដែរ។
អ្នកវិភាគនិយាយថាការផ្លាស់ប្ដូរនេះគឺដោយសារដើមឡើយសាធារណជនស៊ុយអែតមិនសូវខ្វល់នឹងសង្គ្រាមនៅអ៊ុយក្រែនទេ ប៉ុន្តែមតិសាធារណបានផ្លាស់ប្ដូរយ៉ាងខ្លាំងបន្ទាប់ពីការព្រមានពីប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន និងរដ្ឋាភិបាលរុស្ស៊ីថានឹងមានការឆ្លើយតបប្រសិនបើស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកណាតូ។
យ៉ាងណាមិញស៊ុយអែត និងរុស្ស៊ីមានទំនាក់ទំនងយ៉ាងស្មុគស្មាញក្នុងរយៈពេល៧០០ ឆ្នាំចុងក្រោយនេះ ដែលរួមមានការឈ្លានពានកោះហ្គោតឡែនកាលពីឆ្នាំ ១៨០៨ ដោយប្រទេសរុស្ស៊ី។ ទាហានរុស្ស៊ី ១៨០០ នាក់ចុងក្រោយត្រូវបានបណ្ដេញចេញពីកោះនេះមួយខែមក ប៉ុន្តែសង្គ្រាមនេះត្រូវបានបញ្ចប់ដោយរុស្ស៊ីកាត់យកប្រទេសហ្វាំងឡង់ពីទឹកដីស៊ុយអែត។ ៦ ឆ្នាំក្រោយមក ១៨១៤ ប្រទេសស៊ុយអែតបានចូលរួមសង្គ្រាមចុងក្រោយរបស់ពួកគេ។
នៅក្នុងសម័យសង្គ្រាមត្រជាក់ប្រទេសស៊ុយអែតប្រឈមមុខនឹងការគំរាមកំហែងពីសហភាពសូវៀតនៅសមុទ្របាល់តិក។ កងនាវាដ៏ធំរបស់សូវៀតនៅតំបន់កាលីនីនក្រាដ ប្រមាណ ៥០០ គីឡូម៉ែត្រពីឆ្នេរសមុទ្រស៊ុយអែត។ សហភាពសូវៀតក៏បានដាក់ពង្រាយមីស៊ីលមានសមត្ថភាពនុយក្លេអ៊ែរនៅតំបន់កាលីនីនក្រាដផងដែរ។
បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ស៊ុយអែតបានគិតថាសង្គ្រាមគឺជារឿងអតីតកាល ដែលមិនទំនងកើតឡើងទៀតនៅអឺរ៉ុប។ ពួកគេបានដកកងយោធាស្ទើរតែទាំងអស់ចេញពីកោះហ្គោតឡែន ហើយកាត់បន្ថយប្រមាណ ៩០ ភាគរយនៃទំហំកងជើងគោករបស់ខ្លួន ខណៈពេលដែលកងទ័ពជើងទឹក និងជើងអាកាសបានរងការកាត់បន្ថយ ៧០ ភាគរយ៕

ប្រភព៖ New York Times