សមាជិកថ្មីក្នុងសង្កាត់កំពង់ចាម សង្កាត់សំបួរមាស ជិត ១,៥០០នាក់ ប្ដេជ្ញាទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា
កំពង់ចាម ៖ នារសៀលថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មាធិការ ថ្នាក់កណ្តាល ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងប្រកាស បញ្ចូលសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ចាម និងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំនួន ១,៤៨៩នាក់ ដែលធ្វើឡើងនៅសាលប្រជុំសសរ ១០០ សម្តេចតេជោ សួនក្រញូង នគរបាជ័យ ។
បន្ទាប់ពីតំណាងសមាជិកថ្មីបានឡើងធ្វើការប្តេជ្ញាចិត្តជាឱឡារឹក ក្រោមសំឡេងទះដៃយ៉ាងកងរំពង ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមគណបក្សខេត្ត មានប្រសាសន៍សំណេះសំណាល ប្រកបដោយមនោសញ្ចេតនារីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និងជឿជាក់យ៉ាងមុតមាំថាមានតែសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសមានសុខសន្តិភាព និងការរីកចម្រើន ដែលពុំមានគណបក្សណាអាចធ្វើបាន។
ឯកឧត្តម ប្រធានគណបក្សខេត្ត បន្តថា សូមឱ្យបងប្អូនសមាជិកថ្មី រក្សានូវគោលជំហរស្មោះត្រង់ជាមួយគណបក្ស កុំជឿពាក្យញុះញង់ពីគណបក្សផ្សេង ដោយរក្សាឱ្យបានមូវសាមគ្គីភាព ក្នុងនាមជាមហាគ្រួសារគណបក្សកម្ពុជា។
ឯកឧត្តមប្រធាន ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីការកសាងអភិវឌ្ឍមាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនជាលំដាប់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕ ដោយ ៖ លី ពៅ











