ព្រះអនុគណក្រុងសៀមរាប បានប្រារព្ធពិធីបុណ្យវិសាខបូជា និងបំបួសកុលបុត្រ កុលធីតា ចំនួន២០០រូប នៅក្នុងបរិវេណទីក្រុងអង្គរធំ

សៀមរាប៖ ពិធីបុណ្យវិសាខបូជា ដែលបានឧប្បត្តឹកឡើងក្នុងឱកាសដ៏មហោឡារិកនាពេលនេះ ជាបុណ្យដ៏ប្រណីត ដែលបានផុសចេញពីទឹកចិត្តកតញ្ញូតាធម៌ប្រកបដោយប្រាជ្ញាស្មារតី និងសាមគ្គីភាពដ៏រឹងមាំរបស់ព្រះសង្ឃគ្រប់អង្គ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពុទ្ធបរិស័ទទាំងឡាយ ជាពិសេស មន្ត្រីសង្ឃនៃសាលាអនុគណក្រុងសៀមរាបតែម្តង។ ព្រះវិជ័យរង្សី ឡាច លាង ជាព្រះគ្រូប្រាសាទរង្សី អនុគណក្រុង និងជាប្រធានកម្មវិធីបុណ្យវិសាខបូជា មានសង្ឃដីកា ក្នុងពិធីបុណ្យវិសាខបូជា នឹងបំបួសកុលបុត្រ កុលធីតា ចំនួន២០០រូប នៅបរិវេណនៃទីក្រុងអង្គរធំ កាលពីថ្ងៃអាទិត្យ ពេញបូណ៌មី ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ។

ព្រះវិជ័យរង្សី ឡាច លាង ជាព្រះគ្រូប្រាសាទរង្សី អនុគណក្រុង និងជាប្រធានកម្មវិធីបុណ្យវិសាខបូជា មានសង្ឃដីកាថា កម្មវិធីបុណ្យដែលបានប្រារព្ធឡើងក្នុងឱកាសនេះ គឺមានវត្ថុបំណងសំខាន់ៗមួយចំនួនដោយយល់ឃើញថា វិសាខបូជាគឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនដ៏ធំមួយ ដែលពុទ្ធមាមិកជន អ្នកស្រឡាញ់រាប់អានព្រះពុទ្ធសាសនាក្នុងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល មានប្រទេសឥណ្ឌា ស្រីលង្កា ភូមា ឡាវ ថៃ វៀតណាម កូរ៉េ ចិន ជប៉ុន ប៊ូតាន និងពុទ្ធបរិស័ទនៅប្រទេសមួយចំនួនទៀតនៅលោកខាងលិច ដូចជាអាមេរិក កាណាដា អង់គ្លេស ញូវហ្សឺឡែន បារាំង អូស្ត្រាលីជាដើម បាននឹងកំពុងប្រារព្ធធ្វើបុណ្យនេះដូចគ្នា ដើម្បីរំឭកដល់នក្ខត្តសម័យសំខាន់ៗទាំងបីរបស់ព្រះសម្មាសម្ពុទ្ធ គឺទី១ គឺថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូតិ។ ទី២ គឺថ្ងៃដែលព្រះអង្គទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ជាអគ្គបុគ្គលលើលោក និងទី៣ គឺជាថ្ងៃដែលព្រះពុទ្ធបរមគ្រូនៃយើងរំលត់ខន្ធចូលកាន់បរិនិព្វាន។

ព្រះវិជ័យរង្សី ឡាច លាង មានសង្ឃដីកាបន្តថា ព្រឹត្តិការណ៍ទាំង៣នេះ គឺសុទ្ធតែកើតចំថ្ងៃពេញបូណ៌មី ខែវិសាខដូចគ្នា បុណ្យវិសាខបូជាសម្រាប់ខេត្តសៀមរាបយើង ដែលប្រារព្ធក្នុងបរិវេណតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ដែលមានកុលបុត្រកុលធីតា ចូលរួមសាងផ្នួសបួសអប់រំបន្ទុំនិស្ស័យ ក្នុងព្រះធម៌វិន័យព្រះពុទ្ធសាសនាជាច្រើនរូប។ នេះជាឆ្នាំទី១០នៃការរៀបចំពិធីនេះ បើគិតពីឆ្នាំទី១ ថ្ងៃទី១១ ដល់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១១ មក គឺមានសាមណេរ និងសីលវតីប្រមាណជាង ៦០០០រូបដែលបានស្ម័គ្រចិត្តចូលសាងផ្នួសក្នុងពិធីរបស់យើង។ ជាពិសេស ពិធីនេះបានក្លាយជាប្រពៃណីដ៏ល្អរបស់អ្នកសៀមរាបផងដែរ ដើម្បីបានជាការយល់ដឹង និង ចូលរួមប្រតិបត្តិថែរក្សាការពារនូវប្រពៃណីទំនៀមទម្លាប់ ដែលជាវប្បធម៌ព្រះពុទ្ធសាសនាដ៏ល្អផូផូរផង់របស់ខ្មែរយើង។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលមានតួនាទីថែរក្សាការពារ និងផ្សព្វផ្សាយនូវគុណតម្លៃរបស់ព្រះពុទ្ធសាសនា និងដើម្បីបញ្ជាក់ពីកតញ្ញូ កតវេទីចំពោះការខិតខំប្រឹងប្រែងតស៊ូពុះពារដឹកនាំប្រៀនប្រដៅទាំងថ្ងៃទាំងយប់របស់ព្រះពុទ្ធជាម្ចាស់ ជាពិសេស ព្រះអង្គបានបន្សល់ទុកនូវព្រះពុទ្ធវចនៈ គឺធម៌វិន័យ ជាវិថីឆ្ពោះទៅរកសេចក្តីសុខ សុភមង្គល និងសន្តិភាពសម្រាប់ជីវិតសត្វលោកគ្រប់ស្រទាប់វណ្ណៈដែលមិនអាចកាត់ថ្លៃបាន។

ដើម្បីរឹតចំណងមិត្តភាពរវាងព្រះសង្ឃ មន្ត្រីរាជការ ពុទ្ធបរិស័ទ និងយុវជនយុវតីឲ្យបានស្គល់គ្នា រាប់អានគ្នា រីករាយរកគ្នា បង្កើតបានជាភាពស្និតស្នាល និង មិត្តភាពដ៏រឹងមាំ ក្នុងការសាមគ្គីភាព ការស្រឡាញ់និងភាពស្មោះត្រង់ចំពោះព្រះពុទ្ធសាសនា ព្រោះថា វិស័យពុទ្ធចក្រ និងអាណាចក្រត្រូវតែដើរជាធ្លុងមួយដ្មើភាពគ្នា ទើបអាចធ្វើដំណើរឆ្ពោះទៅរកវិបុលភាព វឌ្ឍនភាព និងវប្បធម៌សន្តិភាព ប្រកបដោយសីលធម៌សម្រាប់សង្គមជាតិ និងសាសនាជានិរន្តរ៍៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner