ថ្នាក់ដឹកនាំខេត្តរតនគិរី អញ្ជើញចូលរួមបុណ្យវិសាខបូជា នៅវត្តឥសាន្តរតនារាម (វត្តភ្នំស្វាយ)ស្ថិតក្នុងក្រុងបានលុង

រតនគិរី ៖ នៅល្ងាចថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា នៅវត្តឥសាន្តរតនារាម (វត្តភ្នំស្វាយ) ស្ថិតក្នុងក្រុងបានលុង ។ ពិធីបុណ្យដ៏មានអត្ថន័យវិសេសវិសាលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនផងដែរ។

ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍សំណេះសំណាលដោយបានបញ្ជាក់ថា វិស័យសាសនា ត្រូវបានស្ដារឡើងវិញ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានផ្តល់តម្លៃខ្ពស់ លើការអភិវឌ្ឍន៍វិស័យសាសនា ដែលក្នុងនោះមាន ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងការគាំទ្រការគោរពប្រតិបត្តិការសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនា នៃសង្គមជាតិ។ រាជរដ្ឋាភិបាលបានខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ក្លាយជាមជ្ឈមណ្ឌលជីវភាពខាងស្មារតី ដែលជាសកម្មភាពដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌អប់រំ និងសីលធម៌សង្គម។

ឯកឧត្តម អភិបាលខេត្ត សូមកោតសរសើរចំពោះមន្ទីរធម្មការ និងសាសនា និង ព្រះមន្ត្រីសង្ឃគ្រប់អង្គ ដែលបានចូលរួមសហការយ៉ាងសកម្ម ក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើន សមស្របទៅនឹងការវិវត្តន៍របស់សង្គមជាតិ។ ឯកឧត្តម ក៏បានសំណូមពរដល់ពុទ្ធសាសនិកជនទាំងអស់ មេត្តាចូលរួមប្រតិបត្តិតាមព្រះពុទ្ធឱវាទ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងឲ្យបានខ្ជាប់ខ្ជួន តាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាព្រះសង្ឃ ឬជាគ្រហស្ថ ឧបាសក ឧបាសិកា ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនារបស់យើងឲ្យមានការរីកចម្រើន ព្រោះថាព្រះពុទ្ធសាសនា រីកចម្រើន ឬអត់ គឺអាស្រ័យទៅលើយើងទាំងអស់គ្នា។

សូមរម្លឹកថា៖ វិសាខបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជាបាន ចាត់ទុកជាបុណ្យជាតិ ។ ជាងនេះទៀត ប្រទេសជិត ២០០ ដែលជាសមាជិកនៃ អង្គការសហប្រជាជាតិ បានអនុម័ត និង ទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពី ឆ្នាំ ១៩៩៩ ។

ការប្រារព្ធពិធីបុណ្យ វិសាខបូជា គឺដើម្បីរម្លឹក ដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ដែល ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ ។ ព្រឹត្តិការណ៍ ទាំងនោះ គឺការប្រសូត,ការត្រាស់ដឹង,ការចូលនិព្វាន ។ ព្រះពុទ្ធមានព្រះនាមដើម ថាសិទ្ធត្ថ ( អាន ថា សិត – ធ័ត ) ដែលជា ព្រះរាជបុត្រារបស់ព្រះនាង សិរិ មហាមាយា និង ព្រះបាទសុទ្ធោទនៈ ។ ព្រះអង្គត្រូវបាន គេ ហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ , ព្រះសមណគោតម , ព្រះ ជិនស្រី , ព្រះសក្យមុនី , ព្រះបរមគ្រូ , ព្រះ សាស្តា ជាដើម ។

ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃ សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុនគ្រិស្តសករាជ ចំនួន ៦២៣ ឆ្នាំ ។ នៅពេលមានព្រះជន្ម ២៩ ព្រះវស្សា ព្រះ សិទ្ធត្ថ បានយាងទៅសាងផ្នួស ។ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពីក្លាយខ្លួនជា អ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បាន ត្រាស់ដឹងកា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាទៀបភ្លឺ ។ព្រះបរមគ្រូ នៃយើងទ្រង់ចូលបរិនិព្វាននៅ ថ្ងៃ អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ ព្រះវស្សា ។ រហូតមកដល់ពេលនេះព្រះ សក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦៦ឆ្នាំ ហើយ ។ យើងសង្កេតឃើញថា ព្រះ ចេសាស្តា ទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាន ក្នុងថ្ងៃ ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ ។ ដូច្នេះបុណ្យ វិសាខបូជា គឺ តំណាងឲ្យ « ថ្ងៃទាំងបី » នេះឯឯ ៕ ដោយ គតិ យុត្ត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner