AVIVoice Ep72: ស្ថានការណ៍សន្តិសុខនៅតំបន់អឺរ៉ុប ក្រោយការឈ្លានពាននៅអ៊ុយក្រែន

មកទល់នឹងពេលនេះ សង្រ្គាមនៅអ៊ុយក្រែនជាមួយនឹងរុស្ស៊ីបានឈានចូលដល់រយៈពេលពីរខែជាងហើយ ដែលបន្តផ្ដល់នូវក្ដីព្រួយបារម្ភផ្នែកសន្តិសុខដល់ប្រទេសជិតខាងនៃប្រទេសទាំងពីរក៏ដូចជាសន្តិសុខនៅតំបន់អឺរ៉ុបទាំងមូលផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ បានលើកឡើងពីផលបច្ច័យផ្នែកសន្តិសុខពីការឈ្លានពាននៅអ៊ុយក្រែន និងចំណាត់ការរបស់អង្គការណាតូដើម្បីធានាដល់សន្តិសុខដល់តំបន់អឺរ៉ុប។

សំណួរទី ១៖ ​ចាប់តាំងពីថ្ងៃ២២ខែកុម្ភៈឆ្នាំ២០២២កន្លងទៅនេះ ប្រទេសអ៊ុយក្រែនត្រូវបានឈ្លានពានដោយផ្នែកយោធាពីប្រទេសរុស្ស៊ីដែលបញ្ហាក្នុងការឈ្នះពាននេះគឺកំពុងតែបន្តរហូតមកដល់សព្វថ្ងៃនេះ តើដើមហេតុដែលនាំឲ្យប្រទេសរុស្ស៊ីឈានដល់ការប្រើអំពើហិង្សាផ្នែកយោធាឈ្លានពានទៅលើប្រទេសអ៊ុយក្រែនហើយមកដល់សព្វថ្ងៃគេផងដែរថាស្ថានភាពសង្គ្រាម រុស្ស៊ីនិងអ៊ុយក្រែននេះមានការវិវត្តដល់ណាហើយ?

ពាក់ព័ន្ធទៅនឹងដើមហេតុដែលនាំឲ្យមានការដែលយើងអាចហៅថាសង្គ្រាម ប៉ុន្តែតាមដែលខ្ញុំតាមដានគឺពិភពលោកនិងអ្នកវិភាគភាគច្រើនគឺនៅតែប្រើពាក្យផ្សេងគ្នានៅឡើយរហូតមកទល់ពេលនេះគឺគេមានប្រើពាក្យការឈ្លានពាន ខ្លះថាការលុកលុយ ខ្លះថាសង្គ្រាម យើងឃើញថាមានការប្រើពាក្យច្រើនឬកំណត់និយមន័យច្រើន ចំពោះបញ្ហារុស្ស៊ីនិងអ៊ុយក្រែន។ ខ្ញុំសូមប្រើពាក្យថាជាបញ្ហាឬជាការឈ្លានពានដូចដែលលោកវាគ្មិនកន្លងមកលោកបានចែករំលែកឬក៏បានប្រើប្រាស់ពាក្យហ្នឹង។ យើងមើលបើនិយាយអំពីដើមហេតុ ខ្ញុំមិននិយាយសារដើមឡើងវិញទេ ចំពោះកិច្ចសម្ភាសន៍កន្លងមកទេប៉ុន្តែនៅក្នុងនេះគឺជាការកំណត់និយមន័យឬជាការមើលឃើញរបស់ខ្ញុំគឺមានពីរចំណុច ដែលជាដើមហេតុនាំឱ្យរុស្ស៊ីធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន (១)​ រុស្ស៊ី លោកបានប្រើប្រាស់ពាក្យថាដើម្បីជួយសង្គ្រោះឬការការពារពលរដ្ឋដែលជាអ្នកនិយាយឬក៏ជាអ្នកប្រើប្រាស់ភាសារុស្ស៊ី ឬក៏ដើម្បីការពារពលរដ្ឋដែលមានទំនោរទៅរកប្រទេសរុស្ស៊ី  (២) ជាការគិតបែបយុទ្ធសាស្ត្រនយោបាយថា រុស្ស៊ីគិតបារម្ភអំពីសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រទេសរុស្ស៊ី យើងដឹងហើយថាក្រោយពេលដែលលោក Zelenskyy ដែលជាប្រធានាធិបតីរបស់អ៊ុយក្រែនឡើងកាន់អំណាចជាប្រធានាធិបតីគឺគាត់មានឆន្ទៈយ៉ាងខ្លាំងក្នុងការដាក់បញ្ចូលប្រទេសរបស់លោកឱ្យចូលជាសមាជិករបស់សហភាពអឺរ៉ុប នឹងឲ្យចូលជាសមាជិកអង្គការណាតូផង។ យើងត្រូវដឹងថាវាជាប្រវត្តិសាស្ត្រនៃពិភពលោកឬក៏ជានៅក្នុងកិច្ចការនយោបាយ គឺថាបើកាលណា រឿងអីក៏ដោយបើកាលណាពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពរបស់ប្រទេសជាធម្មតាអ្នកខ្លាំងឬក៏អ្នកដែលគេគិតបានមួយជំហានមុននរណាគេអាចធ្វើកិច្ចការយ៉ាងណាដើម្បីការពារនូវវិបត្តិមហន្តរាយដែលនឹងកើតមានចំពោះប្រទេសរបស់គេហើយ។ និយាយបែបហ្នឹងមិនមែនបានន័យថាខ្ញុំគាំទ្រការឈ្លានពានរបស់រុស្ស៊ីនិងអ៊ុយក្រែនទេប៉ុន្តែគេចង់បញ្ជាក់ថា រុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនគឺដើម្បីបង្ការការពារហានិភ័យណាមួយដែលអាចកើតមានចំពោះប្រទេសរុស្ស៊ីផ្ទាល់ប្រសិនបើអ៊ុយក្រែនបានចូលជាសមាជិករបស់អង្គការណាតូឬក៏បើសិនជាអ៊ុយក្រែនបានចូលជាសមាជិកភាពមួយរបស់សហភាពអឺរ៉ុបពីព្រោះយើងមើលជាធម្មតាបទពិសោធន៍ជាករណីឧទាហរណ៍ជាក់ស្តែងគឺក្នុងសង្គ្រាមលោកលើកទីពីរឬក៏សម័យអាណានិគមហ្នឹងគឺប្រទេសជាប់ខាងយើងគឺមានតែប្រទេសថៃមួយទៀតដែលលោកបានឆ្លងផុតនូវការដាក់អាណានិគមរបស់បរទេសគឺដោយសារការតម្រូវឲ្យទុកប្រទេសមួយជាតំបន់ស។

យើងមើលកាលពីសម័យអាណានិគមនិយមបារាំង​ យើងមានឥណ្ឌូចិនដែលមានកម្ពុជា វៀតណាម ឡាវ ដែលជាប្រទេសស្ថិតនៅក្រោមអាណានិគម។ ដោយឡែកប្រទេសថៃជាប្រទេសមួយដែល ចក្រភពអង់គ្លេស និងបារាំងមិនបានយកមកដាក់ជាអាណានិគមទេគឺមហាអំណាចទាំងពីរនៅពេលនោះគឺសុខចិត្តទុកប្រទេសថៃមួយគឺជាតំបន់សជាព្រំដែនដើម្បីខណ្ឌចែកព្រំប្រទល់នៃការដាក់អាណានិគមរបស់ខ្លួន។  អ៊ីចឹងមែនក្នុងន័យនេះ ចង់បញ្ជាក់ថារុស្ស៊ីមិនមានឆន្ទៈបើយើងគិតថាឆន្ទៈនៃការវាយអ៊ុយក្រែន ខ្ញុំគិតថារុស្ស៊ីក៏មិនចង់អ្វីដែរ ពីព្រោះពលរដ្ឋភាគច្រើនក៏ជាអ្នកប្រើប្រាស់ភាសារុស្ស៊ីហើយបើយើងនិយាយអំពីសាច់ញ្ញាតិ ដែលពាក្យខ្មែរយើងហៅថាខ្សែរស្រឡាយមានពលរដ្ឋមួយចំនួនដែលនៅប្រទេសអ៊ុយក្រែនធ្លាប់មានជីដូនជីតាឬក៏សាច់ញ្ញាតិនៅក្នុងប្រទេសរុស្ស៊ី។ បើយើងគិតពីអតីតកាលនៃសហភាពសូវៀតគឺ យើងឃើញថាអ៊ុយក្រែនក៏ធ្លាប់ជារដ្ឋមួយនៃអតីតសហភាពសូវៀតដែរ។ អ៊ីចឹងយើងហៅថាមនោសញ្ចេតនាក្នុងការជាប់សែស្រឡាយនោះពិតជាមានហើយ ប៉ុន្តែបើយើងត្រឡប់និយាយអំពីរឿងសន្តិសុខវិញ បើការណានិយាយពីរឿងសន្តិសុខឬសុវត្ថិភាពរបស់ប្រទេសជាធម្មតាគេមិនបណ្ដោយឲ្យប្រទេសណាមួយគំរាមនៅប្រទេសរបស់គេទេ បើយើងនិយាយអំពីក្រមសីលធម៌វាមិនត្រូវទេ ទៅវាយប្រទេសឯករាជ្យឬវាយអ្នកទន់ខ្សោយជាងខ្លួនវាមិនត្រូវទេ ប៉ុន្តែបើនិយាយពិសន្តិសុខសុវត្ថិភាពរបស់ប្រទេសគឺយើងលំបាកក្នុងការនិយាយថារុស្ស៊ីមិនត្រូវណាស់ពីព្រោះ ដោយសារគេបារម្ភពីសន្តិសុខរបស់គេ។ បើនិយាយថាតើសង្គ្រាមហ្នឹង វាវិវត្តន៍ដ៏ណាហើយ មកទល់ពេលនេះ តាមការអង្គេតតបស់ខ្ញុំនោះគឺបញ្ហាសង្គ្រាម ឬបញ្ហាឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅពេលនេះ ទាំងភាគីរុស្ស៊ីនិងអ៊ុយក្រែនកំពុងតែស្ទង់កម្លាំងគ្នា ឬក៏យើងហៅថាការ balance នូវកម្លាំងពីព្រោះដោយសារតែ បើទោះបីនាពេលនេះអ៊ុយក្រែនមិនមែនជាសមាជិករបស់សហភាពអឺរ៉ុប ហើយមិនមានជាសមាជិកអង្គការណាតូក៏ដោយប៉ុន្តែយើងមើលសកម្មភាពនៃការបំផុសបំផុលឱ្យជួយអ៊ុយក្រែនគឺច្រើន ដែលខ្ញុំតាមដានកន្លងមកនេះ សហភាពអឺរ៉ុបខ្លួនឯងគឺស្ទើរតែបែកបាក់គ្នាហើយកន្លងមក រហូតដល់មានព្រឹត្តិការណ៍Brexit​កាលដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបហើយសមាជិកផ្សេងៗទៀតអាចត្រូវបានចោតប្រកាន់មានទំនោរស្និទ្ធពេកជាមួយប្រទេសចិន ឧទាហរណ៍ដូចជាប៉ូលឡូញឬក៏ហុងគ្រី គឺចង់មានន័យថាសហភាពអឺរ៉ុបមានវិបត្តិផ្ទៃក្នុងរបស់ខ្លួនដោយសារភាពមិនស្មើគ្នានៅក្នុងសហគមន៍​ ប៉ុន្តែនៅពេលវិបត្តិរបស់អ៊ុយក្រែនហ្នឹងបានកើតឡើង យើងឃើញថាសាមគ្គីភាពនិងការចេះជួយគ្នារបស់សហភាពអឺរ៉ុបមានការផុសផុលមានប្រទេសខ្លះស្ម័គ្រចិត្តទទួលយកជនភៀសខ្លួនអ៊ុយក្រែនដោយស្ម័គ្រចិត្តតែម្តង ដែលជាការផ្ទុយគ្នាអំពីវិបត្តិមនុស្សធម៌ចំពោះជនអន្តោប្រវេសន៍ដែលមកពីប្រទេសផ្សេងៗដូចជា មជ្ឈមបូព៌ា មកពីប្រទេសស៊ីរី ជនអន្តោប្រវេសន៍ទាំងនោះមិនត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាប្រទេសនៅសហភាពអឺរ៉ុបទេ។

ប៉ុន្តែដល់រឿងអ៊ុយក្រែន ប្រទេសជាសមាជិកវិញគឺគេពេញចិត្ត ស្វាគមន៍ទទួលយកនិងជួយដល់អស់ពីចិត្ត ក្នុងន័យមួយថា សហភាពអឺរ៉ុបមានភាពសាមគ្គីគ្នាល្អដើម្បីជួយប្រជាជនអ៊ុយក្រែន ហើយអាមេរិកដែលជាប្រទេសមហាអំណាចមួយដែលនិយាយច្រើនលើកច្រើនសារអំពីវិបត្តិរុស្ស៊ីនិងអ៊ុយក្រែនហ្នឹងគឺ មានការប្រកាសផ្តល់នូវសព្វាវុធឬក៏ជំនួយជាច្រើនមកដល់ប្រទេសអ៊ុយក្រែន កន្លងមកយើងឃើញមានរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិរបស់អាមេរិក ក៏បានជួបជាមួយលោក Zelenskyy ជាប្រធានាធិបតីរបស់អ៊ុយក្រែនទៀត។ ប៉ុន្ដែខ្ញុំពីរឿងមួយដែលហាក់ដូចជាមិនច្បាស់អំពីជំនួយ ពីព្រោះករណីសិក្សាជាក់ស្តែងដែលកម្ពុជាយើងធ្លាប់បានជួបប្រទះកន្លងមក នៅសម័យលន់ នល់ គឺជំនួយដែលសហរដ្ឋអាមេរិកបានជួយមកប្រទេសកម្ពុជាគឺ ត្រូវបានចាត់ទុកថាជាការប្រាក់ជំពាក់កម្ចីដែលកម្ពុជាត្រូវតែសង ខ្ញុំនឹកឃើញថាតើថ្ងៃក្រោយទៅតើអ៊ុយក្រែនត្រូវតែជាប់អត្រាការប្រាក់ឬត្រូវសងប្រាក់ជំនួយទៅសហរដ្ឋអាមេរិកឬក៏យ៉ាងម៉េច នេះយើងមិនច្បាស់ទេ ប៉ុន្ដែឧទាហរណ៍ដែលកម្ពុជាយើងធ្លាប់ជួបប្រទេសកន្លងមក។ ដំបូងសម័យកាលរបស់លន់ នល់ គឺកម្ពុជាបានកម្ចីប្រាក់ជាង២៧០ដុល្លារសហរដ្ឋអាមេរិក ដែលមកទល់ឥឡូវឡើងជាង៥០០លានដុល្លារសហរដ្ឋអាមេរិក ដែលនៅតែជារឿងចម្រូងចម្រាស សម្រាប់កម្ពុជានិងសហរដ្ឋអាមេរិកនៅឡើយទេ ហើយដល់រឿងជំនួយដែលអាមេរិកជួយដល់អ៊ុយក្រែននៅពេលនេះ យើងគិតថាជារឿងល្អដែលមានថវិកាប្រើប្រាស់សម្រាប់អភិវឌ្ឍន៍សម្រាប់ការពារប្រទេសនៅពេលដែលយើងត្រូវការប៉ុន្តែលទ្ធផលទៅមុខយ៉ាងណាយើងមិនបានដឹងច្បាស់ទេ។

សំណួរទី ២៖ ការឈ្លានពានដែលឈានចូលរយៈពេលជាងពីរខែនេះ ដែលបានផ្តល់នូវក្តីបារម្ភយ៉ាងខ្លាំងទាក់ទងទៅនឹងបញ្ហាសន្តិសុខទៅដល់ប្រទេសនានានៅក្នុងតំបន់អឺរ៉ុបជាពិសេសគឺប្រទេសដែលមានព្រំប្រទល់ជាប់នឹងប្រទេសអ៊ុយក្រែន ក៏ដូចជាប្រទេសប្រទេសរុស្ស៊ីផងដែរ ជាពិសេសគឺប្រទេសដែលមិនទាន់ជាសមាជិករបស់ប្រទេសណាតូនិងសហភាពអឺរ៉ុប តើសង្គ្រាមនៅប្រទេសអ៊ុយក្រែនជាមួយនឹងរុស្ស៊ីបានផ្តល់ផលបច្ច័យផ្នែកសន្តិសុខអ្វីខ្លះទៅដល់តំបន់អឺរ៉ុបទាំងមូល?
បើយើងនិយាយពីផ្នែកសន្តិសុខរបស់សហភាពអឺរ៉ុប ជាដំបូងយើងខ្ញុំចង់ជម្រាបជូនថា​ ជាធម្មតាប្រទេសណាក៏ដោយក៏គេគិតអំពីសុខសុវត្ថិភាពឬក៏ការអភិវឌ្ឍន៍របស់គេមុនដែរ ហើយនៅក្នុងគ្រួសារ និងនៅក្នុងសង្គម បើកាលណាគេមុននឹងជួយអ្នកដទៃក៏គេត្រូវសម្លឹងមើលពីស្ថានភាពនៃគ្រួសាររបស់ខ្លួនសិនដែរ ពីព្រោះវាកម្រណាស់ដែលសុខចិត្តលះបង់នូវស្ថានភាពគ្រួសាររបស់ខ្លួនហើយទៅជួយ គ្រួសាររបស់អ្នកដទៃ ហើយក្នុងន័យដូចគ្នាអ្នកដែលសុខចិត្តជួយលះបង់ សន្តិសុខសុវត្ថិភាពរបស់ប្រទេសខ្លួនឯងហើយទៅជួយអ្នកដទៃហ្នឹងជារឿងមួយដែលត្រូវធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។ អ៊ីចឹងនៅក្នុងន័យនេះ គឺខ្ញុំចង់បញ្ជាក់ជូនថាសហភាពអឺរ៉ុបខ្លួនឯងនឹងក៏មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងការសម្រេចចិត្តថា ថាតើគួរអនុញ្ញាតឱ្យអ៊ុយក្រែនក្លាយជាសមាជិករបស់ខ្លួនដែរឬយ៉ាងណា។ នេះគឺជារឿងមួយ ហើយអង្គការណាតូមុននឹងសម្រេចចិត្តថាទទួលយកអ៊ុយក្រែនជាសមាជិករបស់ខ្លួន​ ក៏បណ្ដាប្រទេសពាក់ព័ន្ធមានសហរដ្ឋអាមេរិកជាប្រធានហ្នឹង ក៏មានការសម្រេចចិត្តដោយប្រុងប្រយ័ត្នដែរ ពីព្រោះជាធម្មតា បើកាលណា គូរសត្រូវពីរមានកម្លាំងស្មើគ្នា ដឹងថាវ៉ៃមិនឈ្នះមិនចាញ់ក៏គេមិនចង់វ៉ៃគ្នាដែរ។ អ៊ីចឹងមានន័យថាហើយនៅក្នុងករណីអ៊ុយក្រែនបើសិនជាសហភាពអឺរ៉ុបឬក៏អង្គការណាតូ អនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិករបស់ខ្លួនហ្នឹង ក៏គេគិតដែរ ដែលគិតថា ពីព្រោះថារុស្ស៊ីអាចបារម្ភថាយើងត្រូវមានគោលការណ៍របស់អង្គការណាតូហ្នឹង បើជាគោលនយោបាយគឺត្រូវការពារបណ្ដាប្រទេសដែលជាសមាជិករបស់ខ្លួននោះពីការឈ្លានពានមានន័យថាបើសិនជាមានការឈ្លានពានពីប្រទេសក្រៅពីសមាជិកអង្គការណាតូ អញ្ចឹងអង្គការណាតូត្រូវតែចូលមកការពារ ប្រទេសដែលជាសមាជិកទាំងនោះ។ អ៊ីចឹងរុស្ស៊ីគិតថាបើអ៊ុយក្រែនបានចូលជាសមាជិករបស់អង្គការណាតូ គឺហាក់ដូចជាថាកាំភ្លើងរបស់អង្គការណាតូហ្នឹងមកគៀកព្រំដែនពេក មានឧទាហរណ៍មួយដែលខ្ញុំបានស្តាប់កន្លងមកហ្នឹងគឺ  គេថាអ្នកដែលដេកសម្រុក បើទោះបីជាអ្នកនោះគាត់សម្រាន្តលើគ្រែរបស់គាត់ក៏ដោយប៉ុន្តែ អ្នកដែលគាត់សម្រាន្តសម្រុកនៅកៀកគ្រែរបស់យើងពេក ដែលធ្វើឱ្យថ្លង់ដល់ការទទួលទានដំណេករបស់យើង ក៏យើងមិនសប្បាយចិត្តដែរ។

ក្នុងន័យហ្នឹងគឺចង់មានន័យថាបើអង្គការណាតូទទួលអ៊ុយក្រែនឱ្យ ចូលជាសមាជិកហើយកាំភ្លើងរបស់អង្គការណាតូហ្នឹងមកកៀកនឹងព្រំដែនរបស់រុស្ស៊ីពេកក៏រុស្ស៊ីលំបាកក្នុងការទទួលយកដែរ។ នេះបើប្រទេសទាំងអស់នៅក្នុងពិភពលោកនេះបើកាលណានិយាយអំពីសន្តិសុខ សុវត្ថិភាពរបស់ប្រទេស គេមានការប្រុងប្រយ័ត្នណាស់ ហើយជាពិសេសក្នុងសម័យសព្វថ្ងៃដែលជាសម័យបច្ចេកវិទ្យាទំនើប ដែលអាចប្រើបច្ចេកវិទ្យាឈ្លបយកការអំពីគ្នាទៅវិញទៅមក ប្រើមីស៊ីល ប្រើអាវុធទំនើប វារឹតតែជារឿងមួយដែលប្រទេសដែលពាក់ព័ន្ធត្រូវតែ ធ្វើការថ្លឹងថ្លែងយ៉ាងម៉ត់ចត់ ដោយប្រុងប្រយ័ត្នបំផុតចំពោះការសម្រេចចិត្ត ក្នុងការថាតើគួរអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកអឺរ៉ុបដែរទេ ឬក៏យ៉ាងម៉េចៗ ពីព្រោះខ្ញុំបានអានសៀវភៅយុទ្ធសាស្ត្ររបស់អ្នកយុទ្ធសាស្ត្រសហរដ្ឋអាមេរិក ដែលលោកបាន សៀវភៅមួយដែលឈ្មោះថា The Grand Chessboard ដែលនិយាយអំពីភាពប្រទាក់ក្រឡាគ្នារវាងសហភាពអឺរ៉ុបហើយនិងសហរដ្ឋអាមេរិក ពីព្រោះចង់ឬមិនចង់ បើទោះបីជាមានគំនិតឬក៏យោបល់អីផ្សេងទៀតថាអឺរ៉ុបដាច់ដោយឡែកអំពីអាមេរិកយ៉ាងណាៗក៏ដោយ ប៉ុន្ដែក្នុងន័យសេដ្ឋកិច្ចអឺរ៉ុបគាត់អាចផ្តាច់យ៉ាងឯករាជ្យពីសហអាមេរិកវិញ ប៉ុន្តែបើក្នុងន័យយោធាវិញ គឺសភាអឺរ៉ុបត្រូវមានកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាមេរិកដោយរហូតដល់មានកិច្ចពិភាក្សាលម្អិតថា ប្រទេសអាឡឺម៉ង់ត្រូវការការគាំទ្រពីប្រទេសអាមេរិក បារាំងត្រូវការការគាំទ្រពីអាមេរិក​ ដើម្បីឈរជើង ដើម្បីមានលទ្ធភាពរក្សាសន្តិសុខរបស់ខ្លួនបានម៉ត់ចត់ជាដើម។ ហើយសហភាពអឺរ៉ុបមានប្រទេសគោលសំខាន់ៗ មានប្រទេសអាឡឺម៉ង់ បារាំងជាដើម។

អញ្ចឹងចង់មានន័យថាបើគេនិយាយតែពីសេដ្ឋកិច្ចតែម្យ៉ាងគឺសហភាពអឺរ៉ុបលោកអាចឈរជើងបានយ៉ាងឯករាជ្យហើយរស់ក្នុងភាពសុខដុម រស់ក្នុងភាពសម្បូរសប្បាយ ប៉ុន្តែបើនិយាយក្នុងន័យយោធាវិញកងកម្លាំងរបស់សហភាពអឺរ៉ុបត្រូវមានការប្រាស្រ័យទាក់ទងឬក៏ត្រូវជំនួយយ៉ាងដាច់ខាតអំពីសហរដ្ឋអាមេរិក ដើម្បីទប់ទល់ទៅនឹងកម្លាំងនៃការឈ្លានពានពីខាងក្រៅណាមួយ។ អញ្ចឹងនៅក្នុងន័យនេះខ្ញុំចង់បញ្ជាក់ថា វាជារឿងមួយលំបាកដែលប្រទេសពាក់ព័ន្ធហ្នឹងត្រូវធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន ហើយខ្ញុំជឿថាសហភាពអឺរ៉ុបមិនងាយនឹងទទួលយកអ៊ុយក្រែនឱ្យទៅជាសមាជិកភាពរបស់ខ្លួនទេ បើទោះបីជាប្រទេសអឺរ៉ុបភាគច្រើនសំដែងការគាំទ្រ ការជួយទៅលើចំណុចនេះ ចំណុចនោះ ដោយផ្តល់សភាវុធខ្លះ ថវិកាខ្លះ ក៏ពិតមែន ប៉ុន្ដែការអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិករបស់ខ្លួននោះអាចនឹងប្រើពេលយូរទៀត ដោយមិនលឿនជាងប្រាំទៅដប់ឆ្នាំទេ ពីព្រោះជាពិសេសនៅក្នុងកាលៈទេសៈឥឡូវនេះ យើងមើលថាបន្ទាប់នៅពីសង្គ្រាមប្រទេសមានការបែកបាក់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានបំផ្លាញជាដើម ប្រហែលជាមិនត្រូវទៅតាមស្តង់ដារបស់សហភាពអឺរ៉ុបក៏មិនត្រូវទៅតាមស្តង់ដារបស់ណាតូយ៉ាងណាៗ ក៏ខ្ញុំមិនដឹងច្បាស់ដែរ។ ដោយឆ្លើយឱ្យខ្លីគឺថាការដែលអ៊ុយក្រែនអាចចូលជាសមាជិកភាពរបស់អឺរ៉ុប  ឬសមាជិកភាពរបស់អង្គការណាតូហ្នឹងគឺវាត្រូវការប្រើពេលយូរជាងនេះបន្តិច។

សំណួរទី ៣៖ បើនិយាយពាក់ព័ន្ធជាមួយបញ្ហាសន្តិសុខគឺយើងនឹកឃើញទៅដល់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងឬហៅថាអង្គការណាតូ ក្នុងនាមជាអង្គការមួយដែលដើរតួនាទីថែរក្សាសន្តិសុខនៅក្នុងតំបន់អឺរ៉ុបនិងទប់ទល់ឥទ្ធិពលរបស់ប្រទេសរុស្ស៊ីផងដែរ មកទល់ពេលនេះពាក់ព័ន្ធទៅនឹងការឈ្លានពាននៅប្រទេសអ៊ុយក្រែន តើអង្គការណាតូបានដាក់ចេញនូវវិធានការឬយន្តការអ្វីខ្លះដើម្បីឆ្លើយតបការឈ្លានពានរបស់ប្រទេសអ៊ុយក្រែនម្យ៉ាងទៀតបើទោះអ៊ុយក្រែនមិនមែនជាសមាជិករបស់អង្គការក៏ដោយតើអង្គការណាតូនឹងមានវិធានការអ្វីខ្លះ ដើម្បីដាក់ចេញដើម្បីថែរក្សាសន្តិសុខចំពោះប្រទេសជាសមាជិករបស់ខ្លួន?

បើយើងនិយាយអំពីគោលការណ៍របស់ណាតូ ឥឡូវគេបានប្រើប្រាស់ពាក្យដោយប្រុងប្រយ័ត្នណាស់ជាធម្មតានៅក្នុងនយោបាយអន្តរជាតិគឺខាងអ្នកជំនាញរបស់កិច្ចការអឺរ៉ុបហ្នឹងឬក៏ខាងអង្គការណាតូខ្លួនឯងហ្នឹងបានធ្វើសកម្មភាពមួយចំនួនដូច ការដាក់កងកម្លាំងរបស់អង្គការណាតូ មិនមែនជាកងកម្លាំងសហរដ្ឋអាមេរិកតែម៉្យាងតែគឺកងកម្លាំងរបស់អង្គការណាតូទៅតាមបណ្ដាប្រទេសមួយចំនួនដែលជាប់ព្រំដែនរបស់ប្រទេសអ៊ុយក្រែន ដូចជានៅប៉ូឡូញជាដើម។ ហើយការដាក់កងទ័ពហ្នឹងជាដើមទៀតគឺ គេមិនហ៊ានប្រើពាក្យថាទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីទេ គេថាដើម្បីការពារដែនអធិបតេយ្យភាពរបស់ប្រទេសជាសមាជិករបស់អង្គការណាតូព្រោះប្រទេសទាំងនោះពួកគេមិនចង់ឲ្យមានបញ្ហាឱ្យបើចំហជាមួយនឹងប្រទេសរុស្ស៊ីដែរហើយ។ ដោយជាគោលការណ៍អង្គការណាតូលោកមានការប្រុងប្រយ័ត្នដោយស្របតាមគោលការណ៍របស់ខ្លួនដោយស្របទៅតាមច្បាប់អន្តរជាតិ ហើយដោយមានការប្រុងប្រយ័ត្នពីព្រោះការបញ្ចូនទ័ពទៅ ការប្រើសារ ការថ្លែងការណ៍ ខាងអង្គការណាតូគេមានការប្រុងប្រយ័ត្ន​មែនទែនក្នុងការបញ្ចេញសាររបស់ខ្លួនទៅ ប៉ុន្ដែយ៉ាងណាក៏ដោយក៏ខាងរុស្ស៊ីក៏គេបានដឹងហើយថា ដោយសារកន្លងមកលោកប្រធានាធិបតី Putin Vladimir Putin លោកបានមានប្រសាសន៍ថា​ការជួយជាសភាវុធ​ ការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីជាដើម មានន័យថាគឺជាការប្រកាសសង្គ្រាមជាមួយរុស្ស៊ី គឺលោក Vladimir Putin គាត់ធ្លាប់បានប្រសាសន៍បែបនេះ។ ឥឡូវយើងត្រឡប់មកគោលការណ៍របស់អ៊ុយក្រែនវិញ យើងឃើញថាលោកប្រធានាធិបតីរបស់អ៊ុយក្រែនហ្នឹង លោកមានភាពបិនប្រសព្ធ ដោយតាមការអង្គេតរបស់ខ្ញុំគឺ ដោយសារតែលោកជាអ្នកសិល្បៈផង ខ្ញុំមិនហៅជាអ្នកកំប្លែងទេប៉ុន្តែលោកជាអ្នកសិល្បៈ ​​ដែលនៅស្រុកខ្មែរយើងហើយនិងនៅខាងអឺរ៉ុបអាចមានការច្រឡំគ្នារវាងអ្នកកំប្លែងនិងអ្នកសិល្បៈដែលមានភាពផ្សេងគ្នា។ ខ្ញុំធ្លាប់ទៅសហរដ្ឋអាមេរិកក្នុងរយៈពេលខ្លីដែរ ហើយការពិភាក្សាផ្សេងៗ ប្រហែលជាមានការបកស្រាយផ្សេងគ្នាអំពីពាក្យថាអ្នកកំប្លែងហើយនឹងអ្នកសិល្បៈក្នុងកម្ពុជាក៏ដូចជានៅសហភាពអឺរ៉ុប។

លក្ខណៈសម្បត្តិរបស់លោកប្រធានាធិបតីអ៊ុយក្រែនហ្នឹង ដោយសារតែគាត់ជាអ្នកសិល្បៈដែលមិនហៅថាអ្នកកំប្លែងទេ ប៉ុន្តែជាអ្នកសិល្បៈ អញ្ចឹងទេព្យកោសល្យការទូត យើងមើលកាយវិការរបស់គាត់ដែលបង្ហាញពីភាពរហ័សរហួនរបស់ បង្ហាញពីមនុស្សដែលស្គាល់កាលៈទេសៈ និងមានសិល្បៈនៃការនិយាយហ្នឹងពូកែណាស់តាមដែលខ្ញុំមើលសុន្ទរកថារបស់គាត់ នៅក្នុងសភាជប៉ុន សភាសហរដ្ឋអាមេរិកហើយដែលលោកថ្លែងទៅកាត់សហភាពអឺរ៉ុបជាដើម គឺសុន្ទរកថារបស់លោកទៅកាន់សភានីមួយៗនោះគឺពោរពេញទៅដោយសិល្បៈនៃការលួងលោម គឺនិយាយទៅឱ្យអ្នកដែលស្តាប់មានការជឿទុកចិត្ត ហើយទទួលយកនូវសារដែលលោកបញ្ចូនទៅ ដែលជារឿងពិតរឿងត្រឹមត្រូវហើយដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសទាំងនោះជួយអ៊ុយក្រែនហ្នឹង គឺលោកប្រធានាធិបតីអ៊ុយក្រែនមានភាពបិនប្រសប់ណាស់ ហើយលោកបានធ្វើសកម្មភាពជាច្រើនតាមរយៈការជួបជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗនៅក្នុងពិភពលោក ហើយជាពិសេសគឺការបញ្ចូនសារទៅកាន់ពលរដ្ឋរបស់គាត់ ដើម្បីឱ្យមានសាមគ្គីភាព ដើម្បីឱ្យទុកចិត្តទៅលើការដឹកនាំរបស់លោកជាដើម។ យើងឃើញថាលោកប្រធានាធិបតីអ៊ុយក្រែនលោកបានធ្វើច្រើន ហើយនៃការធ្វើរបស់លោកហ្នឹង សុន្ទរកថា សម្តី ឬក៏សារដែលលោកបានបញ្ចូនទៅហ្នឹងគឺ​ ពោពេញទៅដោយសិល្បៈនៃការបញ្ចុះបញ្ចូល គឺវិស័យការទូត សារនៃភាពទាក់ទាញនោះគឺ លោកប្រធានាធិបតីអ៊ុយក្រែនគឺលោកបានបញ្ចេញទៅហើយ អ្នកស្តាប់របស់គាត់ហ្នឹងដាក់មនោសញ្ចេតនា និងផ្តល់ការគាំទ្រខ្លាំងមែនទែន អញ្ចឹងយើងឃើញថាលោកប្រធានាធិបតីអ៊ុយក្រែនហ្នឹងគឺបានធ្វើសកម្មភាពច្រើន ហើយសកម្មភាពហ្នឹងសុទ្ធតែមានប្រសិទ្ធភាព សុទ្ធតែបានទទួលការគាំទ្រពីមហាជន លើកលែងតែពលរដ្ឋរុស្ស៊ី និងថ្នាក់ដឹកនាំរុស្ស៊ីទេដែលយើងមិនដឹងថាគេវាយតម្លៃបែបណា ចំពោះសហភាពអឺរ៉ុប ចំពោះមតិជាអន្តរជាតិឬចំពោះការបញ្ចេញយោបល់នៅតាមបណ្តាញសង្គមនៅស្រុកខ្មែរជាដើមយើងឃើញថា លោក Volodymyr Zelenskyy លោកប្រធានាធិបតីរបស់អ៊ុយក្រែនហ្នឹងគឺ បានទទួលនៅការគាំទ្រនឹងស្ងើចសរសើរ មានការចាត់ទុកថាលោកគឺជាវីរៈបុរសរបស់ប្រទេសអ៊ុយក្រែនទៅទៀត។

សំណួរទី ៤៖ យើងដឹងថា នៅក្នុងសម្ព័ន្ធភាពអង្គការណាតូ សហរដ្ឋអាមេរិកបានដើរតួនាទីស្នូលនិងតួអង្គសំខាន់ក្នុងការចូលរួមទ្រទ្រង់សន្តិសុខរួមនៅក្នុងតំបន់អឺរ៉ុប តើមកដល់ពេលនេះ សហរដ្ឋអាមេរិកបានចូលរួមចំណែកអ្វីខ្លះដល់ការទ្រទ្រង់ដើម្បីទប់ទល់ទៅនឹងការវាយលុកពីប្រទេសរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន?

ទី (១) សហរដ្ឋអាមេរិកបានជួយចំនួនថវិកាគឺច្រើនជាងគេ ចំនួនថវិកាដែលសហរដ្ឋអាមេរិកបានជួយទៅអង្គណាតូប្រចាំឆ្នាំ ហើយក៏បានជួយទៅអ៊ុយក្រែនហ្នឹង ដោយមិនច្បាស់ថាចំនួនប៉ុន្មានទេ ប៉ុន្តែខ្ញុំគិតថាអាមេរិកគាត់បានជួយហ្នឹងច្រើនជាងគេទៅកាន់ប្រទេសអ៊ុយក្រែន ទី (២)​ រឿងកងទ័ព យើងដឹងហើយថាសហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចមួយដែលខ្លាំងទាំងវិស័យសេដ្ឋកិច្ចទាំងវិស័យយោធា។​ អញ្ចឹងកងទ័ពជំនាញរបស់សហរដ្ឋអាមេរិកក៏បានបញ្ចូនទៅច្រើនឬក៏បានរួមចំណែកច្រើនក្នុងការជួយទ្រទ្រង់សកម្មភាពរបស់ណាតូហ្នឹង ឬក៏ក្នុងការជួយដោះស្រាយបញ្ហារបស់អ៊ុយក្រែនហ្នឹង។ ពេលខ្លះខ្ញុំគិតថាណាតូ បើសិនជាមិនមានសហរដ្ឋអាមេរិក ប្រហែលជាមិនអាចទ្រទ្រង់ឬមិនអាចឈរជើងជាណាតូ ដ៏រឹងមាំមួយបានទេ នេះជាការគិតរបស់ខ្ញុំ។ បើយើងមើលតាមចំនួនថវិកាដែលអាមេរិកផ្តល់ឬថាបង់ជាប្រចាំឆ្នាំ ហើយហ្នឹងសកម្មភាពរបស់សហរដ្ឋអាមេរិកជាដើម គឺច្រើនលើសលប់ ច្រើនជាងសមាជិកដទៃទៀត រហូតខ្ញុំចាំបានថា កាលពីលោកប្រធានាធិបតី Donald Trump គាត់នៅជាប្រធានាធិបតីនៅឡើយ គាត់ធ្លាប់បានរអ៊ូរទ្រាំរឿងអាមេរិកបង់លុយប្រចាំឆ្នាំច្រើនជាងគេក្នុងការទ្រទង់អង្គការណាតូហ្នឹង រហូតដល់ពេលខ្លះប្រធានាធិបតីTrumpចង់ដកខ្លួនចេញពីអង្គការណាតូទៀត ពីព្រោះគាត់ថាហេតុអ្វីអាមេរិកត្រូវយកលុយទៅ បង់ទៅអង្គការខាងក្រៅច្រើនពេកជាដើម ដែលជាការខ្ជះខ្ជាយថវិកាជាតិរបស់សហរដ្ឋអាមេរិក ហ្នឹងគឺលោកដូណាល់ត្រាំលោកមានប្រសាសន៍អញ្ចឹង។ អញ្ចឹងមានន័យថាសហរដ្ឋអាមេរិកគាត់បានធ្វើសកម្មភាពច្រើន ជាមួយអង្គការណាតូ ក៏ដូចជាសកម្មភាពច្រើនដើម្បីជួយស្តារនូវស្ថានការឬក៏វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែទៅមុខទៀតយ៉ាងណា ហើយវិបត្តិនឹងផ្ទុះធំយ៉ាងមិច ឬក៏អាចរាលដាលយ៉ាងមិចគឺយើងមិនអាចនឹងវាយតម្លៃបានទេ។ មានតែការតាមដានទៅមុខទេពីព្រោះរហូតមកដល់ពេលឥឡូវនេះ តាមការតាមដានរបស់ខ្ញុំមិនទាន់មានអ្នកជំនាញណាមួយអាចហ៊ានវាយតម្លៃស្ថានការ វិបត្តិនៅអ៊ុយក្រែនហ្នឹងវាអាចទៅជាសង្គ្រាមលោកលើកទី៣ឬក៏យ៉ាងមិចហ្នឹង មិនទាន់មាននរណាមួយហ៊ានអះអាងជាដាច់ខាតថាយ៉ាងមិចទេ។

សំណួរទី ៥៖ ជាចុងក្រោយយើងឃើញថាការឈ្លានពានរបស់អ៊ុយក្រែនវាឈានទៅដល់ជាងពីរខែទៅហើយ ហើយបើតាមការយល់ឃើញរបស់លោកបណ្ឌិតផ្ទាល់ តើសង្គ្រាមនេះអាចអូសបន្លាយយូរប៉ុណ្ណាទៀត ហើយវានឹងអាចបន្តជះឥទ្ធិពលផ្នែកសន្តិសុខទៅដល់តំបន់អឺរ៉ុបក៏ដូចជាពិភពលោកទាំងមូលយ៉ាងដូចម្តេចខ្លះ ប្រសិនបើសង្គ្រាមនេះនៅតែបន្តអូសបន្លាយក្នុងរយៈពេលវែង?

ខ្ញុំគិតថាមានចំណុចមួយដែលយើងគួរយកមកនិយាយដែរគឺ សម្បទាន។ បើសិនជាខាងប្រទេសអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន គាត់នៅតែជម្នះចង់ចូលជាសមាជិកអង្គការណាតូខ្ញុំគិតថាវិបត្តិនិងសង្គ្រាមនឹងនៅតែបន្តអូសបន្លាយរយៈពេលយូរ ព្រោះចំណុចនេះគឺជាចំណុចដែលរុស្ស៊ីមិនអាចទទួលយកបានទេ រឿងកាលដែលអនុញ្ញាតឱ្យអ៊ុយក្រែនក្លាយជាសមាជិករបស់អង្គការណាតូ។ ជាយោបល់របស់ខ្ញុំគិតថាមានជម្រើសតែមួយគត់ដើម្បីដោះស្រាយបញ្ហា គឺអ៊ុយក្រែននៅតែជាប្រទេសឯករាជ្យមួយ ដោយមិនចូលជាសមាជិករបស់អង្គការណាតូ​​  ឬក៏មិនចូលជាសមាជិករបស់សហភាពអឺរ៉ុបហើយរស់នៅដោយសុខសប្បាយក្នុងនាមជាប្រទេសមួយឯករាជ្យ។ ខ្ញុំជឿថានេះជារបៀបមួយដែលអាចដោះស្រាយបញ្ហាបាន។ ប៉ុន្តែបើសិនជាអ៊ុយក្រែននៅតែជម្នះចង់ចូលជាសមាជិករបស់អង្គការណាតូទេ ខ្ញុំគិតថាវិបត្តិហ្នឹងគឺនៅតែបន្ត អូសបន្លាយដែលយើងលំបាកថាប៉ុន្មានឆ្នាំ អាចមួយឆ្នាំ ពីរឆ្នាំ ឬប្រាំឆ្នាំ ខ្ញុំមិនហ៊ានថាយ៉ាងម៉េចទេ ប៉ុន្តែបើសិនជាអ៊ុយក្រែន ឥឡូវគាត់លែងចង់ចូលជាសមាជិករបស់អង្គការណាតូហើយ លែងចង់ចូលជាសមាជិករបស់សហភាពអឺរ៉ុបហើយ ខ្ញុំគិតថាវិបត្តិ នឹងអាចបញ្ចប់ក្នុងរយៈពេលខ្លី។ ខ្ញុំជឿថារុស្ស៊ីខ្លួនឯង ដែលខ្ញុំមានមិត្តភក្តិរុស្ស៊ីច្រើននាក់ដែរក៏មិនចង់វាយទៅលើអ៊ុយក្រែន ប៉ុន្មានដែរពីព្រោះវាពាក់ព័ន្ធទៅនឹងមនោសញ្ចេតនា ផ្លូវចិត្តផង ការជាប់ជាសាច់ញាតិផង ឬក៏មួយទៀតនោះគឺរុស្ស៊ីគាត់វាយទៅនោះ គឺមានតែកេរ្តិ៍ឈ្មោះអាក្រក់លើពិភពលោកទេ មានន័យថាពលរដ្ឋរុស្ស៊ីដែលរស់នៅប្រទេសលោកខាងលិចឬក៏អ្នកការទូតរុស្ស៊ីឬបញ្ញវន្តរុស្ស៊ីជាដើម នៅទទួលការរើសអើងពីប្រទេសមួយចំនួន ឧទាហរណ៍ថាអ្នកដែលនៅសហរដ្ឋអាមេរិកនិងអឺរ៉ុបជាដើម ដែលគេហៅថាគេមិនចង់និយាយរកប្រទេសមួយដែលឈ្លានពានប្រទេសមួយទៀតនោះទេ។ ឧទាហរណ៍ដូចគ្នាហ្នឹងវាធ្លាប់កើតមានហើយនៅពេលដែលវិបត្តិកូវីដ១៩ទើបតែកើតមានថ្មីៗនោះ ដោយសារតែផ្ទុះចេញពីប្រទេសចិន ពលរដ្ឋចិនដែលរស់នៅសហភាពអឺរ៉ុប ពលរដ្ឋចិនដែលរស់នៅអាមេរិក គឺភាគច្រើនបានទទួលការរើសអើង អំពីពលរដ្ឋម្ចាស់ដើម សូម្បីតែនៅក្នុងប្រទេសកម្ពុជាយើង កាលផ្ទុះដំបូង គ្រាន់តែឃើញចិនក៏យើងចង់ខ្លាចដែរ។ អ៊ីចឹងក្នុងន័យដូចគ្នានេះគឺ បានន័យថារុស្ស៊ីក៏គេគិតអំពីរឿង ទីមួយគឺគិតអំពីសុវត្ថិភាពរបស់គេ ទីពីរគឺគិតអំពីមុខមាត់ នៅលើឆាកអន្តរជាតិ ចំពោះពលរដ្ឋចំពោះអ្នកការទូតរបស់គេ។ ឱ្យខ្លីថាវិបត្តិនឹងទៅជាយ៉ាងណា ខ្ញុំគិតថាទៅជាយ៉ាងណា គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់ ប្រទេសអ៊ុយក្រែន។ ជាគោល គឺការសម្រេចចិត្តរបស់ប្រទេសអ៊ុយក្រែន ពីព្រោះរុស្ស៊ីគាត់ដាក់លក្ខខណ្ឌមួយចំនួន លក្ខខណ្ឌដាច់ខាតមួយចំនួន កន្លងមកដែលចង់ឱ្យលោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនគោរពតាម ហើយបញ្ជាក់ថានោះគឺជាភាពចាំបាច់ នោះគឺជាគោលការណ៍មួយដែលរុស្ស៊ីត្រូវតែទទួលបាន។ ខ្ញុំបានតាមដានជំនួបរបស់លោកពូទីនជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិដែលអញ្ជើញទៅជួបលោកវ្ល៉ាឌីមៀរពូទីនដោយផ្ទាល់ ខ្ញុំឃើញថាកិច្ចពិភាក្សានោះគឺតឹងតែងមែនទែនហើយលោកពូទីនបានប្រើពាក្យដែលម៉ត់ចត់ដោយប្រុងប្រយ័ត្នហើយច្បាស់លាស់ ចំពោះសម្ដីនីមួយនីមួយៗដែលលោកនិយាយទៅកាន់ប្រធានអង្គការសហប្រជាជាតិ។

************

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

អ្នករៀបរៀងអត្ថបទ៖ កញ្ញា អ៊ុច សម្ផស្ស

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner