ប្រមុខអង្គការណាតូជឿជាក់ខ្ពស់ថា អ៊ុយក្រែននឹងអាចយកឈ្នះរុស្ស៊ី

អន្តរជាតិ៖ អគ្គលេខាធិការអង្គការណាតូលោក ជែន ស្តូធែនប៊ឺគ បានអះអាងក្នុងថ្ងៃអាទិត្យម្សិលមិញថា អ៊ុយក្រែនអាចទទួលបានជ័យជម្នះនៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដោយសារតែស្ថានភាពនៅលើសមរភូមិមិនមានការអភិវឌ្ឍន៍ស្របតាមផែនការរបស់ទីក្រុងម៉ូស្គូនោះទេ។

លោក ស្តូធែនប៊ឺក បានថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់ក្រុមរដ្ឋមន្ត្រីការបរទេសនៃប្លុកយោធានេះថា ប្រធានបទសំខាន់នៃការពិភាក្សា គឺការគាំទ្រដ៏រឹងមាំដល់អ៊ុយក្រែន ការពង្រឹងបន្ថែមទៀតនៃការរារាំង និងការការពាររបស់អង្គការណាតូ ផលប៉ះពាល់រយៈពេលវែងនៃសង្គ្រាម រួមទាំងគោលជំហរនាពេលអនាគតរបស់សម្ព័ន្ធមិត្តចំពោះរុស្ស៊ី។

លោក ស្តូធែនប៊ឺក បន្តថា សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនមើលទៅមិនដូចអ្វីដែលទីក្រុងម៉ូស្គូបានគ្រោងទុកនោះទេ។ ពួកគេបានបរាជ័យក្នុងការវាយដណ្តើមយកទីក្រុងកៀវ។

ពួកគេកំពុងដកថយពីជុំវិញទីក្រុងកៀវ ខណៈដែលការវាយលុកដ៏ធំរបស់ពួកគេនៅតំបន់ដុនបាស់ បានជាប់គាំង។ លោកថា រុស្ស៊ី មិនបានសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ខ្លួននោះទេ។ លោកបន្ថែមថា ផ្ទុយពីការចង់បានរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អ៊ុយក្រែនបានបន្តការប្រយុទ្ធរបស់ខ្លួន។ អ៊ុយក្រែននឹងអាចយកឈ្នះលើសង្រ្គាមនេះ។

លោកថា ប្រជាជនអ៊ុយក្រែនកំពុងការពារប្រទេសកំណើតរបស់ពួកគេដោយក្លាហាន ហើយថា ការផ្គត់ផ្គង់អាវុធ និងការគាំទ្រផ្សេងទៀតពីអ្នកគាំទ្ររបស់អ៊ុយក្រែនកំពុងធ្វើឱ្យមានភាពខុសប្លែកគ្នាពិតប្រាកដនៅលើសមរភូមិ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner