ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញជួបប្រជុំជាមួយប្រធានក្រុមបក្សក្រុងកំពង់ចាម អំពីការងារបក្សឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ខេត្តកំពង់ចាម ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម អញ្ជើញចូលរួម កិច្ចប្រជុំប្រធានក្រុមបក្សដើម្បីតាមដាន និងត្រួតពិនិត្យលទ្ធផលអនុវត្តការងារបក្សឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៤ គណៈកម្មាធិការគណបក្សខេត្ត និងក្រុងកំពង់ចាម គណៈកម្មាធិការគណបក្សមូលដ្ឋានសង្កាត់ទាំង៤ ព្រមទាំងសាខាបក្សភូមិទាំង ៣២ នៃសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម។

អង្គពិធីក៏បានគោរពវិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង អតីតសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម ដែលបានធ្វើមរណៈកាលនាពេលថ្មីៗកន្លងទៅនេះ។

ឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានឲ្យដឹងថា ខេត្តកំពង់ចាម មានអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៦១៨.៣៣៨នាក់ ។ ដោយឡែក ក្រុងកំពង់ចាម មាន៤សង្កាត់, មានអ្នកចុះឈ្មោះបោះឆ្នោតចំនួន ២៨.៩៩៧នាក់ មាន៧៦ការិយាល័យបោះឆ្នោត និងមាន២គណបក្សចូលរួមបោះឆ្នោត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា ពិតជាមានភ័ព្វសំណាងដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យខ្ពស់ ដោយសម្តេចមានបំណងប្រាថ្នាដ៏ធំបំផុត គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលសំដៅទៅលើការរីកធំធាត់ លូតលាស់រាងកាយ សុខភាពល្អ និងសមត្ថភាពបញ្ញាស្មារតីរឹងមាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើន មិនមានការព្រួយបារម្ភរឿងសង្រ្គាម និងអសន្តិសុខនានា គឺសម្តេចតេជោប្រធានគណបក្សបានខិតខំស្វែងរកសុខសន្តិភាព និងសិទ្ធិសេរីភាពគ្រប់យ៉ាង ដើម្បីភាពសុខដុមរមនានៅក្នុងសង្គមជាតិយើង ធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់ទុកចិត្ត និងផ្តល់ការគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងត្រូវធ្វើនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ ក៏ដូចជាអាណត្តិមុនៗដែរ គឺវាមិនគ្រាន់តែក្នុងក្របខ័ណ្ឌឃុំ សង្កាត់នីមួយៗប៉ុណ្ណោះទេ តែវានឹងជះឥទ្ធិពលក្នុងក្របខ័ណ្ឌបោះឆ្នោតជាតិ នៅក្នុងឆ្នាំ២០២៣ផងដែរ។ ដូច្នេះយើងត្រូវតែដណ្តើមជ័យជម្នះឱ្យបានភាគច្រើនដាច់ខាត ដើម្បីបន្តការពង្រឹងនិងអភិវឌ្ឍន៍មូលដ្ឋានសម្រាប់យើងឈានទៅដណ្តើមជ័យជម្នះជាថ្មីទៀត ក្នុងការបោះឆ្នោតសកលថ្នាក់ជាតិ នាឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានដាក់ចេញភារកិច្ចបន្ទាន់មួយចំនួន ដែលក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្ត ក្នុងនោះ ១. គណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អ ជាពិសេសទប់ស្កាត់រាល់បាតុភាព និងសកម្មភាពខុសច្បាប់ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ការបោះឆ្នោត, ២.ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវណែនាំដល់សមាជិកក្រុមការងារគណបក្សគ្រប់កម្រិត ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់បោះឆ្នោត, ៣.ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការចំណាយប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ក្នុងកម្មវិធីសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ,៤. ត្រូវថែបំប៉នសតិអារម្មណ៍នយោបាយរបស់សមាជិកគណបក្សយើង ឱ្យបានល្អ, ៥.យកចិត្តទុកដាក់តាមដាន និងវាយតម្លៃរាល់ការវិវត្តនៃសភាពការណ៍សតិអារម្មណ៍ និងនយោបាយនៅមូលដ្ឋាន,៦.ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវលើកយកសមិទ្ធផលដែលសម្រេចបានក្នុងឃុំ សង្កាត់ក្នុងអាណត្តិកន្លងមក គួបផ្សំជាមួយនឹងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលបានអភិវឌ្ឍជូនប្រជាជន ក្នុងនោះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកនៃនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវការឯកភាពជាតិ សន្តិភាព សន្តិសុខពេញផ្ទៃប្រទេស បន្តពង្រីកហេដ្ឋារចនាសម្ព័នស្ពាន ថ្នល់ បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងបន្តស្រោចវ៉ាក់សំាងការពារជម្ងឺកូវីដ១៩ នៅទូទំាងប្រទេស, ៧ .ត្រូវយកចិត្តទុកគ្រប់គ្រងសមាជិកគណបក្សយើង និងចាត់តាំងការដឹកនាំសមាជិកគណបក្សទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ៨.ត្រូវយកចិត្តទុកដាក់បំពាក់បំប៉ន និងការលើកទឹកចិត្តឱ្យបានសមស្រប ដល់ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍របស់យើង ដើម្បីពួកគេមានលទ្ធភាពក្នុងការការពារសន្លឹកឆ្នោតជូនគណបក្សយើង ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner