កម្ពុជាតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុ ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរ

(ព្រះសីហនុ)៖ កម្ពុជាបានរៀបចំពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «គាំទ្រម្ហូបអាហារខ្មែរ ថែរក្សាវប្បធម៌ជាតិ» ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយម្ហូបអាហារប្រពៃណីខ្មែរ ពិសេសអាហារតំបន់ឆ្នេរ ផ្សព្វផ្សាយវឌ្ឍនភាព និងសក្តានុពលទេសចរណ៍។

ពិធីតាំងពិព័រណ៍ក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងផ្នែកសាធារណៈ និងឯកជន ដើម្បីជំរុញការផ្សព្វផ្សាយ និងទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តព្រះសីហនុផងដែរ។ ពិព័រណ៍នេះធ្វើឡើងក្រោមការរវាងក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការគាំទ្រពីគម្រោងទេសចរណ៍ GMS TIIG No.3701-CAM បាន។ ក្នុងរយៈពេល៣ថ្ងៃនេះមានអ្នកចូលរួម និងអ្នកទស្សនាប្រមាណ៥ម៉ឺននាក់ ក្នុងនោះឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ តំណាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលរួមជាអធិបតីបើកសម្ពោធពិព័រណ៍នេះផងដែរ។

ពិធីតាំងពិព័ណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់អាហារតាមស្តង់ចំនួន១៣៩ស្តង់ ក្នុងនោះស្ដង់សមាគមន៍ទេចរណ៍តំបន់ឆ្នេរចំនួន១៧ ស្ដង់ចម្អិនអាហារភ្លាមៗចំនួន៥១ ស្ដង់សណ្ឋាគារភោជនីយដ្ឋាន និងអាហារប្រពៃណីចំនួន២១ ស្ដង់បង្អែម ការ៉ែម និងនំខ្មែរចំនួន៨ ស្ដង់ភេសជ្ជៈ តែ កាហ្វេចំនួន៦ ស្ដង់ផ្លែឈើស្រស់ចំនួន៥ ស្ដង់វត្ថុអនុស្សាវរីយ៍ចំនួន៣ និងស្ដង់ផលិតផលក្នុងស្រុកចំនួន២៨។

ឯកឧត្ដមរដ្ឋមន្ត្រីស្តីទី ទិត ចន្ថា បានលើកឡើងថា ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះ គឺជាការរួមចំណែកលើកកម្ពស់ ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ពិសេសទេសចរណ៍ខេត្តព្រះសីហនុពិតជាចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

នាព្រឹកថ្ងៃទី១៤ ព្រឹត្តឹការណ៍រៀបចំប្រកួតធ្វើម្ហូប និងភេសជ្ជៈ និងចំណេះដឹងផ្នែកទេសចរណ៍ បរិស្ថាន ការបង្កាជំងឺកូវីដ-១៩ ដោយចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យចំនួន៥ មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យមេគង្គ និងសាកលវិទ្យាល័យបៀលប្រាយ។ ចំពោះការប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ ដោយទទួលបានពាន១ និងប្រាក់រង្វាន់១,០០០ដុល្លារ បន្តបន្ទាប់ដល់៣០០ដុល្លារ។

នៅព្រឹកថ្ងៃទី១៥ មានរៀបចំការប្រណាំងកង់មិត្តភាព ក្រោមប្រធានបទ «ការលើកកម្ពស់បរិស្ថាន និងអនាម័យសាធារណៈ ដើម្បីចូលរួមយុទ្ធនាការទីក្រុងស្អាត-ឆ្នេរស្អាត» ចម្ងាយ១៥គីឡូម៉ែត្រតាមផ្លូវប្របសមុទ្រ ដោយមានអ្នកចូលរួម១៤៦នាក់។
ក្នុងការប្រណាំងកង់នេះ៖

  • ជ័យលាភីលេខ១ ទទួលបានពាន១ ថវិកា៦០០ដុល្លារ (Voucher អាហារចំនួន៣០០ដុល្លារ) វិញ្ញាបនបត្របញ្ជាក់ពីរដ្ឋបាលខេត្ត១ និងបាច់ផ្កា១។
  • ជ័យលាភីលេខ២ ទទួលបានពាន១ ថវិកាចំនួន៤០០ដុល្លារ (Voucher អាហារចំនួន២០០ដុល្លារ) វិញ្ញាបនបត្រ១ និងបាច់ផ្កា១។
  • ជ័យលាភីលេខ៣ ទទួលបានពាន១ ថវិកាចំនួន២០០ដុល្លារ (Voucher អាហារចំនួន១០០ដុល្លារ) វិញ្ញាបនបត្រ១ និងបាច់ផ្កា១៕ ចាន់ វិចិត្រ
ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner