ខេត្តកំពង់ស្ពឺមានការរីកចម្រើនខ្លាំងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល
កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺថ្លែងថាបច្ចុប្បន្នខេត្តកំពង់ស្ពឺបានក្លាយជាខេត្តដែលមានការរីកចម្រើនខ្លាំង។ ពលរដ្ឋមានជីវភាព ធូរធារ ជាខេត្តស៊ីវិល័យ ក្រោមការដឹកនាំដ៏ត្រឹម និងឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនី និយោជិត រោងចក្រសាព្រីណា ប្រមាណជាង៦០០០នាក់ នៅថ្ងៃទី១៦ ខែ ឧសភា។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថាកំពង់ស្ពឺគឺជាខេត្តមួយដែល រង គ្រោះរ៉ាំរ៉ៃយូរអង្វែង ដោយភ្លើងសង្គ្រាម ជាខេត្តប្រឈម ដោយ ចុងអាវុធ និងជាខេត្តសមាហរណកម្មចុងក្រោយផងដែរ ។
លោកបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប៉ិនប្រសប់ ដោយ បាតដៃស្ថាបនិកសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យខេត្តកំពង់ស្ពឺមានការប្រែមុខមាត់ថ្មី ជាខេត្តដែលស៊ីវិល័យ ហើយស្របពេលដែលឱកាសការងារ សម្បូរ បែប បានធ្វើឱ្យពលរដ្ឋរស់នៅក្នុងជីវភាពធូរធារ សំបូរសប្បាយ លែងមានផ្ទះស្បូវនិងប្រក់ស្លឹកត្នោតដូចមុនហើយ ។
ឯកឧត្តមបញ្ជាក់ថា ទាំងនេះ គឺផ្តើមចេញពីផ្លែផ្កានៃសន្តិភាព ដូច្នេះគប្បីបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសន្តិភាព! ដែលរកបានដោយកម្រនេះឱ្យបានគង់វង្សដើម្បីកូនចៅជំនាន់ក្រោយយើង ៕
ដោយ៖ម៉ុន សំអាត








