ការផ្សព្វផ្សាយពង្រឹងសមត្ថភាពមន្រ្តីក្នុងការគ្រប់គ្រងព័ត៌មានបរិស្ថានតាមប្រព័ន្ធទំនាក់ទំនងសង្គម

ភ្នំពេញ ៖ ការយល់ដឹងពីប្រព័ន្ធសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងអាចចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាស បើកវគ្គផ្សព្វផ្សាយស្តីពីការការពារនិងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានបន្ថែមថា នៅកម្ពុជាប្រព័ន្ធទំនាក់ទំនងសង្គមមានច្រើន តែពេញនិយមជាងគេគឺហ្វេសប៊ុក ដែលជាបណ្តាញប្រភពព័ត៌មានចម្រុះ។ ប៉ុន្តែលើហ្វេសប៊ុកមួយចំនួន មិនមែនជាការពិត ដែលវាអាចបង្កគ្រោះថ្នាក់ សម្រាប់អ្នកលេងហ្វេកប៊ុក ក្នុងការយកព័ត៌មានទាំងនោះ ទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ណាមួយ។

ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថានបានបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា នាពេលនេះ ក្នុងគោលបំណងកសាងសមត្ថភាពមន្ត្រីជំនាញ ដែលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើនសុវត្ថិភាពលើការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម។

ឯកឧត្តម បានបន្តថា «ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងប្រកបដោយប្រសិទ្ធភាពគឺយើងត្រូវផ្សព្វផ្សាយពីការពិតឲ្យបានច្រើន និងឲ្យបានលឿន ព្រោះការផ្តល់ព័ត៌មានពិត គឺជាវិធានការដ៏មានប្រសិទ្ធភាពប្រឆាំងនឹងព័ត៌មានក្លែងក្លាយផង និងជាការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ហើយពេលប្រជាពលរដ្ឋយល់ដឹង នោះពួកគាត់នឹងចូលរួម គាំទ្រនូវបុព្វហេតុរបស់ស្ថាប័នកាន់តែសកម្មថែមទៀត។ យើងមិនត្រូវជឿលើការផ្សព្វផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់នោះឡើយ ពោលគឺត្រូវពិនិត្យ ឱ្យបានច្បាស់លាស់ មុននឹងផ្សព្វផ្សាយ ឬស៊ែរសារនានាលើបណ្តាញទំនាក់ទំនងសង្គមនោះបន្ត។

សូមបញ្ចាក់ថា ការផ្សព្វផ្សាយស្តីពីការការពារនិងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security បានរៀបចំដោយនាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ដោយមានបទបង្ហាញអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានវិទ្យានៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមាន ការចូលរួម ពីថ្នាក់ដឹកនាំន្រ្តីរាជការតំណាងអគ្គនាយកដ្ឋាននានា និងមកពីមន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥។

វេទិការនេះបានផ្តោតសំខាន់ទៅលើចំនុចមួយចំនួនមានដូចជា ការគ្រប់គ្រង Facebook Page ការគ្រប់គ្រងសន្តិសុខនិងសុវត្ថិភាពក្នុងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដំណោះស្រាយនៅពេលមានគណនីហ្វេសប៊ុកត្រូវបានហេគ ធ្វើយ៉ាងណាដើម្បីឱ្យការប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការវាយប្រហារពីចោរបច្ចេកវិទ្យា និងដើម្បីយល់ដឹងអំពីបច្ចេកទេសថ្មីៗ ក្នុងការឆ្លើយតបទៅនឹងហានិភ័យនានាដែលអាចកើតមានឡើងតារយៈប្រព័ន្ធអ៊ីនធឺណិត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner