មេដឹកនាំអាមេរិក-ជប៉ុននឹងជួបប្រជុំគ្នា នៅសប្តាហ៍ក្រោយ ខណៈរបៀបវារៈសំខាន់ៗផ្តោតលើចិន និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងជួបប្រជុំគ្នានៅប្រទេសជប៉ុន នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។ ការប្រកាសនេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បៃដិន ទៅកាន់ប្រទេសជប៉ុនក្នុងនាមជាប្រធានាធិបតីអាមេរិក។

ប្រធានបទសំខាន់ៗនៅក្នុងកិច្ចប្រជុំទ្វេភាគីខាងលើនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងកើត ក៏ដូចជាបញ្ហាសេដ្ឋកិច្ច។ កិច្ចពិភាក្សានេះដែរ គ្រោងធ្វើឡើងចំពេលដែលចិនកំពុងបង្ហាញពីភាពស្ទាក់ស្ទើររបស់ខ្លួន ក្នុងការរិះគន់យ៉ាងច្បាស់លាស់ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

លោក គីស៊ីដា សង្ឃឹមថា នឹងយល់ស្របជាមួយលោក បៃដិន ថា ការប៉ុនប៉ងឯកតោភាគីណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពដដែល តាមរយៈការបង្ខិតបង្ខំគ្រប់ទីកន្លែងក្នុងពិភពលោក គឺមិនអាចទទួលយកបានទេ។

កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរក៏ទំនងជាគ្របដណ្តប់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់នូវការរារាំងបន្ថែមសម្រាប់ប្រទេសជប៉ុន ដោយប្រើសមត្ថភាពធម្មតា និងអាវុធនុយក្លេអ៊ែររបស់ខ្លួន។

មេដឹកនាំជប៉ុន និងអាមេរិកត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក៏ដូចជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ស្របពេលជាមួយនឹងសមាជិក G7 ផ្សេងទៀត។

លោក គីស៊ីដា និងលោក បៃដិន ក៏ទំនងជានឹងបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ នៃការអំពាវនាវដល់ប្រទេសក្នុងតំបន់អាស៊ី និងអាហ្រ្វិក ឱ្យធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធលើបញ្ហានេះផងដែរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner