មេដឹកនាំអាល្លឺម៉ង់៖ លោកខាងលិចគ្មានថ្ងៃបើកដៃឱ្យរុស្ស៊ីចាត់ចែងសន្តិភាព នៅអ៊ុយក្រែនទេ
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលហ៍ បានបញ្ជាក់ក្នុងថ្ងៃចន្ទថា រុស្ស៉ីអាចនឹងព្យាយាមគូសបន្ទាត់ព្រំដែនអ៊ុយក្រែនឡើងវិញ តែបណ្ដាប្រទេសលោកខាងលិចនឹងមិនបណ្តោយឱ្យរុស្ស៉ីចាត់ចែងសន្តិភាពតាមការបញ្ជា ឬដោយការបង្ខិតបង្ខំលើអ៊ុយក្រែននោះទេ។
អធិការបតីអាល្លឺម៉ង់រូបនេះបានអះអាងថា របៀបកែប្រែព្រំដែនបែបនេះ នឹងមិនត្រូវបានទទួលស្គាល់ដោយលោកខាងលិចទេ ប្រសិនបើអ៊ុយក្រែនជំទាស់។
ផ្លូវតែមួយគត់សម្រាប់រុស្ស៊ី គឺឈានរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន តែមិនមានន័យថា ជាការដោះដូរយកទឹកដី ដើម្បីចុះហត្ថលេខាទេ។ លោក សូលហ៍ បន្ថែមថា ជម្លោះនៅអ៊ុយក្រែនក៏មិនដូចករណីនៅតំបន់គ្រីមៀដែរ មានន័យថា នៅពេលសង្រ្គាមបានបញ្ចប់ នោះគឺគ្មានការបាញ់ប្រហារទៀតទេ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា ប្រទេសរបស់លោកនឹងមិនដោះដូរទឹកដីរបស់ខ្លួន ជាមួយរុស្ស៉ីដើម្បីសន្តិភាពឡើយ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា