ប្រធាន គ.ជ.ប ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំនៅកម្ពុជា និងគណៈប្រតិភូអមដំណើរ ដែលជាមន្ត្រីការទូតជាន់ខ្ពស់នៃស្ថានទូតបារាំង ស្ថានទូតសាធារណរដ្ឋឆែក ស្ថានទូតស៊ុយអែត និងស្ថានទូតហុងគ្រី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា ដែលត្រូវប្រព្រឹត្តទៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខ។ ជំនួបពិភាក្សានេះ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការ គ .ជ.ប។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពីដំណើរប្រព្រឹត្តជាទូទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមមាន ប្រវត្តិនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់ ក្រោយមកឆ្នាំ១៩៩៨ រៀបចំដោយ គ.ជ.ប ខ្លួនឯង ហើយការបោះឆ្នោតទាំងសកល និងអសកល រៀបចំបានចំនួន១៧លើក រួចមកហើយ។ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយទៀត ត្រូវបានវាយតម្លៃថា កាន់តែល្អប្រសើរឡើងជាងការបោះឆ្នោតមុនៗ។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍អំពីលទ្ធផលនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលក្នុងនោះ ឯកឧត្តមបានរំលេចអំពីការរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលមានអ្នកបោះឆ្នោតជាង ៩លាន២សែននាក់ ធៀបនឹងប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត គឺបើគិតជាភាគរយគឺ ៨៧.៩៤%។ នេះជាលទ្ធផលដែល គ.ជ.ប រៀបចំបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ប្រធាន គ.ជ.ប បានជម្រាបជូនភាគីសហភាពអឺរ៉ុបដែរថា គណបក្សនយោបាយ ចំនួន១៧ ត្រូវបាន គ.ជ.ប ទទួលស្គាល់ក្នុងការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោតជាផ្លូវការ ហើយបច្ចុប្បន្ននេះ គ.ជ.ប ក៏បានត្រៀមរៀបចំសម្ភារបរិក្ខារបម្រើឱ្យការបោះឆ្នោត ដែលជាទូទៅអាចវាយតម្លៃបានថា ជិតរួចរាល់ហើយ នៅសល់តែការងារតិចតួច ដែលត្រូវបំពេញតាមក្រោយ។

នៅក្នុងជំនួបប្រជុំនេះដែរ ឯកឧត្តមប្រធាន គ.ជ.ប ក៏បានជម្រាបជូនថា កិច្ចការសំខាន់មួយទៀត គឺការជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងខាងមុខនេះ គ.ជ.ប នឹងជ្រើសរើសគណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) សម្រាប់បម្រើការងារនៅការិយាល័យបោះឆ្នោតចំនួន ២៣.៦០២ ការិយាល័យ ដែល គ.ជ.ប ត្រូវការជ្រើសរើសមនុស្សជាង១៤ម៉ឺននាក់។

ភាគីសហភាពអឺរ៉ុបបានលើកឡើងពាក់ព័ន្ធនឹងការជ្រើសរើសមន្រ្តីបោះឆ្នោត ការបណ្តុះបណ្តាលធនធានមនុស្ស ការលុបបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយចំនួន លំហការងាររបស់អង្គការមិនមែនរដ្ឋាភិបាល វេទិកាឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ និងកំណត់ ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២)។

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូន និងឆ្លើយគ្រប់សំណួរទាំងអស់របស់ភាគីសហភាពអឺរ៉ុប ហើយដែលត្រូវបានវាយតម្លៃដោយសហភាពអឺរ៉ុបថា ការបកស្រាយរបស់ឯកឧត្តមប្រធាន គ.ជ.ប គឺបានល្អិតល្អន់ និងច្បាស់លាស់។

ភាគីសហភាពអឺរ៉ុប ស្នើសុំឱ្យភាគី គ.ជ.ប អនុញ្ញាតឱ្យមន្រ្តីនៃសហភាពអឺរ៉ុប ចូលរួមសង្កេត មើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខនេះ ប៉ុន្តែមិនមែនក្នុងន័យចុះបញ្ជីជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតផ្លូវការទេ។ ប្រតិភូសហភាពអឺរុប សុំអនុញ្ញាតពី គ.ជ.ប ដើម្បីបានចូលពិនិត្យ មើលការបោះឆ្នោតជាទូទៅ ដោយគ្មានការធ្វើរបាយការណ៍វាយតម្លៃអំពីបរិយាកាសនៃដំណើរការរៀបចំការបោះឆ្នោតឡើយ។ ឆ្លើយតបទៅនឹងចំណុចនេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានលើកឡើងថា កិច្ចការនេះ គ.ជ.ប ធ្លាប់បានអនុវត្តរួចហើយ គឺ គ.ជ.ប ចេញលិខិតជូនជាភ្ញៀវពិសេស មិនមែនជាអ្នកសង្កេតការណ៍នោះទេ។

លោកជំទាវ ខាមិន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប សង្ឃឹមថា ភាគីទាំងពីរ សហភាពអឺរ៉ុប និង គ.ជ.ប នៅមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទាក់ទងទៅនឹងការបោះឆ្នោតនៅកម្ពុជា។

ជំនួបពិភាក្សានោះ បានប្រព្រឹត្តទៅអស់រយៈពេលជិត ២ម៉ោង ដោយភាគីទាំងពីរមានការយោគយល់គ្នា ប្រកប ដោយ ភាពស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុក គ.ជ.ប

ads banner