អង្គការណាតូធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាប្រវត្តិសាស្រ្តជិតព្រំដែនរុស្ស៊ី
ព្រុចសែល៖ សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់អង្គការណាតូបានចាប់ផ្តើមហើយនៅក្នុងទឹកដីប្រទេសអេស្តូនី ក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប្លុកយោធានេះបានឱ្យដឹងថា សមយុទ្ធដែលមានឈ្មោះថា “Hedgehog 2022” គឺជាសមយុទ្ធដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសបាល់ទិក។
សមយុទ្ធខាងលើនេះ មានការចូលរួមពីទាហានប្រហែល១៥,០០០នាក់មកពីប្រទេសចំនួន១៤ រួមទាំងសមាជិកប្លុកយោធា និងដៃគូរបស់ពួកគេ។ ទាហានមកពីប្រទេសហ្វាំងឡង់ ស៊ុយអែត ហ្សកហ្ស៊ី និងអ៊ុយក្រែន ស្ថិតក្នុងចំណោមទាហានដែលនឹងចូលរួមក្នុងសមយុទ្ធនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់ Yle។
សមយុទ្ធខាងលើនេះដែរ ក៏នឹងរួមបញ្ចូលគ្រប់សាខានៃកងកម្លាំងប្រដាប់អាវុធ ហើយនឹងរួមបញ្ចូលសមយុទ្ធផ្លូវអាកាស សមុទ្រ និងផ្លូវគោក ក៏ដូចជាការហាត់ហ្វឹកហ្វឺនសង្គ្រាមតាមអ៊ីនធឺណិតផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការណាតូបានបញ្ជាក់ថា សមយុទ្ធនេះទៀតសោតក៏នឹងឃើញនាវាចុះចតរបស់កងទ័ពជើងទឹកអាមេរិក ‘Kearsarge’ ចូលរួមក្នុងការធ្វើសមយុទ្ធផងដែរ។
ទាំងប្លុកយោធានេះ និងមេបញ្ជាការរងកងកម្លាំងការពារជាតិអេស្តូនី លោកឧត្តមសេនីយ៍ទោ Veiko-Vello Palm បានបដិសេធថា សមយុទ្ធដែលមានចម្ងាយជាង៦០គីឡូម៉ែត្រពីព្រំដែនរុស្ស៊ីនេះមិនមានជាប់ពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តរបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែននោះទេ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា