កីឡាករចំបាប់ ងួន មករា ឈ្នះកីឡាករឡាវ ត្រូវប្រកួតជាមួយកីឡាករថៃ ដើម្បីដណ្តើមមេដាយសំរឹទ្ធ
កីឡាករចំបាប់ ងួន មករា ឈ្នះកីឡាករឡាវ ត្រូវប្រកួតជាមួយកីឡាករថៃ ដើម្បីដណ្តើមមេដាយសំរឹទ្ធ
ការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម បានចាប់ផ្តើមប្រកួតលើប្រភេទកីឡា ចំបាប់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះហើយ។
សម្រាប់លទ្ធផលនៃការប្រកួតថ្ងៃទី១នេះ អត្តពលិកកីឡាចំបាប់កម្ពុជាបានប្រកួត ចំនួន ៥វិញ្ញាសា ក្នុងនោះកីឡាករ ឌន សៅ ចាញ់កីឡាករវៀតណាម ០-៨, កីឡាករ កែវ សុភក្ត្រ ចាញ់កីឡាករថៃ, កីឡាករ អេង ផានិត ចាញ់កីឡាករហ្វីលីពីន ០-៨, កីឡាករ យុន ប៊ុណ្ណា ចាញ់កីឡាករថៃ។
ដោយឡែកកីឡាករ ងួន មករា ធ្វើបានល្អជាងគេដោយបាន ប្រកួត ឈ្នះឡាវ ក្នុងពិន្ទុ១៥ទល់៧ សម្រាប់ប្រកួតបន្ទាប់ត្រូវប៉ះថៃ ដើម្បីដណ្តើមមេដាយសំរឹទ្ធ ។ ចំណែកឯកីឡាករ យុន ប៊ុណ្ណា ប្រកួតចាញ់ហ្វីលីពីន បាត់បង់មេដាយសំរិទ្ធ ។
លោក ខេស៊ី បាណេត (Casey Barnett) អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និង ជាអ្នកដឹកនាំក្រុមចំបាប់ បានបញ្ជាក់ថា កីឡាចំបាប់កម្ពុជាមានចូលរួមប្រកួតស៊ីហ្គេម នៅ ប្រទេសវៀតណាម ពេលនេះមានចំនួន១៥នាក់ ក្នុងនោះកីឡាករ ១១នាក់ និងកីឡាការិនី ៤នាក់ ដោយត្រូវបន្តការប្រកួតចំនួន២ថ្ងៃទៀត។ អនុប្រធានរូបនេះ បានបញ្ជាក់ទៀតថា អត្តពលិកចំបាប់កម្ពុជាប្តេជ្ញាបន្តការខិតខំឱ្យអស់លទ្ធភាព ដើម្បីដណ្តើមមេដាយជូនជាតិ ៕ ចាន់ វិចិត្រ