សមត្ថកិច្ចក្របួចបានមុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់

ភ្នំពេញ ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ឃាត់មុខសញ្ញាប្លន់ នៅក្នុងរាជធានីភ្នំពេញម្នាក់នៅចំណុច ផ្ទះបិទស្កុតម៉ូតូ ផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ។

ប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ លី បូរិទ្ធ ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ៣៧MC ក្រុមទី៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពប្លន់ជាច្រើនលើកច្រើនសា។

លើកទី១៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០០:៤៥នាទី នៅចំណុចមុខផ្ទះលេខ៣៥B ផ្លូវ៤១៨ ភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ប្លន់ម៉ូតូម៉ាកស្កូបពី ពណ៌ស សេរីឆ្នាំ២០២២ មិនបានសម្រេច ដោយបាញ់ជនរងគ្រោះចំនួនពីរគ្រាប់ តែមិនត្រូវ។ លើកទី២៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២២:១០នាទី នៅចំណុចមុខផ្ទះលេខ២០B ផ្លូវ២៨៨ ក្រុម៤២ ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ភ្ជង់យកម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ផ្លាកលេខ១DH៤៥០២ និងធុងដឹកជញ្ជូនម៉ាក E-GETS ពណ៌ទឹកក្រូច។ លើកទី៣៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៥:៤៥នាទី នៅចំណុចភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ២ ខណ្ឌមានជ័យ ប្លន់យកម៉ូតូម៉ាកមិត ពណ៌ក្រហម ផ្លាកលេខHZ០៥៣៣។

ក្រោយការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ៖ កាំភ្លើងខ្លី ចំនួនពីរដើម ម៉ាក កា៥៤ មានគ្រាប់ចំនួន១៤គ្រាប់ អាយកូមចំនួនពីរ ម៉ូតូចំនួនពីរគ្រឿង (ម៉ូតូអាយខុន ពណ៌សត្រួយចេក ពាក់ផ្លាកលេខ AR ៩៥៨៩ និង អិចស៊ិចទ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ AV៨៨៨៨)។

បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមច្បាប់៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner