លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល
ខេត្តកណ្តាល ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញគោរពវិញ្ញក្ខន្ធ សព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន នារសៀលថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នីតិកាលទី៦ នៃរដ្ឋសភា បានទទួលមរណភាព នៅវេលាម៉ោង ៦៖១២នាទីល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ ។
មរណភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន គឺជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌របស់កូនៗ និងចៅៗ ដោយមួយជីវិតរបស់ ឯកឧត្តមសន្តិបណ្ឌិត បានបូជាអស់កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូនៗ និងចៅៗឱ្យក្លាយទៅកូនល្អ ចៅល្អ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ មួយរូបដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងរួមចំណែកកសាងសុខសន្តិភាព ការស្ដារ និងអភិវឌ្ឍជាតិមាតុភូមិ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល បានចូលរួមរំលែក នូវមរណទុក្ខជាមួយលោកជំទាវ សម លក្ខិណា ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕ដោយ ថេត វិចិត្រ