សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះារាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលកណ្តាល ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្នុងឱកាសគោរពវិញ្ញាណក្ខន្ធកាលពីព្រឹកថ្ងសទី១៧ខែឧសភានេះសម្តេចចក្រីប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់ឯកឧត្តម សន្តិបណ្ឌិត ឌុល គឿន ដោយបញ្ជាក់ថា នេះមិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការ បាត់បង់នូវ ធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ ជារៀង រហូតមក។

សម្តេចប្រធានរដ្ឋសភាបានឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទៅសោយសុខក្នុងឋានសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៨:១២នាទី ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយជរាពាធ។ សពរបស់ឯកឧត្តមសន្តិបណ្ឌិត ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅភូមិគ្រឹះ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ដោយ៖ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner