បុរសម្នាក់ បើកបររថយន្តកូរ៉េមួយគ្រឿង បុកម៉ូតូពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល ៣នាក់

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តកូរ៉េមួយគ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន បានវ៉ារថយន្តមួយគ្រឿងទៀត ជ្រុលបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ ទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9572 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានវ៉ារថយន្តមួយគ្រឿងទៀត ជ្រុលមកបុកម៉ូតូមួយគ្រឿង ជិះគ្នាពីនាក់ ពាក់ស្លាកលេខ ភ្នំពេញ 1B-5514 យ៉ាងពេញទំហឹង ដែលកំពុងតែធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅបញ្ច្រាស់គ្នា រួចរថយន្តមិនទាន់អស់ល្បឿនជ្រុលទៅបុកសួនផ្កា និងឃឿននៅមុខផ្ទះប្រជាពលរដ្ឋបន្ថែមទៀត បណ្តាលឱ្យរងការខូចខាតរថយន្ត និងម៉ូតូរួមទាំងសួនផ្កា និងឃឿននៅមុខផ្ទះប្រជាពលរដ្ឋយ៉ាងដំណំ និងបានបង្កឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ចំនួន២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកឯ បុរសម្នាក់ ដែលជាតៃកុងរថយន្តបង្ករងរបួសស្រាលបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយខាងកម្លាំងផ្នែកសមត្ថកិត្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកដល់ទីតាំងកើតហេតុខាងលើ រួចក៏បានធ្វើការវាស់វែងយករថយន្តកូរ៉េបង្ក រួមទាំងម៉ូតូរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner