ឯកឧត្តម សាយ សំអាល់ អញ្ជើញចុះបឋមសិលា កសាងអគារបណ្ណាល័យជូនសាលាបឋម និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្រុងព្រះសីហនុ
ព្រះសីហនុ ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះសីហនុបានអញ្ជើញជាអធិបតីក្នុងពិធីចុះបឋមសិលាបើកដំណើរការសាងសង់អគារបណ្ណាល័យមួយក្នុងបរិវេណ សាលាបឋមនិងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានបង្កើតឱ្យមានគណកម្មការពង្រឹងវិស័យអប់រំ មានសមាសភាពចូលរួមពីតំណាងក្រសួងអប់រំផងដែរ ដើម្បីបង្កលក្ខណៈឱ្យសិស្សានុសិស្ស យុវជននៅខេត្ត ព្រះសីហនុមានឱកាសសិក្សាបំប៉នចំណេះដឹងជំនាញវិជ្ជាជីវៈផ្សេងៗសម្រាប់ឱកាសការងារខណៈខេត្តព្រះសីហនុ ត្រូវរាជរដ្ឋាភិបាល បាននិងកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាប៉ូលសេដ្ឋកិច្ច និងជាខេត្តនៃកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម សាយ សំអាល់ ធ្លាប់បានគូសបញ្ជាក់យ៉ាងច្បាស់ នូវការខិតខំធ្វើឱ្យអ្នកខេត្តព្រះសីហនុ ជាពិសេស យុវជនមានឱកាសទទួលបានការងារនិងទទួលផលពីអភិវឌ្ឍនៅទីនេះផ្ទាល់ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារនៅខាងក្រៅឡើយ។
ឯកឧត្តម បានក្រើនរំលឹកយុវជនទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ យកចំណេះ ជំនាញវិជ្ជាជីវៈភាសាសាបរទេស(មានភាសាអង់គ្លេសនិងភាសាចិន)ដើម្បីក្លាយជាធនធានដ៏មានសក្តានុពលសម្រាប់ឱកាសការងារនៅខេត្តព្រះសីហនុដែលជាខេត្តពេញដោយសក្តានុពលសេដ្ឋកិច្ចពហុវិស័យ។
បណ្ណាល័យនេះមានកំពស់ ២ជាន់ ទទឹង ៨ម៉ែត្រ បណ្តោយ ២៥ម៉ែត្រនិងជាន់ ដោយគ្រោងប្រើរយៈពេល ៥ខែ។
បណ្ណាល័យនេះជាចំណងដៃថ្មីដល់សិស្សានុសិស្ស សម្រាប់សិក្សាស្រាវជ្រាវរៀនសូត្រសិក្សាស្រាវជ្រាវសំដៅកសាងធនធានមនុស្សដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ក្រោមដំបូលសន្តិភាព ។ បណ្ណាល័យមានការឧបត្តម្ភ កសាងពីក្រសួងបរិស្ថាន ក្រសួងអប់រំ រដ្ឋាបាលខេត្តព្រះសីហនុ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕ ដោយ ៖ ខៀវ សាវ៉ុន