ឯកឧត្តម សាយ សំអាល់ ៖ បណ្ណាល័យបានដើរតួនាទីយ៉ាង សំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជាសង្គម
ព្រះសីហនុ៖«ជាច្រកផ្លូវទៅកាន់ចំណេះដឹង និងវប្បធម៌ បណ្ណាល័យ បានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋាននៅក្នុងការសិក្សា ក៏ដូចជា សង្គម»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះសីហនុ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធី ក្រុង ពាលី ដើម្បីសាងសង់បណ្ណាល័យ នៅសាលាបឋមសិក្សា និង វិទ្យាល័យហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ។
ពិធីក្រុងពាលីដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម តឹករ៉េត សំរេច ឯកឧត្តម លូ គឹមឈន់ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមកាងារ លោកគ្រូ អ្នកគ្រូ ក្រុមយុវជនកាក បាក ក្រហមកម្ពុជា យុវជនកាយាឫទិ្ធ សិស្សានុសិស្សនៃ សាលាបឋម សិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព យ៉ាងច្រើនកុះករ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា បណ្ណាល័យជាកន្លែង បង្កើត ឱកាសសម្រាប់សិស្ស និស្សិត ធ្វើការសិក្សា ស្រាវជ្រាវ និងជួយ បង្កើតគំនិត និងទស្សនៈថ្មីៗ ដែលជាចំណុចស្នូលនៃសង្គម ប្រកបដោយភាពច្នៃប្រឌិត និងទំនើបកម្ម។
បណ្ណាល័យដែលជាចំណងដៃថ្មីសម្រាប់សិស្សានុសិស្សសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព មានបណ្តោយ២៥ម៉ែត្រ ទទឹង៨ម៉ែត្រ កម្ពស់២ជាន់ ហើយនឹងត្រូវចំណាយពេលសាង សង់ ជាងប្រាំខែ ក្រោមការឧបត្ថម្ភកសាងដោយក្រសួងបរិស្ថាន រដ្ឋបាល ខេត្ត ព្រះសីហនុ ក្រសួងអប់រំ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕
ដោយ៖សម្បត្តិ