ថវិកាមួយចំនួន និងម៉ាស់ចាក់ដោយដៃរបស់លោកយាយ ដោ ព្រឿង ជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិក បានផ្ញើតាមរយៈសម្តេចតេជោ ហ៊ុន សែន ត្រូវបានមន្ត្រីខុទ្ទកាល័យសម្ដេច ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ ថវិកាចំនួន ២.០០០ដុល្លារអាមេរិក(ពីរពាន់ដុល្លារ) និងម៉ាសក្រណាត់ដែលដេរផ្ទាល់ដៃចំនួន ៥៦ម៉ាស របស់លោកយាយ ដោ ព្រឿង និងកូនស្រី នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានផ្ញើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួយប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ជំនួសលោកយាយផង ដើម្បីប្រើប្រាស់ក្នុងកម្មភាពព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយមិនគិតថ្លៃ។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ជា យុពា ក្រុមពិធីការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអំណោយលោកយាយ ដោ ព្រឿង ទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ដៃ។
តាមរយៈសារតាមវីដេអូខ្លី លោកយាយ ដោ ព្រឿង បានគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីការកាប់សម្លាប់ និងអរគុណសម្តេចដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិ ហើយបានសំណេះសំណាល សាកសួរសុខទុក្ខ ដោយភាពស្និទ្ធស្នាលជាមួយបងប្អូនខ្មែររស់នៅអាមេរិក-កាណាដា ។
លោកយាយ ក៏បានអរគុណសម្តេចដែលបានដឹកនាំកម្ពុជាប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងជូនពរសម្តេច និងក្រុមគ្រួសារ ឲ្យមានសុខភាពល្អ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និិងបន្តដឹកនាំកម្ពុជាបន្តទៅទៀត។
គួរបញ្ជាក់ថា លោកយាយ ដោ ព្រឿង អាយុ ៨៤ ឆ្នាំ សព្វថ្ងៃរស់នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ជាមួយកូនស្រី ។ លោកយាយមានកូន៦នាក់ ប្រុស ០៣នាក់ ស្រី ០៣នាក់ មកដល់សហរដ្ឋអាមេរិក ខែកញ្ញា ឆ្នាំ ១៩៨០ ជាជនភៀសខ្លួន ឆ្លងកាត់ការរស់នៅក្នុងជំរំខៅអ៊ីដាង ប្រទេសថៃ។ ពេលមកដល់ អាមេរិក លោកយាយ រស់នៅរដ្ឋវីជីញ៉ា (Virginia) រួចផ្លាស់ទីមករស់នៅទីក្រុងឡូវែល ក្នុងឆ្នាំ ១៩៨៩ ។ លោកយាយពុំធ្លាប់ធ្វើការទេ ពេលមកដល់សហរដ្ឋអាមេរិក តែបានជួយមើលថែទាំកូនចៅរហូតមកដល់បច្ចុប្បន្ន ។
លោកយាយស្រលាញ់សម្តេចតេជោខ្លាំងណាស់។ គាត់ធ្លាប់ប្រាប់កូនចៅជាច្រើនលើកថា បំណងប្រាថ្នាចុងក្រោយរបស់គាត់គឺចង់ជួបសម្តេចតេជោដោយផ្ទាល់ ដើម្បី អរគុណសម្តេចដែលបានជួយជីវិតលោកយាយ និងក្រុមគ្រួសារពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្រុមគ្រួសារលោកយាយទាំងមូលស្ទើរតែត្រូវបានគេសំលាប់ផុតពូជ។
ជាភ័ព្វសំណាង បន្ទាប់ពីធ្វើដំណើរជាង ១០ម៉ោងតាមរថយន្ត លោកយាយបានជួបសម្តេចតេជោដោយផ្ទាល់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ ធ្វើឱ្យបំណងប្រាថ្នាលោកយាយក្នុងដំណាក់កាលចុងក្រោយនៃជីវិតបានសម្រេច។
លើសពីនេះទៅទៀត ដោយពុំឱ្យកូនចៅទាំងអស់ដឹង លោកយាយបានសន្សំប្រាក់ផ្ទាល់ខ្លួន លាក់ក្នុងស្រោមសំបុត្រចំនួន ២ពាន់ដុល្លារ ជូនសម្តេចតេជោដោយផ្ទាល់ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោយយាយក៏បានចំណាយពេលដេរម៉ាស់ពីក្រណាត់សូត្រនិងហូលផាមួងខ្មែរ ដោយផ្ទាល់ដៃបានចំនួន ៥៦ម៉ាស់ ជូនសម្តេចតេជោដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីត ១៩ នៅកម្ពុជា ។ នេះជាកាយវិការនិងទឹកចិត្ត មួយគួរអោយស្ញប់ស្ញែងណាស់ និងសូមអរគុណលោកយាយ ៕ ដោយ វណ្ណលុក