មួយថ្ងៃវាយប៊ូលពី៨០ទៅ១០០ គ្រាប់ នេះជាមូលហេតុដែលធ្វើអោយគូប៉េតង់បុរស-នារីកម្ពុជាឈ្នះមេដាយមាសស៊ីហ្គេម
ហាណូយ៖ អត្តពលិកកីឡាប៉ូល និងប៉េតង់ជម្រើសជាតិកម្ពុជាគឺកីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា បានឈ្នះមេដាយមាសលើវិញ្ញាសាវាយគូបុរស-នារី បន្ទាប់ពីបានយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាមដោយពិន្ទុ ១៣-៤ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នាល្ងាចថ្ងៃអង្គារ៍ ទី១៧ ខែឧសភា។
ការឈ្នះមេដាយមាសនេះ កីឡាករ និងកីឡាការិនីទាំងពីររូបបានបង្ហើបពីមូលហេតុសំខាន់ៗដែលបានជំរុញឲ្យអ្នកទាំងពីរបានឈានដល់វគ្គផ្តាច់ព្រ័ត្រ និងរហូតទទួលបានជ័យជម្នះ។
កីឡាការិនី វង ចន្ថា បានប្រាប់ថា ៖«យើងសហការគ្នាបានល្អ។ គាត់ (ស៊ិន វង់) វ៉ៃត្រូវ ខ្ញុំចូលបាន។ ជាពិសេស គ្រូបង្វឹកបានខិតខំបង្ហាត់យើងខ្ញុំខ្លាំងណាស់។ ពួកគាត់ឲ្យហាត់វ៉ៃរាល់ព្រឹក ក្នុងមួយៗព្រឹក យ៉ាងតិច៨០ទៅ១០០គ្រាប់។ គាត់ (ដៃគូ) ពង្រឹងជំនាញវ៉ៃ ហើយខ្ញុំព្យាយាមចូលឲ្យស្អាត»។
កីឡាការិនី រូបនេះ បន្តថា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមម៉ាឡេស៊ី បាននាំមុខក្រុមកម្ពុជាដោយពិន្ទុ ៦-០ មុន ប៉ុន្តែអត្តពលិកកម្ពុជាទាំងពីររូបបានវាយបករហូតទទួលបានជ័យជម្នះដោយលទ្ធផល ១៣-៨ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ជ័យជម្នះនេះ វង ចន្ថា បានលើកឡើងថា ៖«ពីដំបូង យើងខំប្រឹងពេក ទៅជាចូលប៉ូលអត់ល្អ។ ដល់ពេលខ្ញុំគិត យើងមានសំរឹទ្ធក្នុងដៃហើយ ខ្ញុំត្រូវតែព្យាយាមដើម្បីយកមេដាយមាសទៀត»។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាហាក់មានទំនុកចិត្តខ្លាំងជាងកាលប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពីព្រោះកាលវគ្គសន្សំពិន្ទុក្នុងពូល ក្រុមកម្ពុជាធ្លាប់បានឈ្នះម្ចាស់ផ្ទះវៀតណាមម្តងហើយ។
វង ចន្ថា បង្ហាញអារម្មណ៍ថា ៖«ជួបវៀតណាមវគ្គផ្តាច់ព្រ័ត្រមានទំនុកចិត្តជាងកាលប្រកួតវគ្គសន្សំពិន្ទុក្នុងពូល។ ដោយសារយើងធ្លាប់ឈ្នះម្ចាស់ផ្ទះម្តងហើយកាលវគ្គសន្សំពិន្ទុ ដូច្នេះវគ្គផ្តាច់ព្រ័ត្រ យើងកាន់តែមានសង្ឃឹមក្នុងការយកឈ្នះ។ ខ្ញុំមានទំនុកចិត្តខ្ពស់ គឺយើងយកមេដាយមាសឲ្យបានសម្រាប់ជូនជាតិមាតុភូមិកម្ពុជាយើង»។
គួរបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមវៀតណាមឈ្នះក្រុមថៃ ១៣-០ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រជួបកម្ពុជា។ កីឡាការិនីកម្ពុជារូបនេះបន្តទៀតថា ៖«មានអារម្មណ៍ថា សប្បាយពេលឃើញម្ចាស់ផ្ទះខ្វែងជាមួយថៃ ហើយឃើញម្ចាស់ផ្ទះវ៉ៃថៃសិតសូន្យ។ ប្រកួតរបស់ខ្ញុំអត់ទាត់ចប់ទេ ពេលខ្ញុំក្រឡេងទៅមើលថៃឃើញវៀតណាមនាំមុខដាច់ ធ្វើឲ្យខ្ញុំសង្ឃឹមហ្មង់។ ខ្ញុំពីរនាក់ដៃគូសង្ឃឹមយកមេដាយមាសតែម្តង»។
ចំណែក កីឡាករ ស៊ិន វង់ រឹតតែសប្បាយចិត្តសម្រាប់ការចូលរួមប្រកួតស៊ីហ្គេមលើកដំបូងរបស់ខ្លួន និងមានការជឿជាក់ក្នុងការចាប់គូជាមួយកីឡាការិនី វង ចន្ថា។
ស៊ិន វង់ បានរៀបរាប់ថា ៖«ខ្ញុំធ្លាប់ចេញក្រៅប្រទេសពីរដងដែរ តែប្រកួតស៊ីហ្គេមនេះ លើកដំបូងរបស់ខ្ញុំ ហើយនេះក៏ជាការឈ្នះមេដាយមាសលើកដំបូងរបស់ខ្ញុំដែរ។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងមែនទែន។ ចាប់ដៃគូជាមួយគាត់ (វង ចន្ថា) ពេលឈ្នះពីរប្រកួតដំបូងធ្វើឲ្យខ្ញុំមានអារម្មណ៍សង្ឃឹមខ្លាំង។ ខ្ញុំសង្ឃឹមបានមេដាយតែម្តង។ យើងលេងយល់ចិត្តគ្នាប៉ុណ្ណឹង យើងនឹងបានមេដាយមាស។ ឥឡូវ យើងបានមាសមែន»។
ជាមួយគ្នានេះ អត្តពលិកកម្ពុជាក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាពិសេសដល់ប្រតិភូ និងអត្តពលិកកម្ពុជាទៅស៊ីហ្គេមនៅវៀតណាម។
វង ចន្ថា មានប្រសាសន៍ថា ៖«ជាចុងបញ្ចប់ ខ្ញុំសូមគោរពដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានយកចិត្តទុកដាក់ជំរុញកីឡាយ៉ាងខ្លាំង។ ជាពិសេសរៀបចំឲ្យជិះយន្តហោះទៅដល់ផ្ទាល់ តែ២ម៉ោងដល់តែម្តង»។ ចុងក្រោយកីឡាការិនីរូបនេះក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរឲ្យជំរុញកូនៗឲ្យបានចូលរួមលេងកីឡាម្នាក់ឲ្យបានមួយប្រភេទ៕ ចាន់ វិចិត្រ