ឯកអគ្គរដ្ឋទូតបារាំងសម្តែងការអបអរសាទរចំពោះកម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខមួយនៅក្នុងពិភពលោកលើការប្រយុទ្ធ និងគ្រប់គ្រងជំងឺកូវីដ-១៩
ភ្នំពេញ៖ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលជាប្រទេសទទួលបានចំណាត់ថ្នាក់ឈានមុខមួយនៅក្នុងពិភពលោកលើការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រួមជាមួយនឹងការអបអរសាទរផងដែរជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលទើបទទួលបាននូវគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចូលរួមចំណែកបំពេញភារកិច្ចប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ។
ការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ហើយមកទល់ពេលនេះប្រទេសទាំងពីរ ក៏មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋបារាំង ដែលកន្លងមកតែងបានជួយជ្រោមជ្រែងកម្ពុជាលើកិច្ចការសំខាន់ៗជាច្រើន រួមមាន៖ ការបង្រួបបង្រួមជាតិកម្ពុជាតាមរយៈតួនាទីជាសហប្រធានសន្និសីទទីក្រុងប៉ារីស ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមកកម្ពុជា ការផ្តល់ជំនួយអភិវឌ្ឍន៍ និងអាហារូបករណ៍ដល់និស្សិតកម្ពុជា ការអភិវឌ្ឍន៍វិស័យច្បាប់ រួមទាំងថវិកាសម្រាប់តុលាការកាត់ទោសខ្មែរក្រហម ការជួយដល់ដំណើរការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក ការផ្តល់ថវិកាសម្រាប់គម្រោងស្រាវជ្រាវជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្រការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងកិច្ចខិតខំប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរកដំណោះស្រាយសន្តិវិធីសម្រាប់បញ្ហាមីយ៉ាន់ម៉ា។
ចំពោះកិច្ចសហប្រតិបត្តិការយោធា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ ដែលស្តែងឡើងតាមរយៈកិច្ចព្រមព្រៀងជាច្រើនទាំងកម្រិតរដ្ឋាភិបាល និងកម្រិតក្រសួងការពារជាតិ ហើយតាមរយៈមូលដ្ឋានទាំងនេះ សកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានអនុវត្ត ជាអាទិ៍៖ ដំណើរការលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ និងការចូលចតនាវា ការផ្តល់ជំនួយយោធា និងការបណ្តុះបណ្តាលធនធានមនុស្សជំនាញយោធា ជំនាញប្រតិបត្តិការថែរក្សាសន្តិភាព និងភាសាបារាំង ជាដើម ជាពិសេសការឧបត្ថម្ភគាំទ្រដល់សាលានាយទាហានសកម្ម និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវមោទនភាពចំពោះទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-បារាំង ជាពិសេសក្នុងឆ្នាំ២០២២នេះផ្ទាល់ ដែលខួបទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបទី៣០ឆ្នាំ នៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់បារាំងនៅកម្ពុជា។ ឯកឧត្តម បានបង្ហាញការកត់សម្គាល់ថា កម្ពុជាជាប្រទេសដែលមានបទពិសោធន៍យ៉ាងជូរចត់ក្នុងនាមជាជនរងគ្រោះដោយសារសង្គ្រាមរ៉ាំរ៉ៃ ប៉ុន្តែឥឡូវកម្ពុជាមានកងទ័ពប្រកបដោយសមត្ថភាពខ្ពស់ទាំងលើជំនាញ PKO និងផ្នែកភាសាបារាំងរាប់ពាន់នាក់ដែលបាន និងកំពុងបំពេញភារកិច្ចនៅក្នុងបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ហើយក្នុងនោះអ្វីដែលជាមោទនភាពបំផុត គឺកងម្លាំងមួកខៀវរបស់កម្ពុជា មានស្ត្រីរហូតដល់ ១៩% ដែលជាប្រការល្អហួសពីការរំពឹងទុករបស់អង្គការសហប្រជាជាតិទៅទៀត។ សំខាន់ គឺកងកម្លាំងជាស្ត្រីទាំងអស់នេះ ពិតជាមានសារៈសំខាន់ និងកំពុងមានតម្រូវការច្រើន ដោយហេតុថា ភាគច្រើននៃជនរងគ្រោះនៅក្នុងបណ្តារដ្ឋដែលកំពុងមានសង្គ្រាម គឺជាស្ត្រី ដូច្នេះជាការចាំបាច់ដែលស្ត្រីអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយស្រ្តី។ ជាទិសដៅទៅមុខ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈ និងចំណាប់អារម្មណ៍ស្វាគមន៍ទៅវិញទៅមក ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរឱ្យបានកាន់តែសកម្មបន្ថែមទៀត ជាពិសេសការគិតគូរអំពីការចាប់ផ្តើមកសាងទំនាក់ទំនងដោយផ្ទាល់រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលអាចជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាសាកល និងតំបន់មួយចំនួន ដោយបានកត់សម្គាល់អំពីសារៈសំខាន់ និងភាពចាំបាច់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ទាំងអស់គ្នា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត