ឯកឧត្តម យ៉ង សែម ជួបសំណេះសំណាល ជាមួយ អតីតយុទ្ធជន ចាស់ជរា និងជនពិការ នៅក្រុងក្រចេះ
ក្រចេះ ៖ ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មាការទី១ នៃព្រឹទ្ធសភាបានដឹកនាំប្រតិភូជួបសំណេះសំណាលសាក សួរសុខទុក្ខអតីតយុទ្ធជន និវត្តជន ចាស់ជរា ជនពិការ និងយុវជន ក្រុងក្រចេះ នៅសាលមហោស្រពខេត្ត នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម យ៉ង់ សែម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសារអតីតយុទ្ធជន និវត្តន៍ជន ចាស់ជរា ជនពិការ និងយុវជនទាំងអស់ដែលបានតស៊ូ លះបង់កម្លាំងកាយ-ចិត្ត ក្នុងការកសាងបម្រើជាតិមាតុភូមិ និងការពារសុខសុវត្ថិភាពជូនប្រជាជាតិក្នុងពេលជម្ងឺកូវីដ-១៩ រាលត្បាតជាសកល ។
ឯកឧត្តម មានប្រសាសន៍ថា សមិទ្ធផលកំពុងមានសព្វថ្ងៃនេះ គឺជាផលកើតចេញពីការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់និវត្តជន និងអតីត យុទ្ធជនទូទាំងប្រទេស ដែលបានរួមគ្នាកសាងជាតិ តាំងពីប្រទេសស្ថិតក្នុងស្ថានភាពលំបាកក្រីក្រ រហូតមានសន្តិភាព និងការអភិវឌ្ឍសម្រាប់អ្នកជំនាន់ក្រោយដូចដែលគ្រប់គ្នាបានឃើញនាពេលនេះ ។
ដើម្បីឆ្លើយតបទៅគុណបំណាច់ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសគ្រួសារអតីតយុទ្ធជន និវត្តន៍ជន ចាស់ជរា ជនពិការ និងយុវជន ដែលមានជីវភាពខ្វះខាត និងជួបបញ្ហាផ្សេងៗតាមរយៈគោលនយោបាយ ការផ្ដល់ប្រាក់សោធននិវត្តន៍ និងបេឡាជាតិរបបសន្តិសុខសង្គម ដែលនេះជាការបញ្ជាក់ថា ទោះឋិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាគឺមិនបានបោះបង់គ្នាចោលឡើយ ៕ ដោយ ម៉េង គាង







