ប្រជាពលរដ្ឋចំនួន ៧៧៨គ្រួសារ នៅខេត្តរតនគរី បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
រតនគុរី ៖ ក្នុងបេសកកម្មរយៈពេល ៣ថ្ងៃ នៅលើទឹកដីនៃខេត្តរតនគិរី កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ បានផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ជរាក្រីក្រ អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនមានពិការភាព ស្ត្រីមេម៉ាយមានជីវភាពខ្វះខាត និងគ្រួសារទីទ័លក្រ សម្រាប់ ៣៩០គ្រួសារ រស់នៅក្នុងភូមិចំនួន២៤ នៃស្រុកអូរយ៉ាដាវ (ឃុំលំជ័រ និងឃុំយ៉ាទុង) ស្រុកអណ្តូងមាស (ឃុំតាឡាវ និងឃុំញ៉ាង) នៃខេត្តរតនគិរី ។
ក្នុងរយៈពេលមួយថ្ងៃ នៅលើទឹកដីខេត្តរតនគិរីនេះ សរុបជារួមក្រុមការងារបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥ទីតាំងផ្សេងគ្នា៖ ពេលព្រឹក ទីតាំងទី១ សម្រាប់ប្រជាពលរដ្ឋ ១១២គ្រួសារ នៅឃុំលំជ័រ ទីតាំងទី២ និងទី៣ សម្រាប់ប្រជាពលរដ្ឋ ៨៨គ្រួសារ នៅឃុំយ៉ាទុង នៃស្រុកអូរយ៉ាដាវ។ ពេលរសៀលទីតាំងទី៤សម្រាប់ប្រជាពលរដ្ឋ ៩០គ្រួសារ នៅឃុំតាឡាវ ទីតាំងទី៥ សម្រាប់ប្រជាពលរដ្ឋ ១០០គ្រួសារ នៅឃុំញ៉ាង នៃស្រុកអណ្តូងមាស ។ ហើយប្រជាពលរដ្ឋដែលបានមកទទួលអំណោយទាំង៥ទីតាំងនេះ ស្ទើតែទាំងអស់ជាជនជាតិ ចារ៉ាយ ទំពួន កាចក់ ឡាវ និងខ្មែរឥស្លាម។
ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា មានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋ ដែលបានចូលរួមនៅទីតាំងទាំង៥ខាងលើ ដោយបានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ពីក្តីអាណិតស្រឡាញ់ និងនឹករលឹកជាទីបំផុត។
ឯកឧត្តមវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក៏ដូចជាសប្បុរសជននានាផ្សេងទៀតដែលតែងតែចូលរួមជាសម្ភារៈ និងថវិកាសម្រាប់សកម្មភាពមនុស្សធម៌ ជាពិសេស ព្រះរាជបត្ថម្ភដ៏ឧត្តុងឧត្តមរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះ
បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀងរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ ដើម្បីឲ្យកាកបាទក្រហមកម្ពុជា អាចបន្តសកម្មភាពមនុស្សធម៌បានកាន់តែប្រសើរ។
ទន្ទឹមនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ មានអនាម័យក្នុងការរស់នៅ និងប្រុង
ប្រយ័ត្នចំពោះអាកាសធាតុ ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។
សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជា បានទទួលពីសប្បុរសជនក្នុងទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ី
អ៊ីវ១យួរ, ជែលលាងដៃ១ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ដោយឡែកចំពោះចាស់ឥតទីពឹង ស្ត្រីមេម៉ាយ និងជនមានពិការភាព ទទួលបានថវិកាបន្ថែមមួយចំនួនទៀត ៕ ដោយ គតិ យុត្ត