ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
ភ្នំពេញ៖ ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។
កិច្ចប្រជុំព្រឹទ្ធសភាក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានកូរ៉ុមសមាជិក សមាជិកាព្រឹទ្ធសភា ចូលរួមចំនួន៥៩រូប។ បន្ទាប់ពីចប់សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ឯកឧត្តម ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៏ឱ្យដឹងថា សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី១៨ ខែឧសភានេះ បានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារដោយបានអនុម័តគាំទ្រដោយសំឡេង៥៩លើ៥៩សំឡេង។
ផ្អែកតាមស្មារតី នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ និងត្រូវបានសិក្សា និងពិនិត្យឡើងវិញ ដោយធ្វើការគិតគូរផ្អែកលើកត្តាមួយចំនួន ដែលរួមមានចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចដាក់ចេញនូវអនុក្រឹត្យស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលជាធរមាន។
ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលជាច្បាប់រៀបចំអង្គការរយៈពេលប្រមាណ១៤ឆ្នាំកន្លងទៅនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនមានជាអាទិ៍ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាច និងការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើតឡើងនូវរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើវិមជ្ឈ ការហិរញ្ញវត្ថុ ការផ្ទេរមុខងារក្នុង ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ការផ្ទេរបុគ្គលិក និងការកសាងសមត្ថភាពដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធផែនការអភិវឌ្ឍកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ចំណែកសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ផ្ដល់សារៈសំខាន់ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូប អាហារមានសុវត្ថិភាព និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានជាតិជាធរមាន សំដៅលើកកម្ពស់សុខុមាលភាព និងប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត នៅក្នុងបរិបទនៃពាណិជ្ជកម្ម ម្ហូប អាហារអន្តរជាតិ តម្រូវឱ្យមានការអនុវត្តនូវវិធាន ការអនាម័យនិងភូតគាមអនាម័យ និងរបាំងបច្ចេកទេស ចំពោះពាណិជ្ជកម្ម ដែលជាវិធានការប្រកប ដោយប្រសិទ្ធភាពសម្រាប់កម្ពុជារៀបចំប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់ខ្លួនដោយផ្អែកតាមគោលការណ៍អភិក្រមហានិភ័យ ដើម្បីទាក់ទាញវិនិយោគ ជំរុញប្រសិទ្ធភាពនៃការធ្វើ ពិពិធកម្មនាំចេញម្ហូប អាហារ និងធានាបាននូវការប្រកួតប្រជែងប្រកប ដោយសមធម៌និងយុត្តិធម៌ ក្នុងវិស័យផលិតកម្ម និងពាណិជ្ជកម្មម្ហូបអាហារ៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា