លោក ហ្សេលេនស្គី ធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំបារាំង និងអាល្លឺម៉ង់
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃអង្គារសប្តាហ៍នេះបានពិភាក្សាគ្នាតាមទូរស័ព្ទដាច់ដោយឡែកជាមួយអធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលហ៍ និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង។
នៅក្នុងការសន្ទនារបស់ខ្លួនជាមួយមេដឹកនាំអាល្លឹម៉ង់ លោក ហ្សេលេនស្គី បានសរសេរសារនៅលើ Twitter ថា លោកបានពិភាក្សាអំពីស្ថានភាពនៅតំបន់ជួរមុខ, ទស្សនវិស័យសម្រាប់សន្តិភាព និងការដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ជុំវិញជម្លោះជាមួយអ៊ុយក្រែន។
ដោយឡែក នៅក្នុងកិច្ចពិភាក្សាជាមួយលោក ម៉ាក្រុង វិញ លោក ហ្សេលេនស្គី បានជូនដំណឹងដល់មេដឹកនាំបារាំងរូបនេះ អំពីដំណើរនៃអរិភាពក្នុងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងប្រតិបត្តិការជួយសង្គ្រោះយោធាចេញពីរោងចក្រដែកថែប អាហ្សូវស្តល់ ក៏ដូចជាចក្ខុវិស័យនៃការរំពឹងទុកនៃដំណើរការចរចាជាមួយរុស្ស៊ី។
ជាមួយគ្នានេះ លោក ម៉ាក្រុង និងលោក ហ្សេលេនស្គី ក៏បានពិភាក្សាអំពីការគាំទ្រផ្នែកការពារជាតិដល់អ៊ុយក្រែន និងការរៀបចំកញ្ចប់ទណ្ឌកម្មទី៦ប្រឆាំងនឹងរុស្ស៊ី ព្រមទាំងមធ្យោបាយតាមដែលអាចធ្វើទៅបាន ក្នុងការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន។
បន្ថែមលើនេះ មេដឹកនាំទាំងពីរក៏បាននិយាយអំពីបញ្ហាការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់អ៊ុយក្រែន និងការដាក់ពាក្យសុំរបស់អ៊ុយក្រែនសម្រាប់ឋានៈបេក្ខជនជាសមាជិកសហភាពអឺរ៉ុបផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា