លោក ចូ បៃដិន គ្រោងជួបជាមួយមេដឹកនាំស៊ុយអែត-ហ្វាំងឡង់ ខណៈប្រទេសទាំងពីរនឹងដាក់ពាក្យសុំចូល NATO នៅថ្ងៃពុធសប្តាហ៍នេះ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងអញ្ជើញនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី ម៉ាកដាឡេណា អាន់ឌឺសសុន និងប្រធានាធិបតីហ្វាំងឡង់លោក សៅលី នីនីស្ដូ ទៅកាន់សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
សេតវិមានបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃអង្គារថា ក្រុមមេដឹកនាំនឹងពិភាក្សាអំពីពាក្យសុំចូលអង្គការ NATO របស់ប្រទេសទាំងពីរ ព្រមទាំងសន្តិសុខអឺរ៉ុប ខណៈពួកគេបាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានផ្លាស់ប្តូរបរិយាកាសសន្តិសុខជាមូលដ្ឋាន។
បើតាមលោកស្រី អាន់ឌឺសសុន ស៊ុយអែត និងហ្វាំងឡង់គ្រោងដាក់ពាក្យសុំចូលជាសមាជិកបក្សសម្ព័ន្ធយោធា NATO ព្រមគ្នា នៅថ្ងៃពុធសប្ដាហ៍នេះ។ លោកស្រី អាន់ឌឺសសុន បានធ្វើការកត់សម្គាល់បែបនេះ នាឱកាសធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីហ្វាំងឡង់ ដែលបំពេញទស្សនកិច្ចនៅស៊ុយអែត។
ទន្ទឹមនឹងការប្រកាសខាងលើនេះដែរ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ភាគច្រើនបានគាំទ្រឱ្យប្រទេសទាំងពីរចូល NATO ប៉ុន្តែតួកគីបានជំទាស់ ហើយការជំទាស់នេះអាចនឹងក្លាយជាឧបសគ្គធំសម្រាប់ស៊ុយអែត និងហ្វាំងឡង់ ព្រោះសមាជិក NATO នីមួយៗសុទ្ធតែមានសិទ្ធិវេតូ៕ ប្រភព៖ NHK និងស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា