ចារកម្មរុស្ស៊ី៖ សហរដ្ឋអាមេរិកជ្រើសរើសក្រុមភេវរជនរដ្ឋឥស្លាម ISIS ឱ្យប្រយុទ្ធនៅអ៊ុយក្រែន
ម៉ូស្គូ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បានអះអាងក្នុងថ្ងៃអង្គារថា សហរដ្ឋអាមេរិកបាននិងកំពុងជ្រើសរើសយ៉ាងសកម្មនូវក្រុមភេរវករដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ដោយនិយាយថា ទង្វើនេះបានបង្ហាញពីការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីសម្រេចបាននូវគោលដៅភូមិសាស្ត្រនយោបាយរបស់ខ្លួន។
ទីភ្នាក់ងារ SVR បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើតាមការស៊ើបការណ៍សម្ងាត់ដែលខ្លួនកំពុងទទួលបាននោះ សហរដ្ឋអាមេរិកកំពុងជ្រើសរើសយ៉ាងសកម្មសូម្បីតែសមាជិកនៃអង្គការភេរវករអន្តរជាតិ រួមទាំងក្រុមរដ្ឋអ៊ីស្លាម (ISIS) ដែលរុស្ស៊ីហាមឃាត់ ក្នុងនាមជាទាហានស៊ីឈ្នួលឱ្យចូលរួមក្នុងអរិភាពនៅអ៊ុយក្រែន។ សេវាស៊ើបការណ៍សម្ងាត់រុស្ស៊ីបានចង្អុលទៅមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសស៊ីរី ដែលហៅឈ្មោះថា អាល់ តានហ្វ (al-Tanf) ដែលមានទីតាំងនៅជិតព្រំដែនជាមួយហ្ស៊កដានី និងអ៊ីរ៉ាក់។
យោងតាមប្រភពរបស់ខ្លួន មូលដ្ឋានខាងលើនេះ និងតំបន់ជុំវិញបានប្រែក្លាយទៅជាប្រភេទនៃមជ្ឈមណ្ឌលរបស់ពួកភេរវករ ជាទីដែលក្រុម ISIS រហូតដល់ទៅ ៥០០នាក់ និងក្រុមជីហាដផ្សេងទៀតអាចត្រូវបានហ្វឹកហាត់ឡើងវិញក្នុងពេលដំណាលគ្នា។
SVR បានអះអាងថា កាលពីខែមុន ក្រុម ISIS ៦០នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារ ដែលគ្រប់គ្រងដោយជនជាតិឃឺដស៊ីរី ត្រូវបានផ្ទេរទៅកាន់មូលដ្ឋាន អាល់ តានហ្វ ក្នុងគោលបំណងដើម្បីផ្ទេរជាបន្តបន្ទាប់ទៅកាន់ទឹកដីអ៊ុយក្រែន។
SVR បន្ថែមទៀតថា ក្នុងវគ្គបណ្តុះបណ្តាលនៅ អាល់ តានហ្វ ពួកសកម្មប្រយុទ្ធត្រូវបានណែនាំអំពីរបៀបប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ ការឈ្លបយកការណ៍ និងយន្តហោះគ្មានមនុស្សបើក ការទំនាក់ទំនងកម្រិតខ្ពស់ និងឧបករណ៍ឃ្លាំមើលជាដើម៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា