ប្រមុខការទូតរុស្ស៊ី៖ អ៊ុយក្រែនស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក និងអង់គ្លេស
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បានអះអាងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចក្រភពអង់គ្លេស-សហរដ្ឋអាមេរិកបាននិងកំពុងអនុវត្តការគ្រប់គ្រងរបស់ពួកគេទៅលើអ្នកចរចាអ៊ុយក្រែន ក្នុងគោលបំណងអូសទាញជម្លោះ ហើយគោលនយោបាយបែបនេះ បាននាំឱ្យមានការផ្អាកកិច្ចចរចាសន្តិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ។
ប្រមុខការទូតរុស្ស៊ីរូបនេះបានថ្លែងក្នុងកម្មវិធីម៉ារ៉ាតុងអប់រំ ញូ ហឺរីហ្សូនស៍ (New Horizons) ថា អ៊ុយក្រែនប្រហែលជាបានធ្វើការសម្រេចចិត្តដោយខ្លួនឯងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៅពេលដែលខ្លួនបានបង្កើតឡើងនូវគោលការណ៍ដែលអាចទទួលយកបាន សម្រាប់ការឈានដល់កិច្ចព្រមព្រៀង ក្នុងកំលុងការចរចាជាមួយរុស្ស៊ី។
លោក ឡារូវ បន្ថែមថា គំនិតទាំងនេះទំនងជាមិនត្រូវបានគាំទ្រដោយលោកខាងលិចនោះទេ និងថា យើងមានព័ត៌មានដែលចូលមកតាមរយៈបណ្តាញផ្សេងៗដែលបញ្ជាក់ថា អាមេរិក ជាពិសេសអង់គ្លេសបានដឹកនាំអ្នកចរចាអ៊ុយក្រែន និងគ្រប់គ្រងសេរីភាពរបស់ពួកគេ។
យ៉ាងណាមិញ លោក ឡារូវ មានការងឿងឆ្ងល់ថា ការផ្ទេរកិច្ចសន្ទនាទៅកម្រិតទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងឡុងដ៍ នឹងអាចផ្លាស់ប្តូរអ្វីមួយក្នុងលក្ខខណ្ឌនៃវឌ្ឍនភាព។ ផ្ទុយទៅវិញ ទាំងទីក្រុងឡុងដ៍ វ៉ាស៊ីនតោន និងទាំងប្រទេសលោកខាងលិចទាំងមូលមិនបានដាក់សំណើណាមួយឡើយ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា